ព័ត៌មានកីឡាអន្តរជាតិ
(English) Cristiano Ronaldo គឺជាកីឡាករតែម្នាក់គត់ដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិបានច្រីនជាងគេបង្អស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Givemesport.com ។ ប្រភពព័ត៌មានខាងលើដដែលបានឱ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់បានចូលប្រឡូកនៅលើឆាកអន្តរជាតិ តាំងពីថ្ងៃទី ២០សីហា ២០០៣ រហូតមកដល់បច្ចុប្បន្នុ ជាមួយនឹងការបង្ហាញខ្លួនសរុបចំនួន ២១៧ បំបែកកំណត់ត្រាចាស់របស់កីឡាករគុយវ៉ែត Bader Al-Mutawa ដែលបង្ហាញវត្តមានសរុបបានចំនួន ១៩៧ដងក្នុងខែមីនា ឆ្នាំ២០២៣ ជាប់ចំណាត់ថ្នាក់ទី២។
ការបង្ហាញខ្លួនចុងក្រោយរបស់ Ronaldo គឺនៅថ្ងៃទី១៥ វិច្ឆិកា ២០២៤ ខណៈកីឡាកររូបនេះគ្មានតម្រុយចង់ចូលនិវត្តន៍តែចង់រកឱ្យបាន ១០០០ គ្រាប់។ Ronaldo មកទល់ពេលនេះស៊ុតបាន ៩២៨ គ្រាប់។ ចំណែកឯកីឡាករ Soh Chin Ann របស់ប្រទេសម៉ាឡេស៊ីឈរលំដាប់លេខ ៣ បង្ហាញខ្លនបាន ១៩៥ ដងនាំមុខខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដែលមានចំនួន ១៩១ ដង៕
ប្រភព៖ Givemesport.com
(English)
អ្នកគាំទ្ររបស់ក្លិបបិសាចក្រហម Manchester United បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះក្លិបដែលទ្បើងថ្លៃសំបុត្រចំនួន ៥ % ក្នុងរយៈពេល ៣ រដូវកាលចុងក្រោយជាប់ៗគ្នា ដែលក្លិបមានគោលបំណងចង់ក្លាយជានិរន្តរភាពហិរញ្ញវត្ថុ។
តំណាងអ្នកគាំទ្របិសាចក្រហម (MUST) បាននិយាយថា៖ ការទ្បើងថ្លៃសំបុត្រចូលទស្សនានេះ តិចជាងការព្រួយបារម្ភជាជាច្រើន ហើយនៅពេលតម្លៃសំបុត្រ សម្រាប់ក្មេងអាយុក្រោម ១៦ ឆ្នាំ ក៏ត្រូវបានបង្កផងដែរ។ MUST បានបន្តទៀតថា៖ អ្នកគាំទ្រ United បានសម្តែងការខកចិត្តយ៉ាងខ្លាំង ដោយសារក្លិបនៅតែបន្តព្រងើយកន្តើយ ចំពោះតម្លៃសំបុត្រ ចេះតែឡើងថ្លៃឥតឈប់បែបនេះរហូត។
សូមជម្រាបថា ចាប់តាំងពីមហាសេដ្ឋីអង់គ្លេស លោក Sir Jim Ratcliffe និងក្រុមហ៊ុន Ineos របស់លោកចូលកាន់កាប់ក្លិប United កាលពីឆ្នាំមុនមក ពួកគេបានព្យាយាមកែលម្អហិរញ្ញវត្ថុរបស់ក្លិប ប៉ុន្តែការផ្លាស់ប្តូរជាច្រើនមិនមានការគាំទ្រទ្បើយ ដែលបណ្តាលឱ្យមានការតវ៉ាពីអ្នកគាំទ្រ ជាពិសេសនៅក្នុងការប្រកួតក្នុងផ្ទះកាលពីសប្តាហ៍មុនជាមួយនឹងក្រុម Arsenal ៕
ប្រភព៖ BBC
(English) ខ្សែប្រយុទ្ធ Lionel Messi នឹងខកខាន ២ ជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីន សម្រាប់ការប្រកួតជម្រុះ World Cup ដែលត្រូវប៉ះគ្នាជាមួយអ៊ុយរូហ្គាយ និងប្រេស៊ីល ក៏ព្រោះតែរងរបួសសាច់ដុំ។ កីទ្បាករអន្តរជាតិអាហ្សង់ទីនវ័យ ៣៧ ឆ្នាំរូបនេះបានរងរបួសខាងលើ អំទ្បុងពេលក្រុម Inter Miami បានយកឈ្នះលើ Atlanta United ២-១ សម្រាប់ការប្រកួតលីគកំពូលអាម៉េរិក Major League Soccer (MLS) កាលពីថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ខណៈដែល Lionel Messi ក៏រួមចំណែករកបាន ១ គ្រាប់ឱ្យក្រុមផងដែរ។
ក្រោយមក ក្លិប Inter Miami បានបញ្ជាក់ថា៖ អតីតម្ចាស់ពានរង្វាន់ Ballon d’Or ៨ សម័យកាល មានបញ្ហារបួសតិចតួច ទាក់ទងនឹងសាច់ដុំរបស់គេ។ ជាមួយគ្នានោះ ក្រុមជម្រើសជាតិអាហ្សង់ទីន ក៏នឹងអវត្តមានខ្សែប្រយុទ្ធ Paulo Dybala របស់ក្លិប Roma និងខ្សែការពារ Gonzalo Montiel របស់ក្លិប River Plate ដោយសាររបួសផងដែរ៕ គួរបញ្ជាក់ថា សម្រាប់ការប្រកួតជម្រុះ World Cup របស់ក្រុមជម្រើសជាតិអាហ្សង់ទីន ត្រូវលេងតទល់នឹងអ៊ុយរូហ្គាយ នៅក្រៅដី ថ្ងៃសៅរ៍ ទី២២ និងប្រេស៊ីល នៅក្នុងដី ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ៕
ប្រភព៖ Reuters
ព័ត៌មានកីឡាជាតិ
ខ្សែការពារ Bui Tien Dung ផ្តល់ការអត្ថាធិប្បាយចំៗអំពីកីឡាករចូលសញ្ជាតិក្នុងក្រុមជម្រើសជាតិកម្ពុជា។ ជាការកត់សម្គាល់ចំពោះគូប្រកួតកម្ពុជា ខ្សែការពារជម្រើសជាតិវៀតណាម Bui Tien Dung បាននិយាយថា៖
«កីឡាករចូលសញ្ជាតិរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ AFF Cup 2024 ធ្វើបានយ៉ាងល្អ។ យើងបានចំណាយពេលមើលវីដេអូការប្រកួតរបស់ពួកគេ ដើម្បីវិភាគក្រុមកម្ពុជា»។
«បើប្រៀបធៀបកីឡាករបរទេសក្នុង V-League និងកីឡាករសញ្ជាតិខ្មែរទាំងនោះ កីឡាករបរទេស V-League ពិតជាមានកម្រិតខ្ពស់ជាង។ Dung និងមិត្តរួមក្រុមរបស់គាត់ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត ព្រោះយើងមិនទាន់បានលេងច្រើនជាមួយកីឡាករចូលសញ្ជាតិរបស់ពួកគេនៅឡើយទេ»។
ជាចុងក្រោយ ខ្សែការពារកណ្តាលរបស់ក្លិប Viettel The Cong បានសង្កត់ធ្ងន់ថា៖ “ការប្រកួតនីមួយៗមានលក្ខណៈ ភាពលំបាក និងការអភិវឌ្ឍន៍ខុសៗគ្នា។ ខ្ញុំនឹងបំពេញតួនាទីរបស់ខ្ញុំឱ្យបានល្អ មិនមែនប្រកាន់កម្មវត្ថុត្រូវតែឈ្នះឬចាញ់នោះទេ។ គោរពគូប្រកួតទាំងអស់ មិនថាខ្លាំង ឬខ្សោយ»។
តាមគម្រោង ក្រុមជម្រើសជាតិវៀតណាម នឹងប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី១៩ ខែមីនា មុននឹងទទួលស្វាគមន៍ក្រុមជម្រើសជាតិឡាវ ក្នុងការប្រកួតបើកឆាកនៃពានរង្វាន់ Asian Cup 3 Qualifiers 2027 នៅថ្ងៃទី 25 ខែមីនា។ ការប្រកួតទាំងពីរធ្វើឡើងនៅកីឡដ្ឋាន Go Dau (Binh Duong)។
(English) កាលពីថ្ងៃចន្ទទី ១៧មីនា ២០២៥ ក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League បានបញ្ជាក់ថា៖ ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡាយក្សរបស់ប្រទេសអាល្លឺម៉ង់ PUMA នឹងក្លាយជាអ្នកផ្គត់ផ្គង់បាល់ប្រកួតថ្មីរបស់ពួកគេចាប់ពីរដូវកាល ២០២៥-២៦ តទៅ។ ការទទួលយកដៃគូថ្មីនេះមានន័យថា Premier League បានបញ្ចប់ភាពជាដៃគូរចាស់រយៈពេល ២៥ ឆ្នាំជាមួយក្រុមហ៊ុន Nike ហើយអ្នកគាំទ្រ Premier League ត្រូវទទួលយកបាល់ថ្មីរបស់ក្រុមហ៊ុន PUMA ជំនួសវិញ។
នាយកប្រតិបត្តិ Premier League លោក Richard Masters បាននិយាយថា៖ យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ PUMA ។ PUMA បានចូលរួមអភិវឌ្ឍវិស័យកីឡាបាល់ទាត់អស់រយៈពេលជាច្រើនឆ្នាំ ហើយយើងទន្ទឹងរង់ចាំមើលបាល់ថ្មីដែលប្រើនៅគ្រប់ការប្រកួតរបស់យើងចាប់ពីរដូវក្តៅនេះតទៅ។ ចំណែកឯលោក Arne Freundt នាយកប្រតិបត្តិ PUMA បាននិយាយថាកិច្ចព្រមព្រៀងជាមួយ Premier League ដែលជាលីកបាល់ទាត់មានអ្នកមើលច្រើនជាងគេនៅលើពិភពលោក គឺជាជំហានដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្រ្តលើកកំពស់ម៉ាកយីហោរបស់ PUMA ។
យើងទន្ទឹងរង់ចាំក្នុងការនាំយកបច្ចេកវិទ្យារបស់យើងទៅកាន់ជួរមុខនៃការប្រកួត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រជាច្រើននៅទូទាំងពិភពលោក។ PUMA មានវត្តមានដ៏សំខាន់នៅក្នុង Premier League ក្នុងនាមជាអ្នកផ្គត់ផ្គង់សម្ភារៈរបស់ Manchester City ក៏ដូចជាអ្នកផ្គត់ផ្គង់ស្បែកជើងដល់ Kai Haverz និង James Maddison ផងដែរ៕
ប្រភព៖ Yahoo
(English) Newcastle United ទទួលបានពានរង្វាន់ក្នុងស្រុក Carabao Cup ជាលើកដំបូងក្នុងរយៈពេល ៧០ឆ្នាំ បន្ទាប់ពីបានយកឈ្នះក្រុមកំពូលតារាង Liverpool ដោយលទ្ធផល ២-១ នៅពហុកីឡដ្ឋាន Wembley កាលពីរាត្រីថ្ងៃអាទិត្យទី ១៦ មីនា ២០២៥ ។ ជ័យជម្នះនេះបានបញ្ចប់ការរង់ចាំសម្រាប់ពានរង្វាន់ដ៏ធំមួយនេះចាប់តាំងពីឆ្នាំ១៩៦៩។
វីរបុរសពីរូបរបស់សារិការព្រៃ គឺកីឡាករ Dan Burn និង Alexander Isak ស៊ុតបញ្ចូលទីបានម្នាក់១គ្រាប់នៅនាទី ៤៥ និង ៥២ ហើយបានរក្សាលទ្ធផលនាំមុខនេះរហូតដល់នាទី ៩០ បូក ៤ ទើបLiverpool តាមបាន១គ្រាប់វិញមុនពេលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតផ្លូវការ។
បន្ទាប់ពីទទួលជ័យជម្នះកីឡាករ Dan Burn មកពីថ្នាលយុវជន Newcastle និងត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូងកាលពីថ្ងៃសុក្រ បាននិយាយថា ខ្ញុំមិនចង់គេងទេ ព្រោះខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងសុបិន ហើយវានឹងក្លាយជាការកុហក។ខ្ញុំមិនមានគ្រាប់បាល់ច្រើនទេ ដូច្នេះខ្ញុំបានរក្សាទុកវាសម្រាប់ឱកាសដ៏ធំមួយ។
ចំណែកឯគ្រូបង្វឹកលោក Howe ដែលបានដឹកនាំ Newcastle ចូលទៅក្នុងក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន ប៉ុន្តែបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ឆ្នាំ២០២៣ដោយក្រុម Manchester United បានសម្តែងអារម្មណ៍រំភេីប ដោយនិយាយថា ខ្ញុំពិតជារីករាយណាស់ដែលពួកគេ (អ្នកគាំទ្រ) មានពានរង្វាន់ថ្ងៃនេះ ដើម្បីបញ្ចប់ការរង់ចាំដ៏យូរ ហើយសង្ឃឹមថា ពួកយើងអាចទទួលបានបន្ថែមទៀតនាពេលអនាគត៕
អ្នកចាត់ការរបស់ក្លិបតោខៀវ Chelsea លោក Enzo Maresca បានបង្ហើបថា៖ ខ្សែប្រយុទ្ធ Cole Palmer ប្រហែលជាខកខានក្នុងជួយក្រុមជម្រើសជាតិអង់គ្លេស ពេលប្រកួតទល់នឹងក្រុមជម្រើសជាតិអាល់បានី និងឡាតវី សម្រាប់ការប្រកួតជម្រុះ World Cup 2026 ដោយសារបញ្ហារបួសសាច់ដុំ។
Palmer បានរងរបួសខាងលើនេះ អំទ្បុងពេលហ្វឹកហាត់ និងបានខកខានក្នុងការប្រកួត Premier League សប្តាហ៍ទី ២៩ ដែលក្រុមបានចាញ់ Arsenal ១-០ កាលពីរាត្រីអាទិត្យទី១៦ ខែមីនា ឆ្នាំ២០២៥។ ជាមួយនឹងបញ្ហាខាងលើ ខ្សែបម្រើ Morgan Gibbs-White មកពីក្លិប Nottingham Forest ក៏ត្រូវបានបញ្ចូលឈ្មោះទៅក្រុមជម្រើសជាតិអង់គ្លេស កាលពីថ្ងៃទិត្យផងដែរ។
បញ្ហារបួសរបស់កីទ្បាករអន្តរជាតិអង់គ្លេស ២២ ឆ្នាំរូបនេះក៏បានធ្វើឱ្យរូបគេខកខានប្រកួតនៅ Premier League ជាលើកដំបូង គិតចាប់តាំងពីខែមេសា ឆ្នាំ២០២៤ និងជាអ្វីដែល Maresca លោកគិតថាវាមិនទំនងដែលរូបគេនឹងចូលរួមជាមួយក្រុមអង់គ្លេសរបស់លោក Thomas Tuchel នោះទេ។
សូមបញ្ជាក់ថា អង់គ្លេសប្រកួតជាមួយអាល់បានីនៅថ្ងៃសុក្រក្នុងការប្រកួតដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Tuchel ខណៈដែលពួកគេចាប់ផ្តើមយុទ្ធនាការជម្រុះសម្រាប់ World Cup ឆ្នាំ ២០២៦ មុនពេលប្រកួតជាមួយក្រុម Latvia នៅ Wembley ៕
ព័ត៌មានកីឡាអាស៊ី
ក្រុមប្រឹក្សាភិបាលនៃសមាគមកីឡាបាល់ទាត់ថៃ( FA Thailand) យល់ព្រមប្តឹងអតីតប្រធានសមាគមលោក Somyot ជុំវិញបំណុល 360 លានបាត។ Madam Pang បើកយុទ្ធនាការរៃអង្គាសថវិកា ដើម្បីទូទាត់ប្រាក់ឧបត្ថម្ភ និងគាំទ្របាល់ទាត់ថៃ។
លោកស្រី Nualphan “Madam Pang” Lamsam ប្រធានសមាគមកីឡាបាល់ទាត់ថៃ (FA Thailand) បានកោះហៅកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិជាបន្ទាន់នៅថ្ងៃសុក្រ (១៤ មីនា) នៅទីស្នាក់ការកណ្តាលរបស់ FA Thailand នៅសង្កាត់ Hua Mak ។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាលើរបៀបវារៈសំខាន់ៗ ជាពិសេសការអនុម័តលើវិធានការផ្លូវច្បាប់ប្រឆាំងនឹងអតីតប្រធាន FA Thailand លោក Pol Gen Somyot “Big Odd” Poompanmuang និងរដ្ឋបាលពីមុន។
នេះតាមការសម្រេចរបស់តុលាការកំពូលនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក្នុងពាក្យបណ្ដឹងរបស់ក្រុមហ៊ុន Siam Sport Syndicate Public Limited ប្រឆាំងនឹង FA Thailand។ តុលាការបានបង្គាប់ឱ្យ FA Thailand សងការខូចខាតចំនួន 360 លានបាត បូកនឹងការប្រាក់ ចាប់ពីថ្ងៃដាក់ពាក្យបណ្តឹង រហូតដល់ការទូទាត់ពេញលេញ។
វិវាទកើតឡើងក្រោមការគ្រប់គ្រងមុន មុនពេលក្រុមប្រឹក្សាបច្ចុប្បន្នចូលកាន់តំណែង និងទទួលខុសត្រូវរបស់ខ្លួន។ នៅក្នុងកិច្ចប្រជុំនោះ ក្រុមប្រឹក្សាប្រតិបត្តិ ដោយសំឡេងភាគច្រើនលើសពាក់កណ្តាលនៃសមាជិករបស់ខ្លួន បានអនុម័តលើសំណើរបស់លោកជំទាវ ប៉ាង ដើម្បីបន្តចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងលោក Somyot និងរដ្ឋបាលពីមុន។
ក្រុមប្រឹក្សាក៏បានអនុម័តជួលអ្នកជំនាញច្បាប់ដើម្បីដោះស្រាយបណ្តឹងនេះរហូតដល់ដំណើរការតុលាការត្រូវបានបញ្ចប់។ បន្ថែមពីលើនេះ លោកជំទាវ ប៉ាង ប៉ាង ស្នើឱ្យមានយុទ្ធនាការពិសេសមួយគឺ «ថៃស្រលាញ់បាល់ទាត់ថៃ» ដែលទទួលបានការយល់ព្រមពីក្រុមប្រឹក្សាភិបាលផងដែរ។ យុទ្ធនាការនេះមានគោលបំណងរៃអង្គាសថវិកាដើម្បីគាំទ្រ FA Thailand ជួយដោះស្រាយបំណុលស្របច្បាប់ និងអភិវឌ្ឍក្រុមបាល់ទាត់ជម្រើសជាតិថៃគ្រប់កម្រិត។
យុទ្ធនាការនេះមានគំនិតផ្តួចផ្តើមសំខាន់ៗចំនួនបី៖
-មានលក់អាវយឺត “ថៃស្រលាញ់បាល់ទាត់ថៃ”
-ការទទួលយកការបរិច្ចាគ ជាមួយនឹងការកាត់ពន្ធពីរដងសម្រាប់អ្នកបរិច្ចាគ
-សកម្មភាពរៃអង្គាសប្រាក់ដោយសហការជាមួយដៃគូវិស័យឯកជន និងសាខា រួមទាំងព្រឹត្តិការណ៍សប្បុរសធម៌ដូចជា ការប្រគុំតន្ត្រី ការសម្តែងលើឆាក និងការប្រកួតបាល់ទាត់មិត្តភាព។
ព័ត៌មានលម្អិតបន្ថែមនឹងត្រូវប្រកាសដោយ FA Thailand នៅពេលកំណត់។
ជាមួយគ្នានេះដែរ លោក Somyot បានស្នើសុំលោកស្រី Madam Pang ជាផ្លូវការ ផ្តល់ច្បាប់ចម្លងនៃកំណត់ត្រាហិរញ្ញវត្ថុរបស់ FA Thailand បន្ទាប់ពីរងការចោទប្រកាន់ថាបានទទួលប្រាក់ 1 លានបាតក្នុងមួយខែ សរុបចំនួន 32 លានបាតពីសមាគម។
Madam Pang បានអះអាងថា លោក Somyot បាននិយាយដោយខ្លួនឯងថាគាត់បានប្រគល់ប្រាក់មកវិញជាអំណោយ ប៉ុន្តែ FA Thailand មិនទាន់រកឃើញភស្តុតាងនៃការបរិច្ចាគបែបនេះនៅឡើយទេ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក Somyot អះអាងថា ក្នុងអាណត្តិរបស់លោក បានទទួលប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់ការងារតាមបទប្បញ្ញត្តិ ប៉ុន្តែមិនច្រើនដូចលោកជំទាវ ប៉ាង ចោទនោះទេ។
លោកក៏បានបញ្ជាក់ជាថ្មីថា លោកបានបរិច្ចាគប្រាក់មកសមាគមវិញតាំងពីឆ្នាំ ២០១៧ ហើយឥឡូវនេះកំពុងស្នើសុំឯកសារហិរញ្ញវត្ថុពាក់ព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ការទាមទាររបស់លោកជំទាវ។
បាល់ទាត់កម្ពុជាមានការអភិវឌ្ឍយ៉ាងល្អនាពេលថ្មីៗនេះ។ ដូច្នេះហើយ ការជួបគ្នាក្នុងការប្រកួតមិត្តភាពនៅថ្ងៃទី 19 ខែមីនា គឺជាការសាកល្បងដ៏ល្អសម្រាប់ក្រុមវៀតណាម មុនពេលការប្រកួតជម្រុះ Asian Cup ឆ្នាំ 2027 ។
វេលាម៉ោង 7:30 យប់ នៅថ្ងៃទី 19 ខែមីនា ក្រុមរបស់លោកគ្រូបង្វឹក Kim Sang-sik នឹងធ្វើការប្រកួតមិត្តភាពជាមួយកម្ពុជា នៅកីឡដ្ឋាន Binh Duong។ នេះចាត់ទុកថាជាការសាកល្បងដ៏សមហេតុផលមួយសម្រាប់ក្រុមវៀតណាម មុនការប្រកួតបើកឆាកទល់នឹងឡាវក្នុងវគ្គជម្រុះ Asian Cup 2027 នៅថ្ងៃទី 26 ខែមីនា។ កម្ពុជាទើបតែបញ្ចេញបញ្ជីឈ្មោះជម្រើសជាតិ២៣នាក់ត្រៀមសម្រាប់ការប្រកួតជាមួយវៀតណាម។
ដូច្នោះហើយ បើធៀបនឹងក្រុមដែលចូលរួមប្រកួតក្នុងពានរង្វាន់ ASEAN Cup 2024 កម្ពុជាប្ដូរកីឡាករតែម្នាក់ប៉ុណ្ណោះ ពោលគឺខ្សែបម្រើ ជូ ស៊ិនទី រងរបួស ហើយអ្នកដែលត្រូវបានជ្រើសរើសជំនួសគឺ សុះ ស៊ូហាណា។ ក្រៅពីតារាជើងចាស់ជាច្រើនរូបដូចជាសៀង ចន្ធា, សារ៉េត គ្រីយ៉ា, សរ រតនាស ក៏មានកីឡាករចូលសញ្ជាតិដូចជាកាន់ ម៉ូ, Takaki Ose, Abdel Kader Coulibaly, Yudai Ogawa និង Nick Taylor ដែលមានដើមកំណើតខ្មែរអាមេរិក ជាឈ្មោះដែលគួរឲ្យកត់សម្គាល់បំផុត។ ការរួមបញ្ចូលគ្នានេះបានបង្កើតក្រុមដែលមានគុណភាពខ្ពស់សម្រាប់កម្ពុជា។
ការវិវឌ្ឍន៍របស់ក្រុមកម្ពុជានាពេលថ្មីៗនេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងពានរង្វាន់ ASEAN Cup 2024។ ក្រុមគោព្រៃកម្ពុជា បានបង្ហាញទម្រង់លេងដ៏រំជួលចិត្ត និងគួរឱ្យចាប់អារម្មណ៍នៅពេលពួកគេស្មើជាមួយម៉ាឡេស៊ី ឈ្នះជាមួយទីម័រខាងកើត ឬចាញ់សិង្ហបុរី និងថៃយ៉ាងប្រផុតប្រផើយ។ ទោះជាយ៉ាងណាក៏ដោយពួកគេនៅតែខ្វះភាពក្លាហានដើម្បីអាចបង្កភាពភ្ញាក់ផ្អើលដល់ “ក្រុមធំៗ” ជាច្រើននៅក្នុងតំបន់។
គ្រូបង្គោលដឹកនាំកម្ពុជានៅពេលនេះ គឺលោក Koji Gyotoku ។ អ្នកយុទ្ធសាស្រ្តបាល់ទាត់ជនជាតិជប៉ុនរូបនេះស្ថិតក្នុងតួនាទីបណ្តោះអាសន្ននៅឡើយទេក្នុងពាន ASEAN Cup 2024 ហើយពេលនេះត្រូវបានតែងតាំងជាផ្លូវការ មុនពេលប្រកួតជាមួយវៀតណាមនៅកីឡដ្ឋាន Binh Duong។
គ្រូបង្វឹកជនជាតិជប៉ុនបានដឹកនាំក្រុមយុវជនកម្ពុជាសឹងគ្រប់ក្រុមតាំងពីក្រុម U16 ដល់ក្រុម U23។ លើសពីនេះ គ្រូបង្វឹក Koji Gyotoku គឺជាប្រធានក្រុម Shimizu S-Pulse Club នៅប្រទេសជប៉ុន (ពីឆ្នាំ 2003 – 2004) និងជាគ្រូបង្វឹកក្រុមជម្រើសជាតិនេប៉ាល់ (2016-2018)។
ជាមួយនឹងទស្សនវិជ្ជាបាល់ទាត់ទំនើបពីប្រទេសជប៉ុន គ្រូបង្វឹក Koji Gyotoku កំពុងព្យាយាមកសាងក្រុមកម្ពុជាជាមួយនឹងទម្រង់លេងដ៏ស្រស់ស្អាត និងយកចិត្តទុកដាក់។ នេះក៏ជាកត្តាគួរឲ្យកត់សម្គាល់សម្រាប់ក្រុមរបស់លោកគ្រូបង្វឹក Kim Sang-sik មុនការប្រកួតខាងមុខ។ ទោះបីជាមានការកែលម្អខ្លះៗក៏ដោយ ជាទូទៅ កម្ពុជានៅតែមានគម្លាតជាក់លាក់បើប្រៀបធៀបទៅនឹងប្រទេសវៀតណាម។
ការជួបជាមួយកម្ពុជាត្រូវបានចាត់ទុកថាជាការសាកល្បងសមហេតុផលមួយសម្រាប់ Nguyen Quang Hai និងមិត្តរួមក្រុមក្នុងពេលបច្ចុប្បន្ន។ ជ័យជម្នះនៅដើមឆ្នាំ 2024 នឹងបង្កើតសន្ទុះចិត្តសាស្ត្រដ៏ល្អសម្រាប់កីឡាករក្នុងគោល បំណងឆ្ពោះទៅរកយុទ្ធនាការដើម្បីឈ្នះសំបុត្រទៅកាន់វគ្គផ្តាច់ព្រ័ត្រ Asian Cup ឆ្នាំ 2027 និងលទ្ធផលអំណោយ ផលចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ។ សម្រាប់គ្រូបង្វឹក Koji Gyotoku និងក្រុមរបស់គាត់ ការប្រកួតជាមួយម្ចាស់ជើងឯកអាស៊ីអាគ្នេយ៍ដែលកំពុងគ្រងដំណែងលេខ១នៅអាស៊ាន គឺជាការសាកល្បងដ៏មានសារៈប្រយោជន៍មួយដើម្បីបង្កើនបទពិសោធន៍ និងបង្កើនកម្រិតរបស់ពួកគេ។