

(English)
អ្នកចាត់ការរបស់ក្លិបតោខៀវ Chelsea លោក Enzo Maresca បានបង្ហើបថា៖ ខ្សែប្រយុទ្ធ Cole Palmer ប្រហែលជាខកខានក្នុងជួយក្រុមជម្រើសជាតិអង់គ្លេស ពេលប្រកួតទល់នឹងក្រុមជម្រើសជាតិអាល់បានី និងឡាតវី សម្រាប់ការប្រកួតជម្រុះ World Cup 2026 ដោយសារបញ្ហារបួសសាច់ដុំ។
Palmer បានរងរបួសខាងលើនេះ អំទ្បុងពេលហ្វឹកហាត់ និងបានខកខានក្នុងការប្រកួត Premier League សប្តាហ៍ទី ២៩ ដែលក្រុមបានចាញ់ Arsenal ១-០ កាលពីរាត្រីអាទិត្យទី១៦ ខែមីនា ឆ្នាំ២០២៥។ ជាមួយនឹងបញ្ហាខាងលើ ខ្សែបម្រើ Morgan Gibbs-White មកពីក្លិប Nottingham Forest ក៏ត្រូវបានបញ្ចូលឈ្មោះទៅក្រុមជម្រើសជាតិអង់គ្លេស កាលពីថ្ងៃទិត្យផងដែរ។
បញ្ហារបួសរបស់កីទ្បាករអន្តរជាតិអង់គ្លេស ២២ ឆ្នាំរូបនេះក៏បានធ្វើឱ្យរូបគេខកខានប្រកួតនៅ Premier League ជាលើកដំបូង គិតចាប់តាំងពីខែមេសា ឆ្នាំ២០២៤ និងជាអ្វីដែល Maresca លោកគិតថាវាមិនទំនងដែលរូបគេនឹងចូលរួមជាមួយក្រុមអង់គ្លេសរបស់លោក Thomas Tuchel នោះទេ។
សូមបញ្ជាក់ថា អង់គ្លេសប្រកួតជាមួយអាល់បានីនៅថ្ងៃសុក្រក្នុងការប្រកួតដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Tuchel ខណៈដែលពួកគេចាប់ផ្តើមយុទ្ធនាការជម្រុះសម្រាប់ World Cup ឆ្នាំ ២០២៦ មុនពេលប្រកួតជាមួយក្រុម Latvia នៅ Wembley ៕
ប្រភព៖ BBC