ព័ត៌មានកីឡាអន្តរជាតិ
(English) ក្លិប Sheffield Wednesday កំពុងប្រឈមមុខនឹងការកាត់១៥ពិន្ទុ បន្ទាប់ពីខកខានមិនបានបើកប្រាក់ឈ្នួលដល់កីឡាករ និងបុគ្គលិករបស់ពួកគេទាន់ពេលវេលាជាថ្មីម្តងទៀត។ Sheffield Wednesday ដែលបច្ចុប្បន្នស្ថិតក្នុងតំបន់កាត់ចោល កំពុងប្រឈមនឹងការកាត់១៥ ពិន្ទុខណៈដែលក្លឹបកំពុងស្ថិតក្នុងវិបត្តិនិងចលាចលក្រោមការកាន់កាប់របស់លោក Dejphon Chansiri ។
ការកាត់ ១៥ ពិន្ទដោយសារក្លិបបានខកខានក្នុងការផ្តល់ប្រាក់ឈ្នួលដល់បុគ្គលិកជាលើកទីប្រាំក្នុងរយៈពេលប្រាំពីរខែចុងក្រោយនេះ។ យោងតាមច្បាប់របស់ EFL ការបំពាននីមួយៗ ត្រូវពិន័យបីពិន្ទុ។ ជាការពិតប្រាក់ឈ្នួលត្រូវបង់តាំងពីថ្ងៃចន្ទទី៣០ខែកញ្ញា ប៉ុន្តែកីឡាករនៅ Hillsborough មិនត្រូវបានក្លិបបេីកឲ្យនោះទេ។ នេះបើយោងតាមកាសែត Daily Mail ខណៈពេលដែលបុគ្គលិកទទួលបានត្រឹមតែជាង១ពាន់ដុល្លារក្នុងម្នាក់ៗសម្រាប់ការងារប្រចាំខែរបស់ពួកគេ៕
ប្រភព៖ The Sun
(English) ខ្សែបម្រើ Jude Bellingham របស់ក្លិប Real Madrid បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ ២០២៤-២៥ របស់អង់គ្លេសតាមរយៈការបោះឆ្នោតគាំទ្រ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ខ្សែបម្រើរូបនេះ ។ កីឡាករវ័យ ២២ ឆ្នាំរូបនេះបានយកឈ្នះ Declan Rice របស់ក្លិប Arsenal និង Harry Kane របស់ក្លិប Bayern Munich ដើម្បីដណ្តើមយកពានរង្វាន់ដ៏មានកិត្យានុភាពនេះ ។ Jude Bellingham ក្លាយជាកីឡាករទី ២ ដែលឈ្នះពាននេះ ខណៈដែលខ្លួនមិនមែនឲ្យក្លិបអង់គ្លេស បន្ទាប់ពី Owen Hargreaves ជាមួយ Bayern Munich ក្នុងឆ្នាំ ២០០៦ ។
ទម្រង់លេងដ៏លេចធ្លោរបស់ Bellingham សម្រាប់ ក្រុមជម្រើសជាតិ កាលពីរដូវកាលមុនបានបញ្ជាក់ពីឥទ្ធិពលដែលកំពុងកើនឡើងរបស់គាត់នៅលើឆាកអន្តរជាតិ។ វត្តមាននៅក្នុងការប្រកួតចំនួន ៨ គេបានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់បាល់ទាត់អង់គ្លេសនៅក្នុង UEFA Nations League ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្ន Lee Carsley កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន និងការចាប់ផ្តើមដ៏រឹងមាំរបស់ពួកគេទៅកាន់ FIFA 2026 World Cup European Qualifiers ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Thomas Tuchel ក្នុងខែមីនា និងខែមិថុនា។
ឥទ្ធិពលរបស់គាត់គឺមិនអាចប្រកែកបាន ដោយស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៣-១លើក្រុមជម្រើសជាតិក្រិកនៅ Wembley ក្នុងខែតុលា និងទទួលបានពានរង្វាន់អ្នកលេងនៃការប្រកួតក្នុងការប្រកួតឈ្នះសាធារណរដ្ឋអៀរឡង់៥-០ ក្នុងខែវិច្ឆិកា។ ភាពច្នៃប្រឌិតរបស់តារា Real Madrid បានបញ្ចេញពន្លឺយ៉ាងភ្លឺស្វាង ជាមួយនឹងការជួយមិត្តរួមក្រុមដែលមិនអាចបំភ្លេចបានសម្រាប់គ្រាប់បាល់ដំបូងរបស់ Myles Lewis-Skelly ទល់នឹងអាល់បានីក្នុងខែមីនា និងបន្ថែមពីរគ្រាប់ទៀតក្នុងការប្រកួតអៀរឡង់៕
(English) ខ្សែប្រយុទ្ធ Goncalo Ramos បាននិយាយថាក្លិប Paris Saint Germin «ចង់ឈ្នះគ្រប់យ៉ាងម្តងទៀត» បន្ទាប់ពីរូបគេរួមចំណែកជួយឱ្យក្រុមវាយបកយកឈ្នះលើក្រុមម្ចាស់ផ្ទះ FC Barcelona ២-១ ក្នុងការប្រកួត UEFA Champions League កាលពីរាត្រីថ្ងៃព្រហស្បតិ៍ទី០២ ខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ Goncalo Ramos ថា៖ «ខ្ញុំគិតថាពួកយើងស័ក្តិសមក្នុងការទទួលបានជ័យជម្នះ។ យើងលេងបានល្អជាងពួកគេ។ យើងលេងដោយមានទំនុកចិត្ត។ យើងចង់ឈ្នះគ្រប់យ៉ាងម្តងទៀត។ យើងមិនសប្បាយចិត្តនឹងអ្វីដែលយើងបានធ្វើកាលពីរដូវកាលមុនទេ។ យើងចង់បានច្រើនជាងនេះ។»
នៅក្នុងជំនួបដ៏ជក់ចិត្តខាងលើនេះ FC Barcelona ដែលជាអតីតម្ចាស់ជើងឯក UEFA Champions League ចំនួន ៥ សម័យកាល បានធ្វើការនាំមុខ ១ គ្រាប់មុនពីការធ្វើបានសម្រេចដោយកីឡាករ Ferran Torres ពីបញ្ចូលបាល់ពីស្លាបខាងឆ្វេងចូលប្រអប់គ្រោះថ្នាក់របស់សមាជិកថ្មី Marcus Rashford នាទី ១៩ មុនពេលកីទ្បាករ Nuno Mendes បានបញ្ជូនបាល់ឱ្យ Senny Mayulu តាមស្មើ ១-១ នាទី ៣៨ ក្នុងតង់ទី ១ ខណៈដែលការប្រកួតខាងលើក៏បានអូសបន្លាយដល់នាទី៩០ ទើបកីឡាករ Goncalo Ramos ដែលបានផ្លាស់ប្តូរជំនួស Fabian Ruiz នៅនាទី ៧២ ដោយរូបគេរកបាន ១ គ្រាប់ជ័យជម្នះ ២-១ នៅនាទី៩០ ពីបញ្ជូនបាល់ពីស្លាបស្តាំដ៏ស្រល់ស្អាតរបស់ Achraf Hakimi។ នេះក៏ជាជ័យជម្នះលើកទី ២ ជាប់គ្នានៅ UCL ផងដែរ សម្រាប់ក្រុមការពារតំណែងជើងឯក Paris Saint Germin ក្នុងវគ្គសន្សំពិន្ទុ League Phase ដែលមាន ៣៦ក្រុម៕
(English) អ្នកចាំទី Manuel Neuer បានចូលទីលានប្រកួតសម្រាប់ក្លិប Bayern Munich កាលពីរាត្រីថ្ងៃពុធទី១ ខែតុលា ឆ្នាំ២០២៥ ក្នុងការប្រកួត UEFA Champions League ជាមួយ Pafos។ វាគឺជាការប្រកួត UCL លើកទី ១៥២ និងជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់រូបគេ។ តាមរយៈការប្រកួតលើកទី ១៥២ កាលពីយប់មិញនេះ ធ្វីឲ្យគេតាមទាន់កំណត់ត្រា Karim Benzemaនិងឈរចចំណាត់ថ្នាក់ កំពូលទាំង ៥ ដែលតែងតែបង្ហាញវត្តមានគ្រប់ពេលនៅក្នុងក្របខណ្ឌ UEFA Champions League ។
ចាប់តាំងពីការប្រកួតជាមួយ Chelsea កាលពីពីរសប្តាហ៍មុន Neuer បានឈរចំណាត់ថ្នាក់លេខ ៦ ស្ទួនជាមួយ Toni Kroos និង Xavi ប៉ុន្តែឥឡូវនេះគាត់បានផ្លាស់ទីបន្ថែមទៀត។ គួររំឭកថារហូតមកទល់ពេលនេះមានតែកីឡាករ ៤រូបប៉ុណ្ណោះដែលកំពុងនាំមុខគាត។កីឡាករទាំងនោះរួមមាន Thomas Muller , Leo Messi (អ្នកទាំងពីរបានបង្ហាញខ្លួន១៦៣ ដង), Iker Casillas (១៧៧) និង Cristiano Ronaldo (១៨៣) ៕
ប្រភព៖ Tribuna
(English) ក្លិបអ្នកមានបុណ្យ FC Barcelona បានបញ្ជាក់ឱ្យដឹងថាសម្រាប់រដូវកាល ២០២៤-២៥ ក្លិបខាតបង់ប្រាក់សរុបជាង ១៩ លានដុល្លារអាម៉េរិក។ ក្លិបនិយាយថា ប្រតិបត្តិការធម្មតាចំណេញបានប្រាក់ជាង៣លានដុល្លារ ប៉ុន្តែអ្វីដែលមិនធម្មតា (បញ្ជីចំណាយផ្សេងៗ) បានរុញតុល្យភាពទៅក្នុងភាពអវិជ្ជមាន។ទោះបីជាយ៉ាងនេះក្តី Barca បានបញ្ជាក់ថាលទ្ធផលនេះបង្ហាញពីការ ងើបឡើងវិញនៃសេដ្ឋកិច្ច ដោយលើកឡើងពីប្រាក់ចំណូលមានកម្រិតដោយសារតែការកែលម្អ Spotify Camp Nou ។
សម្រាប់ឆ្នាំ ២០២៥-២៦ ក្រុមប្រឹក្សាភិបាលបានកំណត់ប្រាក់ចំនេញចំនួនជាង ៥ លានដុល្លារអាម៉េរិក បន្ទាប់ពីការបង់ពន្ធ សម្រាប់រដូវកាលទី ៣ ជាប់ៗគ្នានៃលទ្ធផលវិជ្ជមាន។ ពួកគេរំពឹងថានឹងទទួលបានការឧបត្ថម្ភបំបែកកំណត់ត្រា និងប្រាក់ចំណូលពីការលក់ បូកនឹងការវិលត្រឡប់បន្តិចម្តងៗទៅកាន់ Camp Nou ដើម្បីបង្កើនហិរញ្ញវត្ថុបន្ថែមទៀត។Barcelona ក៏បានកំណត់យកថ្ងៃទី១៩ខែតុលា ជាកាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញរបស់ខ្លួន ដែលនឹងធ្វើឡើងតាមអ៊ីនធឺណិត៕
ព័ត៌មានកីឡាជាតិ
(English) បន្ទាប់ពីចែកផ្លូវគ្នាជាមួយនឹងក្លិប Shenzhen Peng City របស់ប្រទេសចិន លោក Pep Munoz ត្រូវបានអ្នកគាំទ្រជាច្រើនរំពឹងថាលោកនឹងមកដឹកនាំក្លិបមួយដ៏ធំនៅកម្ពុជា ក៏ដូចជាក្រុមជ្រើសជាតិកម្ពុជា ស្របពេលជំនួយការផ្ទាល់របស់លោកក៏បានធ្វើដំណើរមកកាន់កម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ អតីតគ្រូបង្វឹករបស់ក្រុមព្រះខ័នរាជស្វាយរៀងខាងលើនេះ ក៏បង្ហើបអំពីអនាគតរបស់ខ្លួនផងដែរ ក្រោយពីចែកផ្លូវគ្នាជាមួយនឹងក្លិប Shenzhen Peng City របស់ប្រទេសចិន។
បរុសសញ្ជាតិអេស្ប៉ាញវ័យ ៤៦ ឆ្នាំរូបនេះត្រូវបានអ្នកសារព័ត៌មាន PSB Sport News សួរថា៖ តើលោកនឹងត្រលប់មកកម្ពុជាវិញដែរឬទេ? សង្ឃឹមថាលោកនឹងត្រលប់មកទីនេះម្តងទៀត។ លោក Pep Munoz បានឆ្លើយតបវិញថា៖ «អត់ទេ! វាជាពេលដែលខ្ញុំត្រលប់ទៅផ្ទះវិញ ដើម្បីទៅលេងគ្រួសាររបស់ខ្ញុំ និងសុំពេលសម្រាកបន្តិច។ ចំណែកឯពាក់ព័ន្ធនឹងការងារបន្ទាប់ ខ្ញុំបើកចំហចំពោះជម្រើសថ្មី ប៉ុន្តែខ្ញុំត្រូវការសម្រាកបន្តិច។ ជាក់ស្តែង មានមនុស្សជាច្រើនលើកឡើងពីក្រុមជម្រើសជាតិ ខ្ញុំស្គាល់បាល់ទាត់កម្ពុជាច្បាស់ណាស់ ហើយខ្ញុំធ្លាប់មានបទពិសោធន៍បង្វឹកក្រុមជម្រើសជាតិចិន នាពេលកន្លងមក។ វាជាតំណែងមួយដែលខ្ញុំចូលចិត្ត ហើយនឹងជាកិត្តិយសដ៏ធំមួយសម្រាប់ខ្ញុំ។ ប៉ុន្តែពេលនេះក្រុមជម្រើសជាតិកម្ពុជាស្ថិតក្នុងការគ្រប់គ្រងដ៏ល្អ ហើយខ្ញុំជូនពរពួកគេឱ្យទទួលបានជោគជ័យ។ កម្ពុជាតែងតែធ្វើល្អចំពោះខ្ញុំ។ ខ្ញុំនឹងយកចិត្តទុកដាក់ជានិច្ច ប្រសិនបើពួកគេត្រូវការខ្ញុំ។ ហើយបច្ចុប្បន្ននេះ ជំនួយការផ្ទាល់របស់ខ្ញុំក៏កំពុងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ដោយសារហេតុផលផ្ទាល់ខ្លួនផងដែរ។»
គួររំឭកថា លោក Pep Munoz ធ្លាប់ដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ចំនួន ២ រដូវកាលដ៏ជោគជ័យ ដោយឈ្នះពានរង្វាន់លីគកំពូលកម្ពុជា Cambodia Premier League ចំនួន ២លើក, ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ១លើក ក៏ដូចជា Cambodian Super Cup ចំនួន ១លើក និងទទួលរងជើងឯកពានរង្វាន់លំដាប់ទី ៣ របស់ទ្វីបអាស៊ី AFC Challenge League មុនចាកចេញទៅដឹកនាំក្លិបនៅលីគ កំពូលចិន Chinese Super League៕
(English) FIFA បានពិន័យលើសហព័ន្ធកីទ្បាបាល់ទាត់អេលសាល់វ៉ាឌ័រ (FESFUT) ចំពោះការប្រកាន់ពូជសាសន៍ និងការរើសអើងពីសំណាក់អ្នកគាំទ្រ អំឡុងពេលការប្រកួតជម្រុះ CONCACAF ជាមួយក្រុមស៊ូរីណាម សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦។ FESFUT បានប្រាប់ឱ្យដឹងកាលពីថ្ងៃចន្ទថា៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានពិន័យជាទឹកប្រាក់ចំនួន ៦២,៧១៥ម៉ឺនដុល្លារ ចំពោះករណីប្រឆាំងទៅនឹងការរើសអើង ដែលត្រូវបានអនុម័ត។ យ៉ាងណា មុននឹងឈានការពិន័យរឿងខាងលើនេះនៅក្នុងការប្រកួតដែលក្រុមម្ចាស់ផ្ទះគឺក្រុមជម្រើសជាតិអេលសាល់វ៉ាឌ័ បានបរាជ័យក្រោមថ្វីជើងរបស់ស៊ូរីណាម ២-១ កាលពីថ្ងៃទី០៨ ខែកញ្ញាកន្លងទៅ ហើយនៅក្នុងការប្រកួតនោះដែរ អ្នកគាំទ្របានស្រែក និងធ្វើកាយវិការរើសអើងជាតិសាសន៍ និងរើសអើងប្រឆាំងនឹងកីឡាករមកពីប្រទេសអាមេរិកខាងត្បូង។
គួរជម្រាបថា បច្ចុប្បន្ននេះ ក្រុមជម្រើសជាតិស៊ូរីណាម កំពុងឈរនៅកំពូលតារាងក្នុងពូល A ដោយមាន ៤ ពិន្ទុ សម្រាប់ការប្រកួតជម្រុះដណ្តើមកៅអីឈានទៅ World Cup 2026 នៅតំបន់ CONCACAF ជុំទី ៣ ខណៈដែលក្រុមជម្រើសជាតិអេលសាល់វ៉ាឌ័រ ឈរនៅលេខរៀងទី ២ ដោយមាន ៣ ពិន្ទុ ហើយប៉ាណាម៉ា មាន ២ ពិន្ទុ និងហ្គាតេម៉ាឡា មាន ១ ពិន្ទុ បន្ទាប់ពីលេង ២ ប្រកួតដូចៗគ្នា។ ការប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិអែលសាល់វ៉ាឌ័រ នឹងធ្វើជាម្ចាស់ផ្ទះលេងជាមួយប៉ាណាម៉ា នាថ្ងៃទី១០ ខែតុលា និង ៤ ថ្ងៃបន្ទាប់ជួបជាមួយហ្គាតេម៉ាឡា៕
ប្រភព៖ Reuters
(English) ក្រុមប្រឹក្សាភិបាលរបស់ក្លិប Manchester United ដែលដឹកនាំដោយម្ចាស់ភាគហ៊ុនលោក Sir Jim Ratcliffe បានកំណត់អត្តសញ្ញាណអ្នកស្នងតំណែងបីរូប រួចហើយដើម្បីជំនួសកៅអីលោក Ruben Amorim។ ការតស៊ូរបស់ United ក្រោមការដឹកនាំរបស់ Ruben Amorim បានឈានដល់ចំណុចដុនដាបខ្លាំង ដែលចាំបាច់តម្រូវឲ្យក្លិបរៀបចំបញ្ជីជ្រើសរើសគ្រូបង្វឹកថ្មីសម្រាប់ជំនួសតំណែងអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់។
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate អ្នកចាត់ការទូទៅរបស់ Crystal Palace លោក Oliver Glasner និងគ្រូបង្វឹកក្រុម Bournemouth លោក Andoni Iraola គឺជាបេក្ខជនអាទិភាពសម្រាប់ដឹកនាំក្រុមបិសាចក្រហមនាពេលអនាគត។ United ត្រូវបានគេរាយការណ៍ថាបានទាក់ទងទៅបុរសវ័យ៥៤ឆ្នាំរូបនេះ មុនពេលតែងតាំង Amorim កាលពីឆ្នាំមុន ប៉ុន្តែ Southgate មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីការងារនៅអង់គ្លេសនៅពេលនោះ។ ជាមួយគ្នានេះដែរលោក Glasner ដែលបានដឹកនាំ Crystal Palace ឈ្នះពានរង្វាន់ FA Cup និង Community Shield បានទទួលការសរសើរចំពោះការរៀបចំយុទ្ធសាស្ត្រ និងសមត្ថភាពរបស់គាត់ខណៈពេលដែល Iraola បានចាប់អារម្មណ៍នឹងទស្សនវិជ្ជាវាយលុករបស់គាត់នៅឯ Bournemouth៕
(English) FIFA បានបញ្ជាក់ថា៖ ការប្រកួតពានរង្វាន់ Intercontinental Cup ចំនួន៣ចុងក្រោយ នឹងត្រូវធ្វើនៅប្រទេសកាតា ដោយមានកីឡដ្ឋាន Ahmad Bin Ali ជាកន្លែងសម្រាប់ការប្រកួត នៅខែធ្នូខាងមុខនេះ។ប្រទេសកាតាត្រូវបានបញ្ជាក់ថាជាម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់ FIFA Intercontinental Cup ឆ្នាំនេះដែលជាការប្រកួតក្លឹប ជើងឯកនៃសហព័ន្ធទាំងប្រាំមួយ នៅលើពិភពលោក។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ចំនួនបីនោះរួមមាន៖
១-ថ្ងៃទី១០ខែធ្នូ ជើងឯក Cruz Azul ម្ចាស់ពានរង្វាន់ Concacaf Champions Cup ២០២៥ ប្រកួតជាមួយជើងឯក Libertadores អាចជាFlamengo or Palmeiras ដែលនឹងត្រូវបញ្ជាក់នៅថ្ងៃទី ២៩ ខែ
វិច្ឆិកា ឆ្នាំ ២០២៥ យកពាន Americas Derby ។
២-ថ្ងៃសៅរ៍ទី ១៣ខែធ្នូ Pyramids FC ត្រូវប្រកួតជាមួយជើងឯកមកពីពាន Americas Derby ប្រជែងយកពានរង្វាន់ FIFA Challenger Cup។
៣-ថ្ងៃពុធទី១៧ ខែធ្នូ ប្រកួតរវាងជើងឯកUEFA Champions League PSG និងជើងឯកChallenger Cupក្នុងសមរភូមិដណ្តើមពានរង្វាន់ប្រចាំឆ្នាំចុងក្រោយរបស់ក្លឹប។
ពីរប្រកួតដំបូងនឹងធ្វើនៅកីឡដ្ឋាន Ahmad Bin Aliខណៈប្រកួតចុងក្រោយនឹងត្រូវប្រកាសដោយ FIFA។
FIFA Intercontinental Cup កាលពីឆ្នាំមុនបាន បង្ហាញទម្រង់នៃការប្រកួតដែល Real Madrid ទទួលបានជ័យជំនះដោយការយកឈ្នះ Pachuca នៅចំពោះមុខអ្នកគាំទ្រជិត៧ម៉ឺននាក់ នៅកីឡដ្ឋាន Lusail ដែលជានិមិត្តរូបរបស់ប្រទេសកាតាក្នុងខែធ្នូ ឆ្នាំ 2024។ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងនាំមកនូវការចាប់អារម្មណ៍ជាសាកលម្ដងទៀតដល់តំបន់៕