

(English) បន្ទាប់ពីចែកផ្លូវគ្នាជាមួយនឹងក្លិប Shenzhen Peng City របស់ប្រទេសចិន លោក Pep Munoz ត្រូវបានអ្នកគាំទ្រជាច្រើនរំពឹងថាលោកនឹងមកដឹកនាំក្លិបមួយដ៏ធំនៅកម្ពុជា ក៏ដូចជាក្រុមជ្រើសជាតិកម្ពុជា ស្របពេលជំនួយការផ្ទាល់របស់លោកក៏បានធ្វើដំណើរមកកាន់កម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ អតីតគ្រូបង្វឹករបស់ក្រុមព្រះខ័នរាជស្វាយរៀងខាងលើនេះ ក៏បង្ហើបអំពីអនាគតរបស់ខ្លួនផងដែរ ក្រោយពីចែកផ្លូវគ្នាជាមួយនឹងក្លិប Shenzhen Peng City របស់ប្រទេសចិន។
បរុសសញ្ជាតិអេស្ប៉ាញវ័យ ៤៦ ឆ្នាំរូបនេះត្រូវបានអ្នកសារព័ត៌មាន PSB Sport News សួរថា៖ តើលោកនឹងត្រលប់មកកម្ពុជាវិញដែរឬទេ? សង្ឃឹមថាលោកនឹងត្រលប់មកទីនេះម្តងទៀត។ លោក Pep Munoz បានឆ្លើយតបវិញថា៖ «អត់ទេ! វាជាពេលដែលខ្ញុំត្រលប់ទៅផ្ទះវិញ ដើម្បីទៅលេងគ្រួសាររបស់ខ្ញុំ និងសុំពេលសម្រាកបន្តិច។ ចំណែកឯពាក់ព័ន្ធនឹងការងារបន្ទាប់ ខ្ញុំបើកចំហចំពោះជម្រើសថ្មី ប៉ុន្តែខ្ញុំត្រូវការសម្រាកបន្តិច។ ជាក់ស្តែង មានមនុស្សជាច្រើនលើកឡើងពីក្រុមជម្រើសជាតិ ខ្ញុំស្គាល់បាល់ទាត់កម្ពុជាច្បាស់ណាស់ ហើយខ្ញុំធ្លាប់មានបទពិសោធន៍បង្វឹកក្រុមជម្រើសជាតិចិន នាពេលកន្លងមក។ វាជាតំណែងមួយដែលខ្ញុំចូលចិត្ត ហើយនឹងជាកិត្តិយសដ៏ធំមួយសម្រាប់ខ្ញុំ។ ប៉ុន្តែពេលនេះក្រុមជម្រើសជាតិកម្ពុជាស្ថិតក្នុងការគ្រប់គ្រងដ៏ល្អ ហើយខ្ញុំជូនពរពួកគេឱ្យទទួលបានជោគជ័យ។ កម្ពុជាតែងតែធ្វើល្អចំពោះខ្ញុំ។ ខ្ញុំនឹងយកចិត្តទុកដាក់ជានិច្ច ប្រសិនបើពួកគេត្រូវការខ្ញុំ។ ហើយបច្ចុប្បន្ននេះ ជំនួយការផ្ទាល់របស់ខ្ញុំក៏កំពុងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ដោយសារហេតុផលផ្ទាល់ខ្លួនផងដែរ។»
គួររំឭកថា លោក Pep Munoz ធ្លាប់ដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ចំនួន ២ រដូវកាលដ៏ជោគជ័យ ដោយឈ្នះពានរង្វាន់លីគកំពូលកម្ពុជា Cambodia Premier League ចំនួន ២លើក, ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ១លើក ក៏ដូចជា Cambodian Super Cup ចំនួន ១លើក និងទទួលរងជើងឯកពានរង្វាន់លំដាប់ទី ៣ របស់ទ្វីបអាស៊ី AFC Challenge League មុនចាកចេញទៅដឹកនាំក្លិបនៅលីគ កំពូលចិន Chinese Super League៕