ព័ត៌មានកីឡាអន្តរជាតិ
(English) ខ្សែប្រយុទ្ធ Marcus Rashford ត្រូបានរំពឹងថានឹងអវត្តមានពេញ ១ រដូវកាលនេះតែម្តង បន្ទាប់ពីមានបញ្ហារបួសសរសៃពួរ។ បញ្ហាខាងលើនេះក៏បានអូសបន្លាយដល់កីឡាករអង់គ្លេសវ័យ ២៧ ឆ្នាំរូបនេះខកខានជួយ Aston Villa លេងនៅពាន FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលពួកគេបានចាញ់ Crystal Palace កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន។
យ៉ាងណា វាមិនទាន់បានបញ្ចប់ទេអំពីសំណួរដែលចោទសួរថា Marcus Rashford ដែលកំពុងខ្ចីជើងពី Manchester United អាចត្រលប់មកវិញ មុនពេលបញ្ចប់យុទ្ធនាការ Premier League ដែរឬទេ ។ Marcus Rashford មិនទាន់បានសម្រេចចិត្តណាមួយនោះទេ ជុំវិញអនាគតរបស់រូបគេរហូតដល់ចុងបញ្ចប់រដូវកាលនេះសិន ស្របពេលកិច្ចសន្យារបស់គេជាមួយនឹងក្លិប Manchester United មានសុពភាពរហូតដល់ឆ្នាំ ២០២៨ ឯណោះ តែគេមិនបានរំពឹងថាត្រលប់ទៅលេងឱ្យក្លិបវិញទេ ប្រសិនបើមានលោក Ruben Amorim នៅដឹកនាំ៕
ប្រភព៖ BBC
(English) ខ្សែប្រយុទ្ធ Mohamed Salah បានចូលរួមពិធីជប់លៀងនៅកីឡដ្ឋាន Anfield ដោយស៊ុតបញ្ចូលទីគ្រាប់ទី ៤ ជួយឱ្យក្រុមរបស់រូបគេយកឈ្នះ Tottenham ដោយលទ្ធផល ៥ -១ ឈ្នះពាន Premier League លើកទី២០ តាមស្មើកំណត់ត្រារបស់បិសាចក្រហម Manchester United ។ តាមរយៈការទម្លាយសំណាញ់ទីបានមួយគ្រាប់កាលពីរាត្រីថ្ងៃអាទិត្យនេះបានធ្វើឱ្យតារា Liverpool ក្លាយជាកីឡាករបរទេសដែលស៊ុតបញ្ចូលទីបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Premier League។
មុនការប្រកួត Mohamed Salah មានកំណត់ត្រាស្មើជាមួយអតីតខ្សែប្រយុទ្ធរបស់ Man City គឺ Sergio Aguero ។ ឥឡូវនេះ Salah បានយកឈ្នះគាត់ដោយស៊ុតបញ្ចូលទី១៨៥គ្រាប់។ វាក៏មានន័យផងដែរថា Salah ឥឡូវនេះគឺជាអ្នកស៊ុតបញ្ចូលទីបានល្អបំផុតទី៥នៃយុគសម័យ Premier League បន្ទាប់ពី Alan Shearer, Harry Kane, Wayne Rooney និង Andy Cole ប៉ុណ្ណោះ៕
ប្រភព៖ Tribuna
ព័ត៌មានកីឡាជាតិ
(English)
ក្លិបព្រះខ័នរាជស្វាយរៀង ត្រូវការតែ ៣ ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៣ ប្រកួតដែលនៅសល់ បន្ទាប់ពីពួកគេបានយកឈ្នះលើអង្គរថាហ្គឺរ ៦-១ ស្របពេលភ្នំពេញក្រោន ចាញ់បឹងកេត ៤-៣ កាលពីយប់មិញ។ លទ្ធផលបែបនេះបានធ្វើឱ្យក្រុមលោក Pep Muñoz មាន ៧០ ពិន្ទុ នាំមុខកំពូលតារាង Cambodia Premier League 2024-25 បន្ទាប់ពីឆ្លងកាត់ ២៧ ប្រកួតមកនេះ ស្របពេលភ្នំពេញក្រោន ដែលឈរលេខ ២ មាន ៦៣ពិន្ទុ លេង ២៧ប្រកួតដូចគ្នា។
មានន័យថា ព្រះខ័នរាជស្វាយរៀង ដែលបានគ្រងជើងឯកលីគកំពូលកម្ពុជា កាលពីឆ្នាំមុន ត្រូវការតែ ៣ ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីលើកពានលីគ ក្នុងរដូវកាលទី ២ របស់លោក Pep Muñoz ក៏ដូចជា ២ ឆ្នាំជាប់ៗគ្នា និងជាលើកទី ៤ ក្នុងប្រវត្តិសាស្រ្តក្លិប ផងដែរ។ ម្ចាស់ជើងឯកលីគ ៣ សម័យកាល ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកាសជើងឯក Cambodia Premier League រដូវកាលនេះតែម្តង ប្រសិនបើឈ្នះណាហ្គាវើលដ៍ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅឯកីទ្បដ្ឋានខេត្តស្វាយរៀងរបស់ខ្លួន៕
(English) Al Hilal ត្រូវបានគេរាយការណ៍ថាបានដាក់សំណើរដ៏ធំមួយទៅកាន់ Barcelona សម្រាប់ការផ្ទេរខ្សែបម្រើស្លាបប្រេស៊ីល Raphinha ។ Al Hilal សុខចិត្តចំណាយ ៣៤០លានដុល្លារដើម្បីនាំយក កីឡាកររូបនេះមកកាន់ទ្វីបអាស៊ី ដែលក្នុងនោះ១១៣ លានដុល្លារសម្រាប់ក្លឹប Barcelona និងជាង២២៦លានដុល្លារសម្រាប់កីឡាករ Raphinha ។
ការផ្តល់ជូននេះរួមបញ្ចូលទាំងកិច្ចសន្យារយៈពេល ៤ ឆ្នាំ សម្រាប់ Raphinha ជាមួយនឹងប្រាក់ខែសុទ្ធចំនួន ៥៦ លានដុល្លារក្នុងមួយរដូវកាល។ កិច្ចព្រមព្រៀងដ៏ធំនេះអាចនឹងមានសក្ដានុពលរង្គោះរង្គើទាំង Barcelona និង Raphinha ដែលជាផ្នែកសំខាន់មួយក្នុងក្រុមក្នុងរដូវកាលនេះ។ Raphinha មានកុងត្រាជាមួយ Barcelona រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ ហើយក្លឹបកំពុងស្វែងរកការបន្តថ្មីទៀត។
ទោះជាយ៉ាងណាក៏ដោយ ការផ្តល់ជូនរបស់អារ៉ាប៊ីសាអូឌីត អាចផ្លាស់ប្តូរស្ថានភាពទាំងស្រុង។ ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់កីឡាករនៅរដូវកាលនេះ ជាមួយនឹងគ្រាប់បាល់៣០ គ្រាប់ និងជួយបាន២៣ដងក្នុងការបង្ហាញខ្លួន៤៩ ដង បានធ្វើឱ្យគាត់ក្លាយជាកីឡាករសំខាន់សម្រាប់ក្រុមរបស់លោក Hansi Flick ។ Barcelona បច្ចុប្បន្នកំពុងនាំមុខគេក្នុងតារាង Liga ហើយក៏កំពុងប្រជែងគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League និងវគ្គផ្តាច់ព្រ័ត្រ Copa del Rey ទល់នឹង Real Madrid ។អនាគតរបស់ Raphinha ទំនងជានឹងត្រូវសម្រេចចិត្តនៅប៉ុន្មានថ្ងៃខាងមុខ៕
(English) Liverpool កំពុងឈរកំពូលតារាង នឹងឆ្ពោះទៅរកតំណែងជើងឯកពានរង្វាន់ Premier League នៅរដូវកាលនេះ ជាមួយនឹងប្រាក់ចំណូលជាង ២៣៥ លានដុល្លារ។ លោកArne Slot នឹងដឹកនាំឈ្នះពានរង្វាន់នៅក្នុងយុទ្ធនាការលើកដំបូងដែលមិនធ្លាប់មានរបស់គាត់ក្នុងនាមជាអ្នកចាត់ការទូទៅ ។
ប្រាក់ចំណូលទាំងនោះរួមមាន:
១-ប្រាក់ចំណូលភាគហ៊ុនស្មើគ្នារបស់លីកមានចំនួនជាង១២៦លានដុល្លារ
២-ប្រាក់រង្វាន់ឈ្នះពានមានចំនួនជាង៧៥លានដុល្លារ។
៣-ពាណិជ្ជកម្មទូរទស្សន៍ក្នុងស្រុកចំនួនជាង៣៣លានដុល្លារ។
៤-ប្រាក់រង្វាន់លេីកទឹកចិត្តពីការផ្សាយអន្តរជាតិចំនួនជាង១០ លានដុល្លារ។
ការជំរុញផ្នែកហិរញ្ញវត្ថុនេះមិនត្រឹមតែផ្តល់រង្វាន់ដល់យុទ្ធនាការជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងជំហររបស់ Liverpool នៅក្នុងទីផ្សារផ្ទេររដូវក្តៅ និងជួយដល់ផែនការរយៈពេលវែងផងដែរ៕
(English) Liverpool នឹងមានឱកាសឈ្នះពាន Premier League ជាលើកទី ២០ របស់ពួកគេនៅថ្ងៃអាទិត្យទី២៧ ខែមេសា ឆ្នាំ២០២៥ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ ក្រុម Tottenham នៅកីឡដ្ឋាន Anfield ។ ហង្សក្រហមមានកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងទឹកដីរបស់ខ្លួនពេលទទួលភ្ញៀវ Tottenham គឺចាញ់តែម្តងគត់ក្នុងការជួបគ្នា ៣០ លើកចុងក្រោយនៅ Premier League និងមិនដែលចាញ់ក្នុង១៣លើកចុងក្រោយរបស់ពួកគេចាប់តាំងពីចាញ់ ២-០ ក្នុងខែឧសភា ឆ្នាំ ២០១១ ។
ចំណែកឯវិញ Tottenham បានតស៊ូជាមួយ Liverpool ក្នុងរដូវកាលនេះ ដោយបានរបូតគ្រាប់បាល់សរុប១០គ្រាប់ក្នុង ២ប្រកួត គឺចាញ់៦-៣ក្នុងលីគ និងចាញ់៤-០ក្នុងការប្រកួត Carabao Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរ។ លើកចុងក្រោយ Spurs បានរបូតគ្រាប់បាល់ច្រើនក្នុងអំឡុងរដូវកាល ២០១៣-១៤ គឺ១១គ្រាប់ពេលប្រកួតជាមួយ Manchester City ។ ការបង្ហាញទម្រង់ការពារដ៏អាក្រក់បំផុតរបស់ពួកគេបានកើតឡើងនៅក្នុងរដូវកាល២០០១-០២ នៅពេលដែលពួកគេបានបណ្តោយឱ្យរបូត១៤គ្រាប់ទល់នឹង Chelsea ៕
(English) UEFA កំពុងពិចារណាលើការផ្លាស់ប្តូរទម្រង់ប្រកួតសំខាន់ៗចំនួនបីសម្រាប់ក្របខណ្ឌ UEFA Champions League នៅរដូវកាល ២០២៥-២៦។ គម្រោងផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីមានការប្តឹងផ្តល់ពីក្រុម Arsenal។
គម្រោងផ្លាស់ប្តូរទាំង៣រួមមានៈ
១- UEFA អាចនឹងផ្លាស់ប្តូរបទប្បញ្ញត្តិរបស់ពួកគេ ដើម្បីឱ្យក្រុមដែលបញ្ចប់ក្នុងដំណាក់កាលប្រកួតក្នុងលីគខ្ពស់ជាង ទទួលបានអត្ថប្រយោជន៍ប្រកួតក្នុងផ្ទះសម្រាប់ជើងទី២ក្នុងវគ្គជម្រុះ។
រដូវកាលនេះ ក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់ក្នុងតារាងបានលេងនៅផ្ទះក្នុងជើងទី ២ ក្នុងការប្រកួត១៦ ចុងក្រោយ ប៉ុន្តែសម្រាប់ការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ឬពាក់កណ្តាលផ្តាច់ព្រ័ត្រ មិនទទួលបានអត្ថប្រយោជន៍បែបនោះទេ។ ជាឧទាហរណ៍ Arsenal ត្រូវប្រកួតជើងទី២ ជាមួយក្រុម Real Madrid នៅកីឡដ្ឋាន Santiago Bernabeu ហើយត្រូវលេងក្រៅដីសម្រាប់ការប្រកួតជើងទី២នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេទល់នឹង PSG ផងដែរ។
Arsenal បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងលីគ ហើយមានអារម្មណ៍ថាពួកគេគួរតែទទួលបានរង្វាន់សម្រាប់រឿងនេះ ដោយអ្នកគាំទ្របាល់ទាត់ភាគច្រើនទទួលបានអត្ថប្រយោជន៍បន្តិចបន្តួចក្នុងការលេងជើងទីពីរនៅផ្ទះ។ តាមការប្រៀបធៀប Real Madrid (លេខ១១) និង PSG (លេខ១៥) ទាំងពីរបានបញ្ចប់នៅក្រៅតារាង កំពូលទាំង៨ហើយត្រូវឈ្នះការប្រកួត play-off ដើម្បីឈានទៅវគ្គ១៦ ក្រុមចុងក្រោយ។
២- UEFA កំពុងពិចារណាដកម៉ោងបន្ថែម១៥នាទី២ដង (Extra Time) ស្ថាប័នបាល់ទាត់អឺរ៉ុបកំពុងគិតអំពីការកាត់បន្ថយម៉ោងបន្ថែម ដើម្បីបន្ធូរបន្ថយបន្ទុកការងាររបស់កីឡាករចំពេលមានការព្រួបារម្ភកាន់តែខ្លាំងឡើងចំពោះការកើនឡើងនៃរបួស។
៣-ការផ្លាស់ប្តូរដ៏មានសក្តានុពលចុងក្រោយទាក់ទងនឹងក្រុមមកពីប្រទេសតែមួយលេងជាមួយគ្នាក្នុងដំណាក់កាលលីក។ការប្រកួតបែបនេះវាមិនមានការទាក់ទាញសម្រាប់ទាំងអ្នកគាំទ្រ និងអ្នកផ្សាយ។ ត្រឡប់មកវិញ UEFA អាចនាំយកច្បាប់ការពារមកវិញ ដែលមានន័យថាការជួបគ្នាក្លឹបក្នុងប្រទេសនឹងត្រូវរង់ចាំរហូតដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ។
ច្បាប់នោះមាននៅមុនការផ្លាស់ប្តូរជុំចុងក្រោយបំផុតនៃការប្រកួតប្រជែង។ ជាឧទាហរណ៍ជាក់ស្តែងចំនួនពីរ៖ ក្នុងយុទ្ធនាការ Champions League រដូវកាលនេះ PSG ប៉ះ Brest ដែលជាមិត្តរួម Ligue 1 ក្នុងវគ្គ Play-off។ Bayern Munich និង Leverkusen ក៏ត្រូវប៉ះគ្នាក្នុងជុំទី ១៦ ដូចក្រុមមានមូលដ្ឋាននៅ Madrid ដែរ៕
(English) យោងតាមរបាយការណ៍របស់គេហទំព័រ Sportico.com ចេញផ្សាយកាលពីថ្ងៃពុធទី២៣ ខែមេសា ឆ្នាំ២០២៥ ដែលបានស្រាវជ្រាវអត្តពលិក ៨ ប្រភេទមកពី ១៦ ប្រទេសផ្សេងគ្នាដែលមានប្រាក់ចំណូលខ្ពស់បំផុត សរុបចំនួន ៥០ នាក់ដោយបានរកឃើញថា Cristiano Ronaldo គឺជាកីឡាករបាល់ទាត់ដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។ កីឡាករព័រទុយហ្គាល់ត្រូវបានគេប៉ាន់ស្មានជាមួយនឹងប្រាក់ចំណូលចំនួន២,២៣ពាន់លានដុល្លារ ។
ប្រភពខាងលើដដែលបានឱ្យដឹងទៀតថា Cristiano Ronaldo ឈរលំដាប់លេខ៣ ចំណាត់ថ្នាក់ទូទៅ ក្នុងបញ្ជីអត្តពលិកមកពីកីឡាផ្សេងចំនួន៥០រូប តាមពីក្រោយ កីឡាករវាយកូនហ្គោល Tiger Woods (លេខ២ មានលុយសរុប២,៧៩ពាន់លានដុល្លារ) និងកីឡាករបាល់បោះអាមេរិក Michael Jordan (លេខ១ មានលុយសរុប៤,១៥ពាន់លានដុល្លារ)។
ខាងក្រោមនេះគឺជាបញ្ជីកីឡាករបាល់ទាត់៤រូបជាប់ឈ្មោះក្នុងបញ្ជី៖
១- Cristiano Ronaldo មានលុយសរុប ២,២៣ពាន់លានដុល្លារ
២- Lionel Messi មានលុយសរុប១,៨៥ពាន់លានដុល្លារ
៣- David Beckham មានលុយសរុប ១,៦១ពាន់លានដុល្លារ
៤- Neymar មានលុយសរុប ១,១៧ពាន់លានដុល្លារ៕
(English) អ្នកគាំទ្ររបស់ក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយកីឡាករឆ្នើម Gabriel Silva បានរបួសក្នុងជំនួបរវាងព្រះខ័នរាជស្វាយរៀង និងបឹងកេត សម្រាប់ការប្រកួតវគ្គ ៤ ក្រុមចុងក្រោយ នៃពានរង្វាន់ HSC ជើងទី ១ ដោយបញ្ចប់លទ្ធផល ០-១ នៅឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក កាលពីយប់មិញ។
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ ២៨ ឆ្នាំរូបនេះបានទទួលរងរបួស បន្ទាប់ពីខ្សែការពារ Alex Baker បានព្យាយាមរារាំង និងប្រជែងយកបាល់ពីជើង Gabriel Silva។ ក្រោយទទួលរងរបួស Gabriel Silva ត្រូវបានសែងចេញពីទីលានតែម្តង។ Gabriel Silva បានផ្លាស់ប្ដូរចេញនៅនាទី ២៦ ក្នុងតង់ទី ១ ដោយជំនួសមកវិញដោយ Cristian Roque។
បញ្ហាខាងលើនេះ គ្រូបង្វឹករបស់ក្លិបព្រះខ័នរាជស្វាយរៀង លោក Pep Muñoz បានបញ្ជាក់ថា៖ យើងនៅតែមិនមានលទ្ធផល នៃការធ្វើតេស្តពីវេជ្ជសាស្រ្តទ្បើយ។ យើងកំពុងរង់ចាំមើលនៅព្រឹកនេះ។ ដូច្នេះហើយ យើងរង់ចាំមើលការស្កេនទើបអាចនិយាយបាន។
សូមបញ្ជាក់ថា ក្រុមព្រះខ័នរាជស្វាយរៀង សង្ឃឹមថា Gabriel Silva នឹងអាចចូលរួមលេងទល់នឹង FK Arkadag សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់លំដាប់ទី ៣ របស់ទ្វីបអាស៊ី AFC Challenge League នៅឯពហុកីទ្បដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ៕