ព័ត៌មានកីឡាអន្តរជាតិ
(English) លោក Carlo Ancelotti នឹងចូលកាន់តំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ ប្រេស៊ីលនៅថ្ងៃទី២៦ខែឧសភា បន្ទាប់ពីបញ្ចប់ភារកិច្ចរបស់លោកជាមួយ Real Madrid ។
លោក Ancelotti ទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតបើប្រៀបធៀបទៅនឹងគ្រូបង្វឹកមុនៗគឺតម្លៃជាង ៨៥ ម៉ឺនដុល្លារក្នុងមួយខែធ្វើឱ្យលោកក្លាយជាអ្នកគ្រប់គ្រងដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រប្រេស៊ីលនិងជាគ្រូបង្វឹកជនជាតិបរទេសដំបូងគេផងដែរ។ យោងតាមសារព័ត៌មានប្រេស៊ីល ESPN Brazil បានបង្ហាញថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះទទួលបានប្រាក់ឈ្នួលសរុបជាង ១០លានដុល្លារក្នុងមួយឆ្នាំ ច្រើនជាងពីរដងនៃអ្នកកាន់តំណែងមុនរបស់គាត់ គឺលោក Tite និង Dorival Junior៕
(English) Manchester United អាចប្រឈមមុខនឹងបម្រាមមិនឲ្យចូលរួមប្រកួតពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយ ដោយសារតែសហម្ចាស់ភាគហ៊ុនរបស់ក្លឹបគឺលោក Sir Jim Ratcliffe ។ ចំណែកឯសារព័ត៌មាន Manchester Evening News ក៏បានផ្សាយដែរថា លោក Ratcliffe កំពុងកាន់កាប់ភាគហ៊ុនដ៏សំខាន់មួយរបស់ក្លិប Nice នៅក្នុងក្របខណ័្ឌបាល់ទាត់បារាំង Ligue 1 ដែលបច្ចុប្បន្នស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ មានសិទ្ធិសម្រាប់ការប្រកួតពានអឺរ៉ុបផងដែរ។
យោងតាមច្បាប់ UEFA បានហាមក្លិបពីរស្ថិតក្រោមម្ចាស់កម្មសិទ្ធិតែមួយមិនឱ្យចូលរួមប្រកួតពានរង្វាន់អឺរ៉ុបដូចគ្នាទេ។ ប្រសិនបើ United ឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ទល់នឹង Tottenham ពួកគេនឹងទទួលបាននូវកៅអីក្នុងក្របខណ្ឌ Champions League ប៉ុន្តែវាអាចត្រូវបានរារាំងប្រសិនបើ Nice ក៏មានលក្ខណៈគ្រប់គ្រាន់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ UEFA បានធ្វើការលើកលែងក្នុងរដូវកាលនេះសម្រាប់ Manchester City និង Girona ដែលជាកម្មសិទ្ធិរបស់ City Football Group នោះ Manchester United ត្រូវបានគេរាយការណ៍ថាសង្ឃឹមថានឹងទទួលបានការបន្ធូរបន្ថយស្រដៀងគ្នានេះដែរ។
ភាពតានតឹងជុំវិញកម្មសិទ្ធិពីររបស់ Ratcliffe បាននិងកំពុងកើនឡើង ជាពិសេសបន្ទាប់ពីការផ្ទេរបរាជ័យរបស់ Jean-Clair Todibo ទៅកាន់ Old Trafford ពី Nice កាលពីដើមឆ្នាំនេះ។ Sir Jim Ratcliffe ត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមរៀបចំលក់ក្លិបបារាំង Nice ប្រសិនបើក្លិបទាំង ២ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការប្រកួត UEFA Champions League ដែលកំពុងរង់ចាំការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League របស់ United ទល់នឹង Tottenham ៕
(English) Manchester United បានកំណត់សំបុត្រឥតគិតថ្លៃចំនួនពីរតែ ២ ប៉ុណ្ណោះសម្រាប់កីឡាករម្នាក់ៗនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League នៅសប្តាហ៍ក្រោយជាមួយនឹងក្រុម Tottenham ក្នុងទីក្រុង Bilbao ប្រទេសអេស្ប៉ាញ។ នេះគឺជាវិធានការណ៍ថ្មីបន្ថែមទៀតដែលជាគោលនយោបាយរបស់លោក Sir Jim Ratcliffe ក្នុងការព្យាយាមកាត់បន្ថយចំណាយរបស់ខ្លួន។ United ត្រូវបានគេជូនដំណឹងថាពួកគេនឹងអាចទិញសំបុត្រ ១០ បន្ថែមទៀតសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែឧសភា នៅកីឡដ្ឋាន San Mames ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករត្រូវតែដោះស្រាយដោយផ្ទាល់នូវរាល់ការដឹកជញ្ជូនសម្រាប់មិត្តភក្តិ និងក្រុមគ្រួសារដែលធ្វើដំណើរទៅ និងមកពីទីក្រុងភាគខាងជើងនៃប្រទេសអេស្ប៉ាញ។
ក្លិបនិយាយថាខ្លួនកំពុងផ្តល់អាទិភាពលើការបែងចែកសំបុត្រឱ្យបានច្រើនតាមដែលអាចធ្វើទៅបានពីការចែកចាយផ្លូវការចំនួន១៥០០០ដល់អ្នកគាំទ្រ។ ការសម្រេចចិត្តនេះកើតឡើងជាផ្នែកនៃយុទ្ធនាការកាន់តែទូលំទូលាយដើម្បីកាត់បន្ថយការចំណាយលើប្រតិបត្តិការខណៈការកាត់បន្ថយបុគ្គលិកបានធ្វើរួចហើយ។ ជាមួយនឹងផែនការនេះដែរ បុគ្គលិករបស់ Manchester United នឹងមិនត្រូវបានផ្តល់សំបុត្រដោយឥតគិតថ្លៃសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះទេ ដែលជាការបំពាននឹងទម្លាប់ពីមុនមក។ ផ្ទុយទៅវិញ Spurs បានផ្តល់សំបុត្រដល់បុគ្គលិកពេញម៉ោងរបស់ខ្លួន។ ផ្ទុយទៅវិញ ពិធីជប់លៀងដែលរៀបចំដោយក្លឹប គ្រោងនឹងប្រព្រឹត្តទៅនៅកណ្តាលទីក្រុង Manchester សម្រាប់បុគ្គលិក៕
(English) ខ្សែបម្រើ Ousmane Dembele របស់ក្លិប Paris Saint Germain ទទួលបានពានរង្វាន់កីឡាករប្រចាំឆ្នាំនៅក្នុងលីគបាល់ទាត់បារាំង Ligue 1 កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានដឹកនាំក្លិបឈ្នះពានបារាំងលើកទី ១៣ និងទទួលបានកៅអីមួយក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ។ Dembele គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុង Ligue 1 ជាមួយនឹងគ្រាប់បាល់ចំនួន ២១ និងគ្រាប់បាល់សរុប ៣៣ គ្រាប់ក្នុង ៤៦ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់រួមទាំង ៨ គ្រាប់នៅអឺរ៉ុប។ សមត្ថភាពដ៏អស្ចារ្យរបស់រូបគេបានជួយ PSG លើកពាន Ligue 1 លើកទី ១១ របស់ពួកគេក្នុងរយៈពេល ១៣ ឆ្នាំចុងក្រោយ។
Ousmane Dembele ស្នងតំណែង Kylian Mbappe ដែលបានគ្រប់គ្រងពានរង្វាន់នេះ ៥ ឆ្នាំជាប់ៗគ្នា មុនពេលផ្លាស់ទៅ Real Madrid កាលពីរដូវក្តៅមុន។ ជាមួយគ្នានេះដែរលោក Luis Enrique ត្រូវបានតែងតាំងជាគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំនៅ UNFP (សហភាពអ្នកលេងបារាំង) Trophies Gala ខណៈដែល Desire Doue ឈ្នះរង្វាន់សម្រាប់កីឡាករវ័យក្មេងល្អបំផុតនៅ Ligue 1។
PSG កំពុងតែសម្លឹងមើលពានរង្វាន់៣ជាប្រវត្តិសាស្ត្រ បន្ទាប់ពីឈ្នះពាន Ligue នៅសល់ពាន ២ ទៀតគឺការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ French Cup ទល់នឹង Reims នៅថ្ងៃទី២៤ ខែឧសភា បន្ទាប់មកនៅវគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹង Inter Milan នៅថ្ងៃទី៣១ខែឧសភា៕
ប្រភព៖ Yahoo.com
(English) Barcelona បានយកឈ្នះ Real Madrid ក្នុងលទ្ធផល ៤-៣ ក្នុងការប្រកួតពានរង្វាន់ La Liga ជុំទី ៣៥ កាលពីរាត្រីថ្ងៃអាទិត្យ។
Barcelona បានយកឈ្នះReal Madrid ទាំង ៤ ដងរួមមានៈ
-Real Madrid 0-4 Barcelona
-Real Madrid 2-5 Barcelona
-Barcelona 3-2 Real Madrid
-Barceona 4-3 Real Madrid
ជាមួយនឹងលទ្ធផលនេះ វាបានជួយឱ្យក្រុម Catalans ឈ្នះទាំងបួនដងនៃការប្រកួត Clasicos ក្នុងរដូវកាលនេះ។ ជ័យជម្នះនេះបានធ្វើឲ្យលោក Hansi-Dieter Flick បានក្លាយជាគ្រូបង្វឹកទីពីររបស់ Barcelona ដែលបានដឹកនាំឈ្នះការប្រកួត៤ដង
ជាប់ៗគ្នាក្នុងប្រវត្តិសាស្ត្រ El Clasico នៅគ្រប់ការប្រកួតទាំងអស់។ លោកបានតាមស្មើកំណត់ត្រារបស់លោក Pep Guardiola ដែលគ្រប់គ្រងក្លិប Barcelona ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២។ Flick បានកាន់កាប់ក្លិប Barcelona កាលពីចុងខែឧសភាឆ្នាំមុន៕
(English) Kylian Mbappe បំបែកកំណត់ត្រាប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយរបស់ Real Madrid ក្នុងការប្រកួត El Clasico កាលពីរាត្រីថ្ងៃអាទិត្យ ដោយការស៊ុតបញ្ចូលទីបាន ៣ គ្រាប់ទល់នឹង Barcelona ។ ជាមួយនឹងគ្រាប់បាល់ចំនួន ៣ គ្រាប់នៅឯកីឡដ្ឋាន Estadi Olímpic Lluis Company ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានបង្កើនគ្រាប់បាល់សរុបចំនួន ៣៩ គ្រាប់គ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ បង្កើតកំណត់ត្រាថ្មីក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតក្នុងមួយរដូវកាលដំបូង។
យោងតាម talkSPORT ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានបំបែកកំណត់ត្រាកីឡាករស៊ីលី Ivan Zamorano ដែលស៊ុតបញ្ចូលទីបាន ៣៧ ក្នុងរដូវកាល ១៩៩២-៩៣ ។ Mbappe ក៏បានបំបែកកំណត់ត្រាយុទ្ធនាការដំបូងរបស់ Cristiano Ronaldo ដែលស៊ុតបញ្ចូលទីសរុបបាន ៣៣ គ្រាប់ បន្ទាប់ពីផ្ទេរពី Manchester United ឆ្នាំ២០០៩ ផងដែរ៕
(English) Inter Milan នឹងទទួលបានប្រាក់លើកទឹកចិត្តដ៏ច្រីន ប្រសិនបើអាចឈ្នះពានរង្វាន់អឺរ៉ុបដ៏មានកិត្យានុភាព។ ក្លិបយក្សអ៊ីតាលីខាងលើនេះត្រូវបានគេមើលឃើញថាមានឱកាសឈ្នះពាន UCL សម្រាប់ឆ្នាំ ២០២៥ ដោយសារពួកគេបានបំបាក់ Bayern Munich ក្នុងវគ្គ ៨ ក្រុម និង Barcelona ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប្រាក់រង្វាន់លើកទឹកចិត្តនោះមានតម្លៃជាង ១១ លានដុល្លារ ដែលកីឡាករម្នាក់ៗអាចទទួលបានប្រហែលជាង ៤០ ម៉ឺនដុល្លារ។
Inter ទទួលបានបានប្រាក់លើកទឹកចិត្តចំនួនជាង ៤ លានរួចហើយសម្រាប់ការឈានដល់វគ្គផ្តាច់ព្រ័ត្រ។ Inter Milan រកបានប្រាក់ចំណូលរបសពី UEFA Champions League ជាង ១៣៣ លានដុល្លារ រួចហើយមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយ PSG ។ការប្រកួតផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១ ខែមិថុនានៅទីក្រុងMunchen ប្រទេសអាល្លឺម៉ង់៕
ព័ត៌មានកីឡាអាស៊ី
(English) Brandon Lee ដែលជាខ្សែការពាររបស់ក្លិប Burnley FC បានបង្ហាញពីបំណងចង់លេងឱ្យក្រុមជម្រើសជាតិវៀតណាម នាពេលអនាគត។ កីទ្បាករវ័យ ១៩ ឆ្នាំរូបនេះកំពុងតែប្រកបអាជីពបាល់ទាត់នៅអង់គ្លេស ដោយលេងឱ្យក្លិប Burnley FC ក្នុងកម្រិតយុវជនអាយុក្រោម ២១ ឆ្នាំ ហើយនឹងត្រៀមឡើងទៅកាន់ក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League នារដូវកាលក្រោយ ផងដែរ។
Brandon Lee បានកើតនៅប្រទេសអៀរឡង់ ដោយឳពុករបស់គេជាជនជាតិវៀតណាម បានបង្ហាញក្តីសុបិនចង់ត្រលប់ទៅប្រទេសវៀតណាមវិញ ដើម្បីលេងនៅលីគកំពូលវៀតណាម (V-League) ។ ជាមួយគ្នានោះ Brandon Lee បាននិយាយថា៖ រូបគេចង់ត្រលប់ទៅស្រុកកំណើតរបស់ឳពុករបស់គេ ហើយលេងនៅទីនេះថ្ងៃណាមួយ។ រូបគេនៅតែតាមដានលីគកំពូលវៀតណាម V-League ។
Brandon Lee ក៏បាននិយាយនៅក្នុងបទសម្ភាសមួយថា៖ រូបគេកំពុងស្ថិតក្នុងដំណាក់កាលដំបូង នៃការចរចាជាមួយក្លិបនានាក្នុងប្រទេសវៀតណាម។ Brandon Lee បន្តទៀតថា៖ ពាក់កណ្តាលនៃឈាមរបស់គេ គឺជាជនជាតិវៀតណាម។ រូបគេសង្ឃឹមថាថ្ងៃណាមួយគេអាចលេងតំណាងឱ្យប្រទេសវៀតណាម និងជួយក្រុមឱ្យទទួលបានភាពជោគជ័យនៅលើឆាកអន្តរជាតិ។
Brandon ក៏បានសរសើរដំណើររបស់វៀតណាមក្នុងការឈ្នះពានរង្វាន់ AFF Championship ដោយនិយាយថា “រូបគេបានមើលគ្រប់ការប្រកួតក្នុងពានរង្វាន់ AFF Championship ហើយនៅពេលអនាគត រូបគេពិតជាចង់ក្លាយជាផ្នែកមួយនៃក្រុមនេះ។ រូបគេសង្ឃឹមថាថ្ងៃណាមួយគេអាចពាក់អាវរបស់ក្រុមជម្រើសជាតិ ហើយប្រហែលជាបានលេងក្នុងការប្រកួតដ៏ធំដូចជា World Cup ។ នោះពិតជាធ្វើឱ្យប៉ារបស់គេមានមោទនភាព៕
ប្រភព៖ Ball Thai
(English) ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បាននិយាយថា ឱកាសសម្រាប់រុស្ស៊ីលេងនៅ FIFA World Cup 2026 អាចជាការលើកទឹកចិត្ត ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ថ្លៃនៅក្នុងកិច្ចប្រជុំលើកដំបូងនៃក្រុមការងារគ្រប់គ្រងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ លោក Trump បាននិយាយថា ការធ្វើឱ្យរុស្ស៊ីមានសិទ្ធឡើងវិញសម្រាប់ការប្រកួតនេះអាចជាការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខណៈដែល ប្រធាន FIFA លោក Gianni Infantino ដែលអង្គុយក្បែរលោក Trump បាននិយាយថា៖ លោកមិនដឹងថាប្រទេសរុស្ស៊ី ត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួតនោះទេ ។
ជាមួយគ្នានោះ លោក Gianni Infantino បាននិយាយថា៖ នោះជាការត្រឹមត្រូវ។ ពួកគេត្រូវបានហាមប្រាម ប៉ុន្តែយើងសង្ឃឹមថានឹងមានអ្វីមួយកើតឡើង ហើយសន្តិភាពនឹងកើតឡើង ដូច្នេះរុស្ស៊ីអាចបាន។ លោក Trump បានបន្តថា៖ វាអាចទៅរួច។ នោះអាចជាការលើកទឹកចិត្តដ៏ល្អមែនទេ? យើងចង់ឱ្យពួកគេបញ្ឈប់ ខណៈដែលយុវជន ៥ ពាន់នាក់ក្នុងមួយសប្តាហ៍កំពុងត្រូវបានសម្លាប់ ដែលវាមិនគួរឱ្យជឿ។
គួរជម្រាបថា ក្រុមជម្រើសជាតិរុស្សីត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួតអន្តរជាតិដោយ FIFA និង UEFA ចាប់តាំងពីឆ្នាំ ២០២២ បន្ទាប់ពីការលុកលុយលើប្រទេសអ៊ុយក្រែន។ នៅក្នុងច្បាប់បច្ចុប្បន្ន រុស្ស៊ីនឹងមិនអាចលេងនៅ World Cup ឆ្នាំ២០២៦ ដែលសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ធ្វើជាម្ចាស់ផ្ទះរួមគ្នា ខណៈការលេងវគ្គជម្រុះបានចាប់ផ្តើមនៅតាំងពីខែកញ្ញា ឆ្នាំ២០២៣ ក្នុងទម្រង់លេងថ្មី ៤៨ ក្រុម៕
ប្រភព៖ BBC