International News
លោក Dragan Stojkovic បានលាលែងពីតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិស៊ែប៊ី បន្ទាប់ពីលោកដឹកនាំក្រុមបរាជ័យក្នុងដីខ្លួនឯងក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិអាល់បានី ១-០ ក្នុងការប្រកួតវគ្គជម្រុះ World Cup កាលពីថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ។ Stojkovic ដែលបានចូលកាន់តំណែងក្នុងឆ្នាំ ២០២១ បានដឹកនាំក្រុមជម្រើសជាតិស៊ែប៊ីទៅលេង World Cup ក្នុងប្រទេសកាតា ប៉ុន្តែថ្មីៗនេះបានដឹកនាំក្រុមចាញ់ជាប់ៗគ្នា ដោយចាញ់ក្រុមអង់គ្លេស ៥-០ ក្នុងខែកញ្ញា និងអាល់បានី ១-០ ក្នុងដីរបស់ខ្លួនឯង កាលពីថ្ងៃសៅរ៍។
អ្នកចាត់ការសញ្ជាតិស៊ែប៊ីបានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំបាននិយាយជាមួយប្រធានាសហព័ន្ធកីទ្បាបាល់ទាត់ស៊ែប៊ី និងអគ្គលេខាធិការ… ហើយខ្ញុំបានស្នើឱ្យលាលែងពីតំណែង។ខ្ញុំផ្ទាល់មិននឹកស្មានថាការបរាជ័យនេះ… ខ្ញុំជាមនុស្សម្នាក់ដែលទទួលយកការទទួលខុសត្រូវទាំងស្រុង»។
ស៊ែប៊ី ឈរលេខ៣ក្នុងពូល K មាន៧ពិន្ទុ ខណៈដែលអង់គ្លេសឈរកំពូលតារាង ១៥ពិន្ទុ និងអាល់បានីលេខ២ មាន១១ពិន្ទុ ដោយបានលេងមួយប្រកួតទៀត។ លទ្ធផលនេះក៏ជំរុញឱ្យអង់គ្លេសឈានទៅដល់វគ្គជម្រុះសម្រាប់ការប្រកួត World Cup ឆ្នាំក្រោយនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ខណៈដែលក្រុមរបស់លោក Thomas Tuchel អាចដណ្តើមយកកន្លែងរបស់ពួកគេជាមួយនឹងជ័យជម្នះនៅប្រទេសឡាតវី នៅថ្ងៃអង្គារនេះ៕
ប្រភព៖ Reuters
ប្រធាន FIFA លោក Gianni Infantino បានមានប្រសាសន៍ថា ស្ថាប័នគ្រប់គ្រងបាល់ទាត់កំពុងពិចារណាកំណត់ពេលប្រកួតបាល់ទាត់ពិភពលោកនាពេលអនាគតនៅខែមីនា ឬខែតុលា ដោយលើកឡើងពីតម្រូវការលក្ខខណ្ឌអាកាសធាតុដែលសមស្រប។ ប្រធាន FIFA លោក Infantino បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានថ្មីៗនេះថា ប្រសិនបើយើងចង់ប្រកួតឲ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌអាកាសធាតុ យើងត្រូវជ្រើសរើសខែមីនា ឬខែតុលា។ យើងកំពុងពិភាក្សាអំពីវា ។
ប្រធាន FIFA បានពន្យល់ថា ប្រតិទិនបាល់ទាត់ពិភពលោកត្រូវតែវិវឌ្ឍដើម្បីឆ្លុះបញ្ចាំងពីការពិតសម័យទំនើប ជាពិសេសជាមួយនឹងការប្រកួតដែលត្រូវបានរៀបចំឡើងនៅក្នុងតំបន់ដែលមានសីតុណ្ហភាពក្តៅខ្លាំង។ ខណៈពេលដែលមិនទាន់មានកាលបរិច្ឆេទផ្លូវការណាមួយត្រូវបានបញ្ជាក់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣៤ នោះ របាយការណ៍បានបង្ហាញថាវាទំនងជានឹងធ្វើឡើងក្នុងរដូវរងា ដោយមានការរំពឹងទុកកាន់តែច្រើនឡើងថាព្រឹត្តិការណ៍នេះពិតជាអាចកើតឡើងនៅក្នុងខែមករា ឆ្នាំ២០៣៥។
ការកែតម្រូវនេះក៏នឹងជួយ FIFA ជៀសវាងជម្លោះក្នុងការកំណត់ពេលជាមួយខែពិសេស បុណ្យរ៉ាម៉ាដានរបស់មូស្លីមក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ ២០៣៤ ប្រសិនបើមានការយល់ព្រម នេះនឹងក្លាយជាលើកទីពីរក្នុងប្រវត្តិសាស្ត្រដែលការប្រកួតបាល់ទាត់ពិភពលោកបានផ្លាស់ប្តូរឆ្ងាយពីការប្រកួតពាក់កណ្តាលឆ្នាំប្រពៃណីរបស់ខ្លួន បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកកាតាឆ្នាំ២០២២ដែលបានធ្វើឡើងនៅក្នុងខែវិច្ឆិកា និងខែធ្នូ៕
ការលំបាកផ្នែកហិរញ្ញវត្ថុរបស់ក្លិប Barcelona នៅតែជាបញ្ញាចោទដដែល ខណៈដែលក្លិបជំពាក់លុយកីឡាករដែលទិញតាំងពីជាង៣ឆ្នាំមុន ជិត២០០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ពួកគេដែលត្រូវបានគេហទំព័ Tribuna ដកស្រង់យកមកចុះផ្សាយ កាលពីថ្ងៃសុក្រទី១០ ខែតុលា ឆ្នាំ២០២៥។
របាយការណ៍ខាងលើបានបញ្ជាក់ថា៖ ក្លិប Barcelona បានជំពាក់ប្រាក់កីឡាករ៣រូបគឺ Raphinhaជាង៤៨លានដុល្លារទិញពីក្លិប Leeds។ កីឡាករ Robert Lewandowski ជាង២៣លានដុល្លារទិញពី Bayern និង កីឡាករ Jule Kounde ជាង២៨លានដុល្លារ ទិញពីក្លិប Sevilla។ ទោះជាយ៉ាងណាក៏ដោយ Barcelona ក៏ត្រៀមទទួលប្រាក់ចំនួនជាង៧៤លានដុល្លាពីក្លឹបមួយចំនួនដែលជំពាក់ខ្លួនផងដែរ។
ក្លិបទាំងនោះ រួមមាន:
១- ក្លិប FC Porto ជាង៨លានដុល្លារសម្រាប់ក្លិបទិញកីឡាករ Nico Gonzalez។
២- ក្លិប Al Ahli ជាង ៥លានដុល្លារទិញកីឡាករ Franck Kessie។
៣- ក្លិប Shakhtar Donetsk ជំពាក់ជាង៤លានដុល្លារ។
ទោះបីជាស្ថានភាពហិរញ្ញវត្ថុដ៏ស្មុគស្មាញនេះក៏ដោយ ក្លិបកាតាឡាននៅតែបន្តបង្ហាញទំនុកចិត្តលើផែនការស្តារឡើងវិញរបស់ខ្លួន ដោយព្យាករណ៍ថាប្រាក់ចំណូលនឹងលើសពី១ពាន់លានដុល្លារក្នុងរដូវកាលនេះ៕
National News
ក្លិប Sybelle FC ដែលជាក្រុមបាល់ទាត់ពាក់កណ្តាលអាជីពនៅកម្ពុជា បានប្រកាសជាផ្លូវការអំពីក្លាយជាដៃគូរសហការណ៍របស់ក្រុមហ៊ុន KELME ដែលជាម៉ាកយីហោឯកសណ្ឋានកីឡាឈានមុខគេលំដាប់ពិភពលោក។ Sybelle FC ដែលជាក្រុមតែងតែចូលប្រកួតប្រជែងពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីពនៅកម្ពុជា ក៏បានក្លាយជាក្លិបទី ២ ក្នុងការប្រើប្រាស់ឯកសណ្ឋានម៉ាកល្បី KELME របស់អេស្ប៉ាញ បន្ទាប់ពីក្លិបព្រះខ័នរាជស្វាយរៀង។
KELME ជាក្រុមហ៊ុនផលិតសម្ភារកីឡាដ៏ល្បីល្បាញមួយនៅក្នុងពិភពលោករបស់ប្រទេសអេស្ប៉ាញ ដែលមានអាយុកាល ៦២ ឆ្នាំ។ សម្ភារកីឡាជាច្រើនប្រភេទមានដូចជា៖ កីឡាបាល់បោះ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់ទាត់ហ្វូតសាល កីឡាហុកគី កីឡាគ្រីឃីត និងកីឡាផ្សេងៗទៀត។ ក្នុងនោះដែរក៏មានក្លិប និងក្រុមជម្រើសជាតិជាច្រើននៅលើពិភពលោកដែលបានប្រើប្រាស់ជាផ្លូវការផងដែរ។
គួរជម្រាបឱ្យដឹងថា ក្លិប Sybelle FC ដែលជាក្រុមបាល់ទាត់ពាក់កណ្តាលអាជីពនៅកម្ពុជា ទើបតែបង្កើតទ្បើងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមាន ឧកញ៉ា ឡោក ដារិទ្ធ ជាប្រធានក្លិប គឺតែងតែចូលរួមប្រកួតប្រជែងពានរង្វាន់នៅកម្ពុជាមិនថាពានរង្វាន់ពាក់កណ្តាលអាជីព និងហ្វូសាលទ្បើយ។ បច្ចុប្បន្ននេះ ក្លិប Sybelle FC ក៏បានចូលរួមប្រកួតប្រជែងពានរង្វាន់ជម្រើសជើងឯកបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០២៥៕
ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane នឹងអវត្តមានក្នុងជំនួបមិត្តភាព ដែលអង់គ្លេសប៉ះគ្នាជាមួយវេលស៍ នារាត្រីថ្ងៃសុក្រទី១០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះដោយសារមានបញ្ហារបួសកជើងតិចតួច។ Harry Kane ដែលមានវ័យ ៣២ ឆ្នាំរូបនេះបានខកខានក្នុងការហ្វឹកហាត់ជាមួយនឹងក្រុមតោកំណាច បន្ទាប់ពីរូបគេបានរងរបួសកជើង អំទ្បុងពេលប្រកួតលីគកំពូលអាល្លឺម៉ង់ Bundesliga ដែលក្រុម Bayern Munich បានយកឈ្នះលើ Eintracht Frankfurt ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ។ អង់គ្លេសក៏សង្ឃឹមថា Harry Kane ដែលជាខ្សែប្រយុទ្ធរកគ្រាប់បាល់ច្រើនជាងគេរបស់ក្រុមជម្រើសជាតិ នឹងត្រលប់មកកាន់ក្រុមវិញ ពេលប៉ះគ្នាជាមួយឡាតវី ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០២៦ នាថ្ងៃអង្គរ សប្តាហ៍ក្រោយ។
ជាមួយគ្នានេះដែរ អ្នកចាត់ការរបស់តោកំណាចអង់គ្លេស លោក Thomas Tuchel ក៏បាននិយាយអំពីបញ្ហាខាងលើនេះថា៖ «Harry Kane នឹងអវត្តមានការប្រកួតនេះ ដោយសារបញ្ហារបួសកជើងតិចតួច កាលពីប្រកួតមុន។ វាពិតជាឈឺចាប់ខ្លាំងពេកក្នុងការលេង និងប្រថុយខ្លាំងពេក សម្រាប់គាត់»។ លោកបន្តទៀតថា៖ យើងផ្តល់ឱ្យគាត់នូវឱកាសដើម្បីឱ្យវាស្ងប់ស្ងាត់ហើយយើងជឿជាក់ថាគាត់នឹងត្រៀមខ្លួនសម្រាប់ជាមួយនឹងក្រុមជម្រើសជាតិឡាតវី»។
Tuchel បានបញ្ជាក់ផងដែរថា៖ Jordan Henderson, John Stones ឬ Declan Rice នឹងក្លាយជាប្រធានក្រុមនៅ Wembley ក្នុងការអវត្តមានរបស់ Kane ។ អង់គ្លេសមិនបានប្រកួតជាមួយវេលស៍ទេ ចាប់តាំងពីឈ្នះក្នុងលទ្ធផល ៣-០ នៅ World Cup ឆ្នាំ ២០២២ មកម្ល៉េះ៕
ប្រភព៖ BBC
លោក Sir Jim Ratcliffe ដែលជាសហម្ចាស់ក្លិប Manchester United បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់គាត់ចំពោះគ្រូបង្វឹកលោក Ruben Amorim ដោយសន្យាថានឹងទុកពេល៣ឆ្នាំទៀតដើម្បីវិនិច្ឆ័យការដឹកនាំរបស់គាត់។ ជាមួយគ្នានេះដែរលោកក៏បានច្រានចោលការអំពាវនាវឱ្យមានការបណ្តេញចេញមុនកាលកំណត់ចំពេលក្លឹកំពុងជួបការលំបាក។ ថ្លែងក្នុងកម្មវិធី The Times ‘The Business podcast, Ratcliffe ត្រូវបានសួរថាតើលោកមានបំណងផ្តល់ឱ្យ Amorim បីឆ្នាំនៅ Old Trafford ទៀតឬ? លោកឆ្លើយយ៉ាងសាមញ្ញថា បាទ។ បីឆ្នាំមិនយូរទេ ព្រោះអ្វីៗមិនកើតឡើងតែមួយយប់ទេ ។
Sir Jim Ratcliffe ម្ចាស់ក្រុម INEOS គ្រប់គ្រងប្រតិបត្តិការបាល់ទាត់នៅ United បានសង្កត់ធ្ងន់លើការអត់ធ្មត់ក្នុងទិដ្ឋភាពដែលជំរុញដោយលទ្ធផល ដោយប្រៀបធៀបស្ថានភាពរបស់ Amorim ទៅនឹងការចាប់ផ្តើមដ៏លំបាករបស់ Mikel Arteta នៅ Arsenal ។ Ratcliffe ដែលទទួលស្គាល់ Amorim ថាជា បុរសល្អបានបន្ថែមថា “គាត់មិនមានរដូវកាលល្អបំផុតទេតែគាត់ជាគ្រូបង្វឹកដ៏អស្ចារ្យក្នុងរយៈពេលបីឆ្នាំខាងមុខ។ លោកក៏បានរិះគន់ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ជោគជ័យភ្លាមៗ ដោយបញ្ជាក់ថា៖ «សារព័ត៌មាន ពេលខ្លះខ្ញុំមិនយល់ទេ ពួកគេចង់បានជោគជ័យមួយយប់។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់វ័យ៤០ ឆ្នាំដែលត្រូវបានតែងតាំងកាលពី១១ ខែមុនស្នងតំណែង Erik ten Hag បានជួបពេលវេលាដ៏លំបាកមួយ រួមទាំងការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៥កាលពីរដូវកាលមុន ដែលជាចំណាត់ថ្នាក់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាង៥០ឆ្នាំ និងចំណាត់ថ្នាក់លេខ១០ បច្ចុប្បន្នបន្ទាប់ពីការឈ្នះ ២-០លើ Sunderland មុនពេលការប្រកួតអន្តរជាតិ៕
FIFA បានបញ្ជាក់ជាផ្លូវការពីការរៀបចំរចនាសម្ព័ន្ធដ៏សំខាន់នៃផ្លាស់ប្តូរប្រតិទិនបាល់ទាត់អន្តរជាតិបុរសសម្រាប់វដ្ដឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០។ ស្ថាប័នគ្រប់គ្រងពិភពលោកបានបូកបញ្ចូលគ្នាការសម្រាកអន្តរជាតិចំនួន២នៅខែកញ្ញា និងខែតុលា ទៅជាការឈប់សម្រាកតែមួយវិញ។ មុនកំណែទម្រង់មានការឈប់សម្រាកពីរដាច់ដោយឡែកពីគ្នា មួយចាប់ផ្តើមនៅដើមខែកញ្ញា និងមួយទៀតនៅពាក់កណ្តាលខែតុលា ដោយប្រទេសនីមួយៗលេងអតិបរមាពីរប្រកួតប៉ុណ្ណោះក្នុងរយៈឈប់សម្រាកម្តងៗ។
ចាប់ផ្តើមពីឆ្នាំ២០២៦ ការឈប់សម្រាកអន្តរជាតិទាំងពីរនឹងត្រូវបានបញ្ចូលតែមួយដែលដំណើរការចាប់ពីសប្តាហ៍ចុងក្រោយខែកញ្ញា ដល់ដើមខែតុលា។ នេះបើតាមរបាយការណ៍របស់ The Athletic ។ ឥឡូវនេះប្រទេសនានានឹងត្រូវបានអនុញ្ញាតឱ្យលេងរហូតដល់បួនប្រកួតក្នុងរយៈពេលសម្រាកតែមួយនោះ។ ការផ្លាស់ប្តូរដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA ក្នុងខែមីនា ឆ្នាំ ២០២៣មានគោលបំណងកាត់បន្ថយការរំខានសម្រាប់លីកក្នុងស្រុកខណៈពេលដែលរក្សាការប្រកួតអន្តរជាតិឱ្យនៅដដែល។ ក្លិបនៅទូទាំងលីកកំពូលៗនៅអឺរ៉ុបដូចជា Premier League, La Liga និង Serie A ឥឡូវនេះនឹងសម្រាករយៈពេល ៣សប្តាហ៍តែមួយចាប់ពីថ្ងៃទី ២១ ខែកញ្ញា ។ អស់ជាច្រើនឆ្នាំមកនេះ ក្លិបបានត្អូញត្អែរអំពីការរំខានបាល់ទាត់នៅដើមរដូវកាលជាមួយនឹងការប្រកួតអន្តរជាតិ ជាពិសេសនៅពេលដែលកីឡាករត្រលប់មកអស់កម្លាំង ឬរបួស៕
យោងតាមរបាយការណ៍របស់ Bloomberg ដែលត្រូវបានសារព័ត៌មាន BBC ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី៩ តុលា ២០២៥ បានឲ្យដឹងថា Ronaldo ក្លាយជាមហាសេដ្ឋីបាល់ទាត់ដំបូងគេក្នុងប្រវត្តិសាស្ត្រ។ ស្ថិតក្នុងវ័យ ៤០ ឆ្នាំ ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាល បន្តភាពជោគជ័យទាំងក្នុងអាជីពលើទីលានប្រកួត និងមុខជំនួញ។ យោងតាមការវាយតម្លៃហិរញ្ញវត្ថុរបស់ទស្សនាវដ្តី Bloomberg បានឲ្យដឹងថា Ronaldo មានទ្រព្យសម្បត្តិសុទ្ធចំនួន១,៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលគ្នានូវប្រាក់ចំណូលក្នុងអាជីពបាល់ទាត់ ការគាំទ្រម៉ាកយីហោ និងការវិនិយោគជាច្រើន។
អតីតតារាបាល់ទាត់ Manchester United ត្រូវបានគេរាយការណ៍ថាបានក្លាយជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រគឺជាង ២៣៧លានដុល្លារក្នុងមួយឆ្នាំ។ ថ្មីៗនេះ Ronaldo បានបន្តកុងត្រាជាមួយ Al-Nassr ដោយចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ២ ឆ្នាំដែលមានតម្លៃជាង៤០០ លានដុល្លារ ។
ចន្លោះឆ្នាំ២០២២ និង២០២៣ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានគេរាយការណ៍ថារកបានជាង ៥៥០លានដុល្លារជាប្រាក់ខែសុទ្ធ បន្ទាប់ពីស្នាក់នៅជាមួយក្លឹបជាបន្តបន្ទាប់ដូចជាៈ Lisbon, Manchester United, Real Madrid, Juventus និងឥឡូវនេះ Al-Nassr ។ នៅក្រៅទីលានប្រកួតក្នុងភាពជាដៃគូរយៈពេលមួយទសវត្សរ៍របស់គាត់ជាមួយ Nike Ronaldo រកបានជិត១៨លានដុល្លារក្នុងមួយឆ្នាំ ដែលគ្រាន់តែជាផ្នែកតូចមួយនៃប្រាក់ចំណូលពាណិជ្ជកម្មរបស់គាត់ប៉ុណ្ណោះ៕
យោងតាមការចេញផ្សាយរបស់គេហទំព័រ Givemesport.com កាលពីថ្ងៃទី៧ ខែតុលា ២០២៥ បានឲ្យដឹងថាលោក Gary Neville គឺជាអ្នកវិភាគបាល់ទាត់របស់ប្រទេសអង់គ្លេសដែលទទួលបានប្រាក់ខែប្រចាំឆ្នាំខ្ពស់ជាងគេបំផុតក្នុងចំណោមអ្នកវិភាគ ១០រូប។ លោក Gary Neville ទទួលបានប្រាក់ខែប្រចាំឆ្នាំជាង ១,៤ លានដុល្លារ។ចាប់តាំងពីព្យួរស្បែកជើងពីសមរភូមិវាលស្មៅ លោក Gary Neville កាន់តែមមាញឹកជាងពេលណាៗទាំងអស់ក្នុងការងារទាក់ទងនឹងបាល់ទាត់។ គាត់ បានធ្វើការជាមួយ ITV សម្រាប់ការប្រកួតយូរ៉ូ២០២៤ ។គាត់ក៏ធ្វើការឱ្យក្រុម beIN Sports និងNBCនៅអាមេរិកផងដែរ។នេះយោងតាមប្រវត្តិរូប CV របស់គាត់។
ខាងក្រោមនេះគឺជាអ្នកវិភាគបាល់៩រូបផ្សេងទៀតដែលទទួលបានប្រាក់ខែខ្ពស់កំពូលទាំង១០
២-លោក Jamie Carragherប្រាក់ខែប្រចាំឆ្នាំជាង១,៣លានដុល្លារ។Jamie Carragher គឺជាអ្នកវិភាគបាល់ទាត់ដ៏ល្បីល្បាញបំផុតក្នុងពិភពលោក។លោកបានរីករាយនឹងអាជីពបាល់ទាត់ដ៏អស្ចារ្យនៅលីគកំពូលបាល់ទាត់អង់គ្លេស ដោយបានឈ្នះពានរង្វាន់ Champions League ជាមួយ Liverpool ក្នុងយុទ្ធនាការឆ្នាំ ២០០៤-០៥។គាត់ធ្វើការជាមួយ Sky Sports និង CBS Sports ។
៣-លោក Alan Shearerប្រាក់ខែប្រចាំឆ្នាំជាង៥៨ម៉ឺនដុល្លារ។គាត់គឺជាអ្នកវិភាគរកចំណូលបានច្រើនជាងគេទីពីរសម្រាប់ BBC ។
Shearer គឺជាតួអង្គលេចធ្លោមួយរូបក្នុងកម្មវិធីដែលបានរៀបរាប់ខាងលើ ប៉ុន្តែក៏ចូលចិត្តការផ្សាយតាមទូរទស្សន៍ និងវិទ្យុសម្រាប់ការប្រកួត FA Cup ផងដែរ។ គាត់ក៏ត្រូវបានជួលដោយ Amazon Prime ដើម្បីធ្វើការជាអ្នកផ្តល់យោបល់ និងជាអ្នកវិភាគ។
៣-លោក Rooney ប្រាក់ខែប្រចាំឆ្នាំជាង៥៣ម៉ឺនដុល្លារ។Wayne Rooney បានបង្វែរការចាប់អារម្មណ៍របស់គាត់ទៅជាអ្នកវិភាគ ហើយថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធំមួយជាមួយ BBC ដើម្បីធ្វើការជាអ្នកវិភាគលើកំណែទម្រង់ Match of the Day ។
៥-លោក Mark Chapmanប្រាក់ខែប្រចាំឆ្នាំជាង៤៣ម៉ឺនដុល្លារ។
៦-លោកស្រី Gabby Loganប្រាក់ខែប្រចាំឆ្នាំជាង២៨ម៉ឺនដុល្លារ។
៧-លោកស្រី Alex Scottប្រាក់ខែប្រចាំឆ្នាំជាង២៦ម៉ឺនដុល្លារ។
៨-លោកMicah Richardsប្រាក់ខែប្រចាំឆ្នាំជាង២៦ម៉ឺនដុល្លារដែរ។
៩-លោកChris Sutton ប្រាក់ខែប្រចាំឆ្នាំជាង២៥ម៉ឺនដុល្លារដែរ។
១០-លោកIan Wright ប្រាក់ខែប្រចាំឆ្នាំជាង២0ម៉ឺនដុល្លារ៕