ព័ត៌មានកីឡាអន្តរជាតិ
លោក Paul Scholes ដែលជាអតីតកីឡាកររបស់ Manchester United បានទទូចឲ្យ Marcus Rashford ឈប់តាំងខ្លួនឯងថាល្អទៀតទៅ ដើម្បីស្វែងរកទម្រង់លេងល្អឡើងវិញបន្ទាប់ពីរូបគេបង្ហាញទម្រង់លេងធ្លាក់ចុះមែនទែនក្នុងការប្រកួតទល់នឹង Atletico Madrid កាលពីយប់មិញ។
Rashford បរាជ័យក្នុងការបង្ហាញឥទ្ធិពលរបស់ខ្លួនទល់នឹង Atletico Madrid ដោយត្រូវបានលោក Ralf Rangnick ផ្លាស់ប្តូរគេចេញក្នុងនាទីទី៧៥ ជំនួសវិញដោយ Anthony Elanga ដែលជាវីរបុរសរកបានគ្រាប់បាល់តាមស្មើជូនក្រុមដើម្បីរក្សាលទ្ធផលស្មើគ្នា ១ទល់នឹង១ នៃការប្រកួតជើងទី១។
Scholes បាននិយាយថា៖«Rashford មើលទៅដូចជាគាត់កំពុងព្យាយាមខ្លាំងពេក។ រាល់ពេលដែលបាល់មករកគាត់ វាស្ទើរតែមានអារម្មណ៍ថាគាត់កំពុងព្យាយាមធ្វើអ្វីមួយឲ្យមានវេទមន្ត។ វាប្រហែលជារឿងអាក្រក់បំផុតដែលអ្នកអាចធ្វើបាន។ ខ្ញុំតែងតែចងចាំនៅពេលដែលពួកយើងឆ្លងកាត់ពេលវេលាដ៏លំបាកហើយអ្នកចាត់ការ លោក Sir Alex Ferguson បានប្រាប់ឲ្យពួកយើងធ្វើធម្មតាៗ។ Rashford មិនអាចធ្វើបែបនេះបានឡើយ ដោយ គាត់តែងតែគិតថាគាត់ត្រូវតែបង្កើតអ្វីមួយ។ គាត់ត្រូវតែធ្វើឲ្យខ្លួនស្ងប់ស្ងាត់ និង នាំយកទម្រង់លេងល្អឡើងវិញ»៕
ព័ត៌មានកីឡាជាតិ
លទ្ធផលនៃការចាប់ឆ្នោតជ្រើសរើសពូលវគ្គជម្រុះជុំទី៣ពាន AFC Asian Cup 2023 បានចេញហើយដោយក្រុមជម្រើសជាតិកម្ពុជាស្ថិតក្នុងពូល D ជាមួយម្ចាស់ផ្ទះឥណ្ឌា អាហ្វហ្គានីស្ថាន និងក្រុមហុងកុង។
និយាយអំពីកាលបរិច្ឆេទការប្រកួតវិញកម្ពុជាត្រូវប៉ះម្ចាស់ផ្ទះឥណ្ឌាក្នុងការប្រកួតបើកឆាកពូល C នៅថ្ងៃទី០៨ ខែមិថុនឆ្នាំ២០២២ បន្ទាប់មកប៉ះហុងកុងនៅថ្ងៃទី១១ខែមិថុនា ហើយចុងក្រោយជួបអាហ្វហ្គានីស្ថាននៅថ្ងៃទី១៤ ខែមិថុនាជាការប្រកួតបិទពូល។ ខាងក្រោមជាពូលទាំងអស់៖
អ្នកចាំទី អ៊ុ សេរីរ័ត្ន បានសម្រេចចិត្តចាកចេញពី Tiffy Army FC ដើម្បីផ្លាស់ទៅកាន់ ព្រះខ័នរាជស្វាយរៀង ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល ដោយរូបគេបានចាត់ទុកវាជាជំហ៊ានថ្មីរបស់គេនៅក្នុងអាជីពបាល់ទាត់។
អតីតអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាខាងលើនៅមិនទាន់ជាសះស្បើយពីរបួសជង្គង់១០០ភាគរយនៅឡើយទេ ហើយ រូបគេក៏ពុំទាន់ដឹងច្បាស់អំពីពេលវេលាជាក់លាក់ក្នុងការអាចវិលត្រឡប់មកកាន់ទីលានប្រកួតផងដែរ ខណៈ រូបគេនឹងទទួលបានការព្យាបាលជាមួយព្រះខ័នរាជស្វាយរៀង។
សេរីរ័ត្ន បាននិយាយថា៖«វានឹងក្លាយជាជំហ៊ានថ្មីនៃអាជីពបាល់ទាត់របស់ខ្ញុំជាមួយនឹងក្លិបថ្មី និង គ្រូបង្វឹកថ្មី ដែលខ្ញុំអាចរៀនអ្វីថ្មីៗបន្ថែម។ ខ្ញុំ គិតថាវាសំខាន់ សម្រាប់អាជីពរបស់ខ្ញុំ ព្រោះខ្ញុំចង់បន្តការសិក្សាពីវា»។
អ្នកចាទីរូបនេះបន្តថា៖ «នៅព្រះខ័នរាជស្វាយរៀងវាមានការប្រកួតប្រជែងខ្លាំងណាស់ដូច្នេះខ្ញុំត្រូវតស៊ូដើម្បីប្រជែងយកកៅអីលេង។ បន្ទាប់ពីជាសះស្បើយ១០០ភាគរយ ខ្ញុំនឹងប្រឹងប្រែងតស៊ូដើម្បីប្រជែងយកកៅអីលេងជម្រើសដំបូងរបស់ក្លិប»។
«របួសរបស់ខ្ញុំមិនទាន់ជាសះស្បើយពេញលេញនៅឡើយទេ ហើយវានៅតែស្ថិតក្នុងដំណើរការនៃការព្យាបាល។ ខ្ញុំនឹងខិតខំធ្វើយ៉ាងណាឱ្យប្រាកដថាខ្ញុ អាច ត្រឡប់មកកាន់ទីលានវិញបានឆាប់តាមដែលអាចធ្វើទៅបាន»។
«ខ្ញុំមិនអាចប្រាប់អ្នករាល់គ្នាពីកាលបរិច្ឆេទពិតប្រាកដនៃការវិលត្រឡប់របស់ខ្ញុំនៅឡើយទេ ប៉ុន្តែសម្រាប់ពេលនេះខ្ញុំកំពុងព្យាយាមធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតជាមួយនឹងការគាំទ្រពីក្លិប»៕
ប្រភព៖ The Moring
ក្រុមវៀតណាម U23 នៅតែអាចបន្ថែមកីឡាករបាន៤នាក់ទៀត។ សហព័ន្ធកីឡាបាល់ទាត់វៀតណាម នឹងធ្វើរឿងនេះជាបន្ទាន់ ដើម្បីឲ្យគ្រូបង្វឹក Dinh The Nam មានជម្រើសកាន់តែច្រើនដើម្បីរៀបចំក្រុមក្នុងវគ្គកណ្តាលផ្តាច់ព្រ័ត្រ នារាត្រីស្អែកនេះ។
គ្រូបង្វឹក Dinh The Nam បានបញ្ជាក់ពីស្ថានភាពបច្ចុប្បន្នក្រុមរបស់លោកមុនពេលប្រកួតជាមួយទីម័រខាងកើត ក្នុងការប្រកួត AFF U23 Championship 2022។
គ្រូបង្វឹក Dinh The Nam បានប្រាប់សារព័ត៌មាន Zing News ថា៖ «ក្រោយប្រកួតជាមួយថៃ យើងជួបនឹងការបាត់បង់កម្លាំងដ៏ធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែលើកទឹកចិត្តកីឡាករ ឱ្យឆាប់ជាសះស្បើយ និងគិតវិជ្ជមានសម្រាប់ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅព្រឹកមិញនេះ យើងបានរកឃើញករណីវិជ្ជមានបន្ថែមទៀត ប៉ុន្តែយើងបានរៀបចំសម្រាប់ក្រុម ដើម្បីឱ្យមានកម្លាំងគ្រប់គ្រាន់សម្រាប់ការប្រកួតជាមួយទីម័រខាងកើត»។
លោកបានបន្ថែមទៀតថា៖ «ទោះបីជាការបន្ថែមកីឡាករនេះ ក្នុងទំហំតិចតួចក៏ពិតមែនប៉ុន្តែយើងនៅតែត្រៀមខ្លួនសម្រាប់ការប្រកួត ។ ក្រុម U23 ទីម័រខាងកើតមានកម្លាំងចិត្តនិងកាយសម្បទាល្អពួកគេក៏មានទម្រង់លេងរបស់គេដែរហើយកីឡាករមួយចំនួនខ្ញុំ បានស្គាល់ពីពួកគេកាលពីប៉ុន្មានឆ្នាំមុន»។
គ្រូបង្វឹកជម្រើសជាតិឡាវ U23 លោក Michael Weiss បានបញ្ជាក់ថា លោក និងសិស្សរបស់លោកបានត្រៀមលក្ខណៈយ៉ាងប្រុងប្រយ័ត្នសម្រាប់ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត U23 អាស៊ីអាគ្នេយ៍ឆ្នាំ 2022 ជាមួយ U23ថៃ។
“ការសម្រាកឱ្យបានច្រើនអាចផ្តល់ឱ្យយើងនូវគុណសម្បត្តិបន្តិចលើថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ថៃគឺជាគូប្រជែងដ៏ខ្លាំងមួយ ដែលមានកីឡាករបច្ចេកទេសស្មើគ្នា ជាមួយនិងការលេងបែបទំនើប ពួកគេក៏មកពីប្រវត្តិបាល់ទាត់ល្អដែរ»។
លោកបានបន្តថា៖ «ជម្រើសជាតិថៃត្រូវបានគេចាត់ទុកថាជាបេក្ខភាពសម្រាប់ឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។ យ៉ាងណាមិញ យើងនឹងធ្វើតាមវៀតណាម ដើម្បីត្រៀមប្រកួតនេះ នឹងព្យាយាមធ្វើឲ្យពួកគេភ្ញាក់ផ្អើល អ្នករាល់គ្នានឹងឃើញវានៅលើទីលាន»។
U23 ឡាវ បានយកឈ្នះម៉ាឡេស៊ីដោយពិន្ទុសរុប ៤-១ បន្ទាប់ពីប្រកួត២លើក ដើម្បីដណ្តើមបានចំណាត់ថ្នាក់កំពូលនៃពូល B។ក្រុមរបស់គ្រូបង្វឹកលោក Michael Weiss បានឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត U23 អាស៊ីអាគ្នេយ៍ជាលើកដំបូង ហើយពេលនេះបានស្តារកាយសម្បទាឡើងវិញយ៉ាងសកម្ម ត្រៀមប្រកួតជាមួយថៃឲ្យបានហ្មត់ចត់។
គ្រូបង្វឹក U23 ថៃ លោក Salvador Garcia បាននិយាយថា៖ «បន្ទាប់ពីការប្រកួតជាមួយ U23 វៀតណាម ក្រុមទើបតែមានករណីថ្មីនៃ Covid-19 ខ្ញុំព្រួយបារម្ភអំពីស្ថានភាពរបស់កីឡាករ ហើយការប្រកួតនេះ យើងមិនមានជម្រើសអ្វីក្រៅពីរក្សាផ្នត់គំនិតវិជ្ជមាន ប្រឈមមុខនឹងការលំបាកដែលអាចកើតមាន”។
គ្រូបង្វឹកលោក Garcia បង្ហាញទំនុកចិត្តនឹងទម្រង់វាយសម្រុករបស់កីឡាករក្មេងៗ និងលេងបែបជាក្រុមដែលលោកបានអមដំណើរតាំងពីឆ្នាំ២០១៧មក។ លោកថាការបរាជ័យក្នុងការស៊ុតបញ្ចូលទីជាមួយ U23 វៀតណាមក្នុងការប្រកួតកាលពីល្ងាចថ្ងៃទី២២ កុម្ភៈ ជាសំណាងអាក្រក់។ លោកសង្ឃឹមថារឿងនេះនឹងមិនកើតឡើង ចំពោះគូប្រជែងឡាវ។ ការប្រកួតរវាង U23 ឡាវ និង U23 ថៃ នឹងប្រព្រឹត្តទៅនៅម៉ោង ៤ រសៀលថ្ងៃទី ២៤ ខែកុម្ភៈ។
ខ្សែប្រយុទ្ធ Edinson Cavani នឹងអវត្តមានជួយ Manchester United ក្នុងការប្រកួតរាត្រីនេះទល់នឹង Atletico Madrid នេះបើតាមការបញ្ជាក់របស់លោក Ralf Rangnick។
Man Utd នឹងត្រូវមានភារកិច្ចសំខាន់ក្នុងការប្រកួតក្របខណ្ឌ Champions League រាត្រីនេះទល់នឹង Atletico Madrid នៃការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ។
លោក Rangnick បាននិយាយថា៖«Cavani មិនបានហោះមកជាមួយពួកយើងឡើយ។ គាត់មិនបានហ្វឹកហាត់ និង បានចូលរួមហ្វឹកហាត់ប៉ុន្មានសប្តាហ៍មកហើយ។ គាត់មានបញ្ហត្រង់ក្រលៀន ហើយ ដរាបណាគាត់មិនទាន់ជាសះស្បើយ នោះ គ្មានហេតុផលណាដែលគាត់ត្រូវចូលរួមហ្វឹកហាត់ឡើយ»៕
លោក Thomas Tuchel ដែលជាអ្នកចាត់ការទូទៅរបស់ក្លិប Chelsea បានដាក់ឲ្យ Romelu Lukaku អង្គុយនៅកៅអីបម្រុងពេញ៩០នាទីតែម្តងក្នុងជ័យជម្នះទល់នឹង Lille នៃក្របខណ្ឌ Champions League កាលពីយប់មិញ។
កីឡាករសញ្ជាតិប៊ែលហ្សិកខាងលើ ខកខានក្នុងការបង្ហាញភាពខ្លាំងរបស់គេនាការប្រកួតប៉ុន្មានសប្តាហ៍ចុងក្រោយនេះជាពិសេសការប្រកួតកាលពីថ្ងៃសៅរ៍កន្លងទៅទល់នឹង Crystal Palace ដែលរូបគេប៉ះបាល់បានតែ៧ដងប៉ុណ្ណោះ ខណៈ យប់មិញលោក Tuchel បានឲ្យគេស្ថិតនៅបម្រុងជំនួសមកវិញដោយប្រើប្រាស់ Hakim Ziyech, Kai Havertz និង Christian Pulisic លេងជាជម្រើសដំបូង។
លោក Tuchel បាននិយាយថា៖«ខ្ញុំមានអារម្មណ៍ថា Lukaku ហត់នឿយបន្តិច ហើយ អ្នកត្រូវតែពិចារណាពីព្រោះគាត់លេងច្រើនមែនទែន។ ពួកយើងត្រូវប្រកួតរហូតដល់វគ្គថែមម៉ោងក្នុងពានរង្វាន់ Club World Cup វគ្គផ្តាច់ព្រ័ត្រ និង ធ្វើដំណើររយៈពេលយូរ។ ដូច្នេះវាជារឿងល្អសម្រាប់គាត់ក្នុងការស្ថិតនៅបម្រុងយប់មិញ ហើយ ផ្លាស់ប្តូរស្ថានការក្នុងពេលវេលាណាមួយប្រសិនបើយើងត្រូវការគាត់»៕
វៀតណាម និងថៃបានដឹកដៃគ្នាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF U-23 Championship 2022 បើទោះបីជាថៃបានចាញ់វៀតណាម 1-0 ក្នុងការប្រកួតចុងក្រោយក្នុងពូល C នៅកីឡដ្ឋាន Prince Stadium កាលពីយប់មិញ។
ក្រោយចប់ការប្រកួតលោក Dinh The Nam គ្រូបង្វឹកជម្រើសជាតិ U23 វៀតណាមថា៖ “កីឡាករលេងបានល្អក្នុងការប្រកួតដ៏លំបាកមួយ។ កីឡាករថៃបានបង្កើតឱកាសជាច្រើន ប៉ុន្តែយើងបានគ្រប់គ្រងពួកគេទៅវិញ។ កីឡាករថ្មីនឹងមានថ្ងៃមួយ ដើម្បីសម្របតាមប្រព័ន្ធដែលយើងមានមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ»។
បន្ទាប់ពីថៃចាញ់វៀតណាមតែមួយគ្រាប់ វាមានន័យថាកម្ពុជាដែលស្ថិតក្នុងលេខ២ពូល A ត្រូវបានគេបដិសេធមិនឲ្យទៅវគ្គបន្ត។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងរយៈពេលពីរថ្ងៃនឹងឃើញឡាវប៉ះថៃក្នុងការប្រកួតទី១ ខណៈទីម័រខាងកើតប៉ះវៀតណាមក្នុងការប្រកួតទីពីរ។
ចំណែកគ្រូបង្វឹកថៃលោក Salvador Garcia បាននិយាយថា៖ “យើងគ្រប់គ្រងការប្រកួត ប៉ុន្តែយើងមិនអាចរកគ្រាប់បាល់បាន។ យើងបានតស៊ូយ៉ាងខ្លាំងដើម្បីបង្កើតឱកាស។ ប៉ុន្តែយើងបានឡើងទៅវគ្គបន្តហើយ។ យើងចង់ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដែលយើងសង្ឃឹមថានឹងជួបវៀតណាមម្ដងទៀត»។
ពេញមួយរដូវកាលមុន អ្នកគាំទ្រ Manchester United បានលេងសើចអំពីអសមត្ថភាពរបស់ Fred មិនត្រឹមតែក្នុងការស៊ុតបញ្ចូលទី ថែមទាំងការបង្ហាញទម្រង់លេងមិនល្អក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer។
នៅឆ្នាំ 2021/22 កីឡាករសញ្ជាតិប្រេស៊ីលរូបនេះមិនត្រឹមតែបានបំបិទមាត់អ្នករិះគន់របស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចុះបញ្ជីស្ថិតិល្អជាង Jack Grealish និង Romelu Lukaku ទៅទៀត។ Fred បានស៊ុតបញ្ចូលទីគ្រាប់ទី ៣គ្រាប់ក្នុងលីគរដូវកាលទល់នឹង Leeds បូកបន្ថែមលើការបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួនបីលើកនេះគឺនេះមានន័យថាគាត់បានបង្កើតឱកាសដោយផ្ទាល់ក្នុងការរកគ្រាប់បាល់ដល់ទៅ៦គ្រាប់( ស៊ុតបីបញ្ជូនបី)។
បើប្រៀបធៀប Grealish វិញ ខ្សែបម្រើសញ្ជាតិអង់គ្លេស រកបានតែពីរគ្រាប់ប៉ុណ្ណោះ និង Assists ៣ដងពីការចូលលេង 17 ប្រកួតសម្រាប់ Manchester City ។ Lukaku រកបានតែ 5 គ្រាប់ប៉ុណ្ណោះជាមួយនឹងបញ្ជូនបាល់០លើក សម្រាប់ Chelsea ។
នោះមិនមែនទាំងអស់នោះទេ Kai Havertz (ស៊ុតបញ្ចូលទីបាន 2 គ្រាប់ មួយ assist) និង Christian Pulisic (បីគ្រាប់ 0 assists) ក៏នឹងច្រណែននឹងកំណត់ត្រារបស់ Fred ផងដែរ។
ដោយចាត់ទុក Fred គឺជាខ្សែបម្រើការពារច្រើនជាង នេះជាស្ថានភាពដ៏គួរឲ្យចាប់អារម្មណ៍ បើធៀបនឹងកីឡាករដែលមានតំណែងខ្សែបម្រើប្រយុទ្ធ ប្រយុទ្ធជាច្រើនដូចដែលបានរៀបរាប់ខាងលើ។
តួរលេខមួយទៀតសម្រាប់កីឡាករប្រេស៊ីលគឺគាត់បង្ហាញខ្លួនឯងជាកីឡាករប្រសើរជាង កីឡាករមួយចំនួនដែលត្រូវបានគេលើកយកមកជំនួសតំណែងគាត់នៅ Man Utd កាលពីរដូវក្ដៅ។
John McGinn របស់ Aston Villa (ស៊ុតបញ្ចូលទីបាន 3 គ្រាប់ និង assist 2 គ្រាប់ក្នុង 21 ប្រកួត), Ruben Neves របស់ Wolves (បីគ្រាប់ និង assist មួយគ្រាប់ក្នុង 22 ប្រកួត) និង Declan Rice (មួយគ្រាប់ និង assists 4 គ្រាប់ក្នុង 25 ប្រកួត) សុទ្ធសឹងតែនៅពីក្រោយតយរលេខរបស់ Fred ក្នុងលក្ខខណ្ឌរបស់ពួកគេ នៃការចូលរួមនៅក្នុងលីគ។
ហើយមិត្តរួមក្រុមរបស់គាត់នៅ Man Utd ខ្លះក៏មិនដល់គាត់ដែរ ដោយមាន Jadon Sancho (ពីរគ្រាប់ និងបញ្ជូនបាល់ពីរគ្រាប់), Jesse Lingard (ពីរគ្រាប់ និងគ្មាន assists) និង Edinson Cavani (ពីរគ្រាប់ និង assist មួយ) ។ការឡើងទម្រង់លេងក្នុងការស៊ុតបញ្ចូលទីរបស់ Fred បានធ្វើឱ្យអតីតប្រធានក្រុម United លោក Roy Keane សរសើរគាត់ផងដែរ ដោយពីមុនបានគាត់រិះគន់កីឡាករវ័យ 28 ឆ្នាំរូបនេះ។
“Fred, ដើម្បីឱ្យយុត្តិធម៌, គាត់មានភាពប្រសើរឡើងក្នុងរយៈពេលពីរបីខែចុងក្រោយនេះ។ គាត់បានបន្ថែមពីរបីគ្រាប់ បញ្ជូនពីរបីគ្រាប់។ ដល់ពេលសម្រាប់គាត់កសាងភាពជឿជាក់ហើយ”។
ប្រភព៖ Transfermarkt