Lastest News

See More
Thumbnail
International News
31-March-2026
សល់៧២ថ្ងៃទៀតដល់ World Cup តែគ្រូបង្វឹករបស់ក្រុមជម្រើសជាតិហ្គាណា បណ្តេញចេញពីតួនាទី ក៏ព្រោះរឿងមួយនេះ…!

សមាគមបាល់ទាត់ហ្គាណា GFA បានសម្រេចចិត្តបញ្ចប់កិច្ចសន្យារបស់គ្រូបង្វឹក លោក Otto Addo នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ស្របពេលសល់ ៧១ ថ្ងៃទៀត មុនពេល World Cup ចាប់ផ្តើម។ មែនទែនទៅ ការសម្រេចចិត្តរបស់ GFA ភ្លាមៗបែបនេះ បន្ទាប់ពីលោក Otto Addo ដឹកនាំក្រុមចាញ់ អាល្លឺម៉ង់ ២-១ ក្នុងការប្រកួតមិត្តភាពនៅទីក្រុង Stuttgart។ ហើយប៉ុន្មានថ្ងៃមុននេះ ក្រុមក៏ចាញ់ អូទ្រីស ៥-១ ផងដែរ ដែលធ្វើឱ្យលទ្ធផលបែបនេះបានបង្កើនសម្ពាធលើក្រុមគ្រូបង្វឹក។

លោក Otto Addo ត្រូវបានតែងតាំងនៅក្នុងខែមីនា ឆ្នាំ ២០២៤។ ទោះជាយ៉ាងណាក៏ដោយ លោកមិនអាចជួយហ្គាណាឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ពានរង្វាន់ Africa Cup of Nations ឆ្នាំ ២០២៥ បានទេ ទោះបីជាមានក្រុមដែលរួមមានកីឡាករមក Premier League ជាច្រើននាក់ដូចជា Antoine Semenyo និង Mohammed Kudus ក៏ដោយ។ ក្នុងអំឡុងពេលដែលលោក Addo ដឹកនាំក្រុម លោកបានដឹកនាំការប្រកួតសរុបចំនួន ២២ លើក ដោយឈ្នះ ៨ លើក និងចាញ់ ៩ លើក។

ក្រុមហ្គាណាបានឡើងទៅលេងព្រឹត្តិការណ៍ World Cup ជាលើកទី ៥ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នៅក្នុងការប្រកួតនាពេលខាងមុខ ពួកគេស្ថិតនៅក្នុងពូល L រួមជាមួយក្រុមក្រូអាស៊ី អង់គ្លេស និងប៉ាណាម៉ា។ ការផ្លាស់ប្តូរគ្រូបង្វឹកដែលខិតជិតដល់ការប្រកួតដ៏សំខាន់មួយនេះបានបង្កបញ្ហាប្រឈមដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិហ្គាណា ក្នុងការរៀបចំរបស់ពួកគេសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦៕

ប្រភព៖ znews

Thumbnail
International News
31-March-2026
Defoe ទទួលបានតំណែងគ្រូបង្វឹកលើកដំបូង

លោក Jermain Defoe ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិប Woking ដែលជាតួនាទីពេញម៉ោងលើកដំបូងក្នុងការគ្រប់គ្រងការងារជាន់ខ្ពស់។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Tribuna កាលពីថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២៦។

អតីតខ្សែប្រយុទ្ធក្រុមអង់គ្លេស និងក្លិប Tottenham  រូបនេះបានចូលនិវត្តន៍ពីអាជីពបាល់ទាត់កាលពីឆ្នាំ២០២២ ហើយឥឡូវនេះគេទទួលបានការងារថ្មីជាគ្របង្វឹកក្លិប Woking នៅក្នុងក្របខណ្ឌ National League។ លោក Defoe បានបង្ហាញពីភាពរីករាយបន្ទាប់ពីទទួលបានតំណែងនេះ។ លោកបានពណ៌នាអំពី Woking ថាជាក្លិបដែលមាន សក្តានុពលដ៏ធំនិងជាគម្រោងដ៏គួរឱ្យរំភើបមួយដែលគេចង់ចាប់ផ្តើម។

បុរសវ័យ៤៣ ឆ្នាំរូបនេះធ្លាប់ទទួលបានបទពិសោធន៍គ្រូបង្វឹកនៅក្នុងសាលាបាល់ទាត់របស់ Tottenham និងជាផ្នែកមួយនៃបុគ្គលិករបស់ Steven Gerrard នៅក្លិប Rangers។ ក្នុងអំឡុងពេលជាកីឡាករ Defoe ស៊ុតបញ្ចូលទីបានជាង ៣០០ គ្រាប់ក្នុងការបង្ហាញខ្លួនជាង ៧០០ ដង និងបង្ហាញវត្តមានបាន ៥៧ ប្រកួតសម្រាប់ក្រុមអង់គ្លេស។ Jermain Defoe នឹងចូលកាន់តំណែងជាផ្លូវការនៅចុងសប្តាហ៍នេះ ដោយក្លឹប Woking បច្ចុប្បន្នកំពុងស្ថិតនៅកណ្តាលតារាងក្នុង National League និងប្រឈមមុខនឹងការបញ្ចប់រដូវកាលដ៏លំបាកមួយ៕

Thumbnail
International News
31-March-2026
Cardiff ចាញ់ក្តីនឹងត្រូវបង់សំណងជាងកន្លះលានដុល្លារ

តុលាការបារាំងច្រានចោលបណ្តឹងទាមទារសំណងជាង ១៣៧ លានដុល្លារពីក្លិប Cardiff ជុំវិញការស្លាប់របស់ខ្សែប្រយុទ្ធអាហ្សង់ទីន Emiliano Sala ក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះកាលពីឆ្នាំ២០១៩។ នេះបើយោងតាមក្លិប Nantes បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២៦។ ក្រុម Cadiff បានស្វែងរកសំណងក្នុងឆ្នាំ ២០២៣ ពីក្រុម Nantes ដោយចោទប្រកាន់ពីការធ្វេសប្រហែសដែលនាំឱ្យមានការស្លាប់របស់កីឡាករវ័យ ២៨ឆ្នាំ។

ក្នុងអំឡុងពេលសវនាការកាលពីខែធ្នូ ក្លិប Cardiff បានអះអាងថា Nantes មានជាប់ពាក់ព័ន្ធនឹងការរៀបចំជើងហោះហើរដែលនាំឱ្យមានការស្លាប់របស់កីឡាករបាល់ទាត់រូបនេះ ហើយបានទាមទារសំណងជាង ១៣៧ លានដុល្លារ សម្រាប់ការបាត់បង់ប្រាក់ចំណូល និងការខូចខាតផ្សេងៗទៀត។ តុលាការបានសម្រេចថា Nantes មិនមានកំហុសទាក់ទងនឹងជើងហោះហើរនោះទេ។ ហើយ Cardiff ក៏មិនរងការខូចខាតកេរ្តិ៍ឈ្មោះដែរ។

តុលាការបានបន្ថែមថា ការទាមទារហួសហេតុ របស់ Cardiff ត្រូវបានតុលាការផ្សេងទៀតសម្រេចរួចហើយ។ ហើយ Nantes បានរងការខូចខាតកិត្តិយស។ ផ្ទុយទៅវិញ តុលាការបានបញ្ជាឱ្យក្រុម Cardiff បង់ប្រាក់ប្រហែល ៥៥ ម៉ឺនដុល្លារថ្លៃសេវាផ្នែកច្បាប់ និងសំណងផ្លូវចិត្តដែលក្រុម Ligue 1 នេះបានទទួលរង។ គួររំឭកថា Sala កំពុងធ្វើដំណើរពីក្លិប Nantes ទៅកាន់ក្លិបថ្មីរបស់គេគឺ Cardiff នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅពេលដែលយន្តហោះស្រាលដែលដឹកគេបានធ្លាក់នៅក្នុងច្រកសមុទ្រអង់គ្លេស៕

ប្រភព៖ Reuters

 

Thumbnail
International News
26-March-2026
លោក Gennaro Gattuso ៖ ខ្ញុំឮសំឡេងប្រាប់ខ្ញុំឲ្យនាំអ៊ីតាលីទៅ World Cup

លោក Gennaro Gattuso និយាយថាពេលដែលខ្ញុំគេតែងតែឮសំឡេងប្រាប់ខ្ញុំឲ្យនាំក្រុមជម្រីសជតិអ៊ីតាលី ទៅប្រកួតបាល់ទាត់ពិភពលោក។ សំឡេងនេះ ស្របទៅនឹងការប្តេជ្ញាចិត្តរបស់ខ្ញុំ ដែលបានត្រៀមខ្លួនរួចរាល់សម្រាប់ភារកិច្ចចម្បងនេះ។

នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅរាត្រីថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រ ជាមួយក្រុមអ៊ៀរឡង់ខាងជើង លោក Gattuso បាននិយាយដោយទឹកមុខញញឹមថា៖  ពេលខ្ញុំដាក់ក្បាលលើខ្នើយនៅពេលយប់ ខ្ញុំតែងតែឮសំឡេងនិយាយថា នាំយើងទៅ World Cup នាំយើងទៅ World Cup នាំយើងទៅ World Cup។ខ្ញុំឮហើយ ហើយខ្ញុំដឹងដែរថា នេះពិតជាការប្រកួតដ៏សំខាន់បំផុតនៃអាជីពរបស់ខ្ញុំ ទោះបីជាខ្ញុំបានធ្វើជាគ្រូបង្វឹកអស់រយៈពេលពីរបីឆ្នាំមកហើយក៏ដោយ។ លោកបន្តទៀតថា៖ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ។ជឿខ្ញុំចុះ ខ្ញុំមិនគិតអំពីអ្វីដែលនឹងកើតឡើងប្រសិនបើអ្វីៗដំណើរការទៅមិនល្អនោះទេ។ ខ្ញុំចង់គិតវិជ្ជមាន ។

គួររំឭកថា នេះជាយុទ្ធនាការជម្រុះ World Cup លើកទីបីជាប់ៗគ្នាដែលអ៊ីតាលីចូលរួមក្នុងវគ្គ Play-off ហើយពួកគេមិនបានបង្ហាញខ្លួននៅក្នុងការប្រកួតចាប់តាំងពីឆ្នាំ ២០១៤ នៅពេលដែលពួកគេត្រូវបានទម្លាក់ចេញក្នុងវគ្គចែកពូល។ ក្រុមអសុរីបានចាញ់ស៊ុយអែតសរុប ១-០ មុនវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១៨ ខណៈពេលដែលពួកគេត្រូវបានទម្លាក់ចេញដោយម៉ាសេដូនីខាងជើង ១-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០២២ នៅ Palermo។ កាលពីប្រកួតជម្រុះក្រុមអ៊ីតាលីបានបញ្ចប់ចំណាត់ថ្នាក់ពីក្រោយន័រវែសក្នុងពូល I ។អ៊ីតាលីនឹងត្រូវប្រកួតជាមួយអៀរឡង់ខាងជើងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈអ្នកឈ្នះត្រូវប្រឈមមុខនឹងវែល ឬបូស្ន៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រ៕

 

Thumbnail
International News
26-March-2026
Mbappe ចាយលុយ ១៣០ លានដុល្លារអាម៉េរិក ដើម្បីធ្វើរឿងមួយនេះនឹងក្រុមធានារ៉ាប់រងសុខភាពបារាំង Alan

Kylian Mbappe បានបោះទុនវិនិយោគនៅក្នុងក្រុមហ៊ុនធានារ៉ាប់រងសុខភាពបារាំង Alan ក្នុងទំហំទឹកប្រាក់ជាង ​១៣៣ លានដុល្លារ។ កីទ្បាករអន្តរជាតិបារាំងវ័យ ២៧ ឆ្នាំរូបនេះបានប្រកាសគម្រោងនេះជាផ្លូវការ ក្នុងអំឡុងពេលព្រឹត្តិការណ៍ខួបលើកទី ១០ របស់ក្រុមហ៊ុនដោយបង្ហាញថាការវិនិយោគនេះតាមរយៈមូលនិធិចម្រុះ Coalition Capital ដែលជាផ្នែកមួយនៃផ្តល់មូលនិធិចំនួន ១៣៣ លានដុល្លារ។ ខណៈពេលដែលទំហំពិតប្រាកដនៃភាគហ៊ុនរបស់ Mbappe មិនត្រូវបានបង្ហាញ លោក Jean-Charles Samuelian នាយកប្រតិបត្តិក្រុមហ៊ុន បានពិពណ៌នាថាការវិនិយោគនេះគឺ សំខាន់ណាស់។

ក្រៅពីការគាំទ្រផ្នែកហិរញ្ញវត្ថុ Mbappe ក៏នឹងដើរតួជាឯកអគ្គរដ្ឋទូតសម្រាប់ក្រុមហ៊ុនផងដែរ ដោយរួមចំណែកដល់ការអភិវឌ្ឍសេវាកម្មផ្តោតលើសុខភាព រួមទាំងបញ្ហាប្រឈមសុខភាព ខ្លឹមសារសុខុមាលភាព និងការណែនាំផ្ទាល់ខ្លួនសម្រាប់អ្នកប្រើប្រាស់។  ការផ្លាស់ប្តូរនេះគឺជាជំហានមួយទៀតចូលទៅក្នុងពិភពបច្ចេកវិទ្យាសម្រាប់ Mbappe ដែលបានចូលរួមជាមួយវេទិកាបាល់ទាត់ Fantasy Sorare រួចហើយ៕

Thumbnail
International News
26-March-2026
តើក្រុមជម្រើសជាតិណាមានតម្លៃថ្លៃបំផុត?

ការវាយតម្លៃចុងក្រោយរបស់គេហទំព័រ Transfermarkt ដែលត្រូវបានគេហទំព័រ m.allfootballapp.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃអង្គារទី​២៥ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា  ក្រុមជម្រីសជាតិអង់គ្លេសមានតម្លៃថ្លៃជាងគេបំផុត។ របាយការណ៍ខាងលើដដែលបានឲ្យដឹងថា ក្រុមអង់គ្លេសដែលត្រូវបានកោះហៅសម្រាប់ត្រៀមប្រកួតបាល់ទាត់ពិភពលោកទាំង ៣៥ នាក់មានតម្លៃសរុបជាង ២ ពាន់លានដុល្លារ ទោះបីកីឡាករល្បីៗជាច្រើនត្រូវបានដកខ្លួនចេញពីក្រុមដោយសាររបួសក៏ដោយ។

ជាមួយគ្នានេះដែរ លំដាប់ថ្នាក់ទីពីរបានទៅលើក្រុមជម្រើសជាតិបារាំងជាមួយនឹងតម្លៃ ១,៨ ពាន់លានដុល្លារ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះក្រុមរបស់ពួកគេមានកីឡាករត្រឹមតែ ២៦ នាក់ប៉ុណ្ណោះ។ ចំណាត់ថ្នាក់ទីបីបានទៅជើងឯកអឺរ៉ុប អេស្ប៉ាញ ដែលមានតម្លៃ ១,៧ ពាន់លានដុល្លារក្នុងចំណោមកីឡាករ ២៧ នាក់។ ជាបន្តបន្ទាប់ព័រទុយហ្គាល់ឈរចំណាត់ថ្នាក់ទី៤ ដែលមានតម្លៃ ១,១ ពាន់លានដុល្លារ ពីបញ្ជីកីឡាករ ២៦ នាក់របស់ពួកគេ។ ចំណាត់ថ្នាក់ទីប្រាំបានទៅលើប្រទេសអ៊ីតាលី ក្រុមមិនធានាបានកៅអីប្រកួតនៅក្នុងព្រឹត្តិការណ៍ World Cup រដូវក្តៅនេះដែលមានតម្លៃកីឡាករចំនួន ១,១ ពាន់លានដុល្លារ។

ប្រេស៊ីលគឺជាក្រុមដំបូងដែលមិនស្ថិតនៅក្នុងទ្វីបអឺរ៉ុបឈរនៅលំដាប់ទី៦ មានតម្លៃ ១,១ពាន់លានដុល្លារ។ ប្រទេសអាល្លឺម៉ង់ឈរនៅលំដាប់ទីប្រាំពីរជាមួយនឹងតម្លៃ ១ ពាន់លានដុល្លាររ ហើយត្រូវបានតាមពីក្រោយដោយក្រុមជើងឯកពិភពលោកបច្ចុប្បន្ន គឺអាហ្សង់ទីននៅលំដាប់ទីប្រាំបីជាមួយនឹងតម្លៃ ១ ពាន់លានដុល្លារ។ ប្រទេសហូឡង់ (៩៥២ លានដុល្លារ) និងបែលហ្ស៊ិក (៧៣៤ លានដុល្លារ) បានបញ្ចប់កំពូលទាំង១០៕

Thumbnail
National News
26-March-2026
វិសាខា ចុះ MoU ជាមួយ Sophyna Farm លើកិច្ចសហការផ្គត់ផ្គង់អាហារូបត្ថម្ភដល់ក្លិប

ក្លិបកីឡាបាល់ទាត់ វិសាខា និងក្រុមហ៊ុន សុភីណា ហ្វាម ឯ.ក (Sophyna Farm Co., Ltd) ជាក្រុមហ៊ុនកសិកម្ម ផ្តោតសំខាន់លើការផលិតបន្លែធម្មជាតិ និងការចិញ្ចឹមសត្វ ដែលមានទីតាំងកសិដ្ឋាននៅស្រុកកំចាយមារ ខេត្តព្រៃវែង បានចុះអនុស្សារណៈនៃការយោគយល់គ្នា(MoU) លើកិច្ចសហការរយៈពេលវែង ក្នុងការផ្គត់ផ្គង់អាហារូបត្ថម្ភដល់ក្លិប។

កញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាក្លិបវិសាខា បានថ្លែងក្នុងពិធីចុះ MoU នៅកីឡដ្ឋានវិសាខា កាលពីថ្មីៗថា កិច្ចសហការនេះ ពិតជាបានផ្ដល់នូវផលចំណេញទាំងសងខាង ដែលជាការរួមចំណែកគាំទ្រ និងផ្សព្វផ្សាយពីផលិតផលកសិកម្មក្នុងស្រុក ពិសេស Sophyna Farm ដែលទើបដំណើរការ កាលពីឆ្នាំ២០២៥ និងការទទួលបាននូវអាហារូបត្ថម្ភស្ដង់ដារ ប្រកបដោយគុណភាព និងសុវត្ថិភាព ដល់កីឡាករ-កីឡាការិនី និងថ្នាលយុវជនប្រមាណ ២០០នាក់ កំពុងស្ថិតក្រោមដំបូលក្លិប នាពេលបច្ចុប្បន្ន។

កញ្ញាជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះ នឹងក្លាយជាផ្នែកមួយនៃយុទ្ធសាស្ដ្រពង្រឹងគុណភាពកីឡាករ-កីឡាការិនីរបស់ក្លិប ហើយក្រៅពីការផ្គត់ផ្គង់នូវស៊ុតមាន់ និងបន្លែស្រស់ៗ តែទៅថ្ងៃអនាគត កញ្ញារំពឹង Sophyna Farm នឹងអាចឈានដល់ការផ្គត់ផ្គង់ផ្លែឈើ និងអាហារូបត្ថម្ភសិប្បនិម្មិត ដែលកែច្នៃពីបន្លែ-ផ្លែឈើក្នុងកសិកដ្ឋាន ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ក្នុងនាមកីឡាករ-កីឡាការិនីអាជីព ដែលត្រូវការទាំងអាហារូបត្ថម្ភធម្មជាតិ និងអាហារូបត្ថម្ភសិប្បនិម្មិត សម្រាប់ទ្រទ្រង់រាង្គកាយ និងថាមពលផងដែរ។

ទន្ទឹមជាមួយគ្នា លោក សូ សារ៉ុង ប្រធានផ្នែកប្រតិបត្តិក្រុមហ៊ុន Sophyna Farm បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ បានសហការជាមួយក្លិប វិសាខា ជាក្លិបដ៏មានប្រជាប្រិយភាព ដើម្បីបានរួមចំណែកគាំទ្រ និងលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ។ ក្នុងនាមដៃគូផ្គត់ផ្គង់ផលិតផលកសិកម្មធម្មជាតិ ក្រៅពីចង់រួមចំណែក និងធានានូវសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋទូទាំងប្រទេស លោកក៏ចង់ឃើញកីឡាករ-កីឡាការិនីកម្ពុជា មានសុខភាពមាំមួន តាមរយៈការទទួលបាននូវរបបអាហារត្រឹមត្រូវ និងស្ដង់ដារផងដែរ។

លោកបន្ដថា «ក្នុងនាម Sophyna Farm បន្ទាប់ពីការចុះ MoU នេះ ខ្ញុំរំពឹងថា អ្នកគាំទ្របាល់ទាត់ និងប្រជាពលរដ្ឋខ្មែរទាំងអស់ នឹងចូលរួមលើកស្ទួយផលិតផលក្នុងស្រុក ដែលផលិតដោយក្រុមហ៊ុនកូនខ្មែរនេះ ដើម្បីឲ្យក្រុមហ៊ុនខ្មែរ អាចដំណើរការទៅមុខដោយរលូន ផ្ដល់ឱកាសការងារ និងអភិវឌ្ឍន៍ក្នុងសង្គមជាតិ ព្រមទាំងវិស័យកីឡាផង។ ម្យ៉ាងក៏ដើម្បីកាត់បន្ថយការនាំចូលផលិតផលកសិកម្មពីក្រៅប្រទេស ពិសេសស៊ុតមាន់ និងបន្លែ ដែលយើងនឹងព្យាយាមដើរតួនាទីជាអ្នកផ្គត់ចំណីអាហារ ប្រកបដោយសុវត្ថិភាព គុណភាព និងតម្លៃសមរម្យដល់ប្រជាជនកម្ពុជា»។

គួរដឹងថា នេះគឺជាដៃគូសហការថ្មីមួយទៀតរបស់ក្លិបកីឡាបាល់ទាត់ វិសាខា ហើយកញ្ញា អ៊ូ បញ្ញាសុកិត្យា ក៏បានថ្លែងអំណរគុណដល់ដៃគូសហការ ទាំងចាស់ និងថ្មី ទាំងអស់ ដែលបានផ្ដល់នូវការសហការ និងឧបត្ថម្ភគាំទ្រដល់ក្លិប ដែលជាការរួមចំណែកដ៏សំខាន់ ក្នុងការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ ទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

Thumbnail
International News
25-March-2026
Lukaku ដកខ្លួនចេញពីក្រុមជម្រើសជាតិ សម្រាប់ការប្រកួតមិត្តភាពតទល់នឹងសហរដ្ឋអាម៉េរិក និងម៉ិកស៊ិក

កីឡាកររកគ្រាប់បាល់បានច្រើនជាងគេរបស់បែលហ្ស៊ិក Romelu Lukaku បានសម្រេចចិត្តដកខ្លួនចេញពីការធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក នៅក្នុងសប្តាហ៍នេះ។ ហើយរូបគេនឹងខកខានក្នុងការប្រកួតកម្ដៅសាច់ដុំ នៅ Atlanta និង Chicago។ ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះដែលរកបានគ្រាប់បាល់បាន ៨៩ គ្រាប់ក្នុងចំណោម ១២៤ ប្រកួតឱ្យក្រុមជម្រើសជាតិ បានជ្រើសរើសហ្វឹកហាត់លើសុខភាពរបស់ខ្លួន ហើយនឹងខកខានក្នុងការប្រកួតមិត្តភាព ជាមួយនឹងសហរដ្ឋអាម៉េរិក ថ្ងៃអាទិត្យទី២៩ ខែមីនា និងម៉ិកស៊ិក ថ្ងៃពុធទី០១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

ជាមួយគ្នានេះដែរ នៅក្នុងសេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់បែលហ្ស៊ិក បានបញ្ជាក់ថា៖ Romelu Lukaku ចង់ហ្វឹកហាត់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការត្រៀមខ្លួនខាងរាងកាយរបស់ខ្លួន។

Lukaku បានតស៊ូជាមួយនឹងរបួសនៅរដូវកាលនេះ ហើយបានលេងតិចតួចសម្រាប់ក្លិបរបស់គេគឺ Napoli។  គួរជម្រាបថា ការប្រកួតចុងក្រោយរបស់គេគឺជ័យជម្នះ ៤-៣ ពេលលេងតទល់នឹងក្រុមជម្រើសជាតិវែលស៍ ក្នុងវគ្គជម្រុះ World Cup នៅទីក្រុង Brussels កាលពីខែមិថុនា ដែលរូបគេបានបញ្ចូលទី ក្រោយមកគេក៏ខកខានលេងឱ្យក្រុមជម្រើសជាតិ ៦ ប្រកួតចាប់ពីពេលនោះមក៕

ប្រភព៖ CNA

Thumbnail
International News
24-March-2026
Man City ទទួលបានប្រាក់រង្វាន់ប៉ុន្មាន បន្ទាប់ពីឈ្នះពានរង្វាន់ EFL Cup

Manchester City ទទួលបានប្រាក់រង្វាន់តិចតួចណាស់ បន្ទាប់ពីយកឈ្នះក្រុម Arsenal ក្នុងវគ្គផ្តាច់ព្រ័ត្រ English League Cup នៅឯកីឡដ្ឋាន Wembley កាលពីថ្ងៃអាទិត្យទី២២ ខែមីនា ឆ្នាំ២០២៦។ EFL Cup គឺជាពានដែលមានប្រប្រាក់រង្វាន់តិចតួចបំផុតនៅក្នុងលីគកំពូលអង់គ្លេស។ ក្រុមដែលឈ្នះទទួលបានចំនួនទឹកប្រាក់តិចតួចដែលមិនស្មើនឹងការខិតខំប្រឹងប្រែង។

យ៉ាងណា យោងតាមប្រព័ន្ធផ្សព្វផ្សាយ ​​Sun Sport បានឱ្យដឹងថា ក្រុមឈ្នះ Manchester City ទទួលបានប្រាក់រង្វាន់ត្រឹមតែជាង ១៣ ម៉ឺនដុល្លារ ខណៈដែលក្រុមរងជើងឯក Arsenal នឹងទទួលបានពាក់កណ្តាលគឺចំនួនជាង ៦០០០០ ដុល្លារប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្តីក្រុមឈ្នះនៃការប្រកួតនេះនឹងមានកៅអីមួយដោយស្វ័យប្រវត្តិក្នុងវគ្គជម្រុះនៃ UEFA Europa Conference League រដូវកាលក្រោយជាមួយនឹងទឹកប្រាក់ជាង ១ លានដុល្លារ៕

ប្រភព៖ Tribuna