កីឡាកររកគ្រាប់បាល់បានច្រើនជាងគេរបស់បែលហ្ស៊ិក Romelu Lukaku បានសម្រេចចិត្តដកខ្លួនចេញពីការធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក នៅក្នុងសប្តាហ៍នេះ។ ហើយរូបគេនឹងខកខានក្នុងការប្រកួតកម្ដៅសាច់ដុំ នៅ Atlanta និង Chicago។ ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះដែលរកបានគ្រាប់បាល់បាន ៨៩ គ្រាប់ក្នុងចំណោម ១២៤ ប្រកួតឱ្យក្រុមជម្រើសជាតិ បានជ្រើសរើសហ្វឹកហាត់លើសុខភាពរបស់ខ្លួន ហើយនឹងខកខានក្នុងការប្រកួតមិត្តភាព ជាមួយនឹងសហរដ្ឋអាម៉េរិក ថ្ងៃអាទិត្យទី២៩ ខែមីនា និងម៉ិកស៊ិក ថ្ងៃពុធទី០១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

ជាមួយគ្នានេះដែរ នៅក្នុងសេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់បែលហ្ស៊ិក បានបញ្ជាក់ថា៖ Romelu Lukaku ចង់ហ្វឹកហាត់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការត្រៀមខ្លួនខាងរាងកាយរបស់ខ្លួន។
Lukaku បានតស៊ូជាមួយនឹងរបួសនៅរដូវកាលនេះ ហើយបានលេងតិចតួចសម្រាប់ក្លិបរបស់គេគឺ Napoli។ គួរជម្រាបថា ការប្រកួតចុងក្រោយរបស់គេគឺជ័យជម្នះ ៤-៣ ពេលលេងតទល់នឹងក្រុមជម្រើសជាតិវែលស៍ ក្នុងវគ្គជម្រុះ World Cup នៅទីក្រុង Brussels កាលពីខែមិថុនា ដែលរូបគេបានបញ្ចូលទី ក្រោយមកគេក៏ខកខានលេងឱ្យក្រុមជម្រើសជាតិ ៦ ប្រកួតចាប់ពីពេលនោះមក៕

ប្រភព៖ CNA