ការវាយតម្លៃចុងក្រោយរបស់គេហទំព័រ Transfermarkt ដែលត្រូវបានគេហទំព័រ m.allfootballapp.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃអង្គារទី២៥ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្រុមជម្រីសជាតិអង់គ្លេសមានតម្លៃថ្លៃជាងគេបំផុត។ របាយការណ៍ខាងលើដដែលបានឲ្យដឹងថា ក្រុមអង់គ្លេសដែលត្រូវបានកោះហៅសម្រាប់ត្រៀមប្រកួតបាល់ទាត់ពិភពលោកទាំង ៣៥ នាក់មានតម្លៃសរុបជាង ២ ពាន់លានដុល្លារ ទោះបីកីឡាករល្បីៗជាច្រើនត្រូវបានដកខ្លួនចេញពីក្រុមដោយសាររបួសក៏ដោយ។

ជាមួយគ្នានេះដែរ លំដាប់ថ្នាក់ទីពីរបានទៅលើក្រុមជម្រើសជាតិបារាំងជាមួយនឹងតម្លៃ ១,៨ ពាន់លានដុល្លារ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះក្រុមរបស់ពួកគេមានកីឡាករត្រឹមតែ ២៦ នាក់ប៉ុណ្ណោះ។ ចំណាត់ថ្នាក់ទីបីបានទៅជើងឯកអឺរ៉ុប អេស្ប៉ាញ ដែលមានតម្លៃ ១,៧ ពាន់លានដុល្លារក្នុងចំណោមកីឡាករ ២៧ នាក់។ ជាបន្តបន្ទាប់ព័រទុយហ្គាល់ឈរចំណាត់ថ្នាក់ទី៤ ដែលមានតម្លៃ ១,១ ពាន់លានដុល្លារ ពីបញ្ជីកីឡាករ ២៦ នាក់របស់ពួកគេ។ ចំណាត់ថ្នាក់ទីប្រាំបានទៅលើប្រទេសអ៊ីតាលី ក្រុមមិនធានាបានកៅអីប្រកួតនៅក្នុងព្រឹត្តិការណ៍ World Cup រដូវក្តៅនេះដែលមានតម្លៃកីឡាករចំនួន ១,១ ពាន់លានដុល្លារ។
ប្រេស៊ីលគឺជាក្រុមដំបូងដែលមិនស្ថិតនៅក្នុងទ្វីបអឺរ៉ុបឈរនៅលំដាប់ទី៦ មានតម្លៃ ១,១ពាន់លានដុល្លារ។ ប្រទេសអាល្លឺម៉ង់ឈរនៅលំដាប់ទីប្រាំពីរជាមួយនឹងតម្លៃ ១ ពាន់លានដុល្លាររ ហើយត្រូវបានតាមពីក្រោយដោយក្រុមជើងឯកពិភពលោកបច្ចុប្បន្ន គឺអាហ្សង់ទីននៅលំដាប់ទីប្រាំបីជាមួយនឹងតម្លៃ ១ ពាន់លានដុល្លារ។ ប្រទេសហូឡង់ (៩៥២ លានដុល្លារ) និងបែលហ្ស៊ិក (៧៣៤ លានដុល្លារ) បានបញ្ចប់កំពូលទាំង១០៕
