ព័ត៌មានកីឡាអន្តរជាតិ
យោងតាមប្រភពជាច្រើនបានឱ្យដឹងថា France Football នឹងធ្វើការផ្លាស់ប្តូរធំចំនួន៣ចំពោះទម្រង់នសការជ្រើសរើសបេក្ខភាពអ្នកឈ្នះពាន Ballon d’Or ដែលមានស្រាប់មកហើយ។ ទម្រង់ចំនួនបីនោះគឺ៖
1. ពេលនេះទស្សនាវដ្ដី France Football នឹងគិតគូរពីការបង្ហាញគុណផលរបស់កីឡាករពេញមួយរដូវកាលតែប៉ុណ្ណោះ មិនមែនមួយឆ្នាំទៀតទេ។ ពាន Ballon d’Or បន្ទាប់នឹងត្រូវផ្តល់ឱ្យនៅខែកញ្ញាដែលខែចាប់ផ្ដើមរដូវកាលថ្មី។ ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នឹងទាក់ទងទៅនឹងរដូវកាល 2022/23 ។
2. មានតែអ្នកសារព័ត៌មានមកពីប្រទេសកំពូលទាំង១០០ នៅក្នុងចំណាត់ថ្នាក់របស់ FIFA ប៉ុណ្ណោះដែលមានសិទ្ធិបោះឆ្នោត។ ដូច្នេះ អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយមកពីប្រទេសតូចៗ នឹងលែងមានឥទ្ធិពលលើការបោះឆ្នោតទៀតហើយ។
3. ‘អាជីពរួម’ លែងជាលក្ខណៈវិនិច្ឆ័យក្នុងការបោះឆ្នោតទៀតហើយ។ ចាប់ពីពេលនេះតទៅ មានតែលក្ខណៈវិនិច្ឆ័យខាងក្រោមប៉ុណ្ណោះដែលត្រូវយកមកពិចារណា៖ ក) ការបង្ហាញគុណផលជាលក្ខណៈបុគ្គល ខ) ការបង្ហាញគុណផលជារួមរបស់ក្រុម និងពានរង្វាន់ដែលបានឈ្នះក្នុងរដូវកាលតែមួយ; គ) កម្រិតឬថ្នាក់របស់កីឡាករ និងការលេងដោយយុត្តិធម៌។
ដោយសារការផ្លាស់ប្តូរក្បួនជ្រើសរើសទាំងអស់នេះ វាទំនងណាស់ដែល Lionel Messi នឹងលែងដណ្តើមបាន Ballon d’Or លើកទី 8 របស់គាត់នៅឆ្នាំ 2022។ កីឡាករអាហ្សង់ទីនគឺមានតែផ្លូវមួយគត់នៃការឈ្នះពានរង្វាន់ Ligue 1 នៅរដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ គាត់អាចត្រលប់មកវិញនៅឆ្នាំ 2022/23 ជាពិសេស ប្រសិនបើគាត់ជួយជម្រើសជាតិអាហ្សង់ទីនក្នុងការប្រកួត World Cup និង PSG ក្នុង Champions League ។ Robert Lewandowski, Mohamed Salah និង Karim Benzema គឺជាគូប្រជែងកំពូលសម្រាប់រង្វាន់នាពេលនេះហើយ។
ប្រភព៖ L’Equipe
ព័ត៌មានកីឡាជាតិ
លោក ឃឹម បុរី ដែលជាគ្រូបង្គោលរបស់ក្លិបណាហ្គាវើលដ៍ បានដាក់គោលដៅយ៉ាងណាក៏រកបាន១ពិន្ទុក្នុងជំនួបទល់នឹង ក្លិបវិសាខា នាថ្ងៃស្អែកនេះ។
លោក បុរី នឹងត្រូវដឹកនាំកូនក្រុមទៅកាន់កីឡដ្ឋាន Prince Stadium នៅថ្ងៃស្អែកវេលាម៉ោង ៦ ទល់នឹង វិសាខា ខណៈ ការប្រកួតបើកឆាករបស់ណាហ្គាវើលដ៍ គឺ ធ្វើមិនបានល្អឡើយដោយចាញ់ ក្លិបបឹងកេត ក្នុងលទ្ធផល ៣ទល់នឹង១។
ក្នុងវីដេអូសម្ភាសន៍មុនការប្រកួតរបស់ Nagaworld TV អតីតខ្សែប្រយុទ្ធរូបនេះថា៖«ពួកយើងកំពុងហ្វឹកហាត់បានយ៉ាងល្អ ហើយ នឹងត្រៀមខ្លួនសម្រាប់ជំនួបទល់នឹងក្រុមវិសាខា។ យើងបានមើលការប្រកួតមុនរបស់ពួកគេរួចហើយ ហើយយើងបានដឹងពីរបៀបដែលពួកគេលេង»។
«យើងមានបញ្ហាមួយចំនួនជាមួយកីឡាករមានវិជ្ជមានកូវីដ-១៩ កាលពីសប្តាហ៍មុន ប៉ុន្តែគ្រប់គ្នាបានជាសះស្បើយ និង បានត្រលប់មករួមក្រុមវិញហើយ។ មកទល់ពេលនេះយើងមានកីឡាករតែម្នាក់គត់ ដែលត្រូវអវត្តមានដោយសាររបួស។ វិសាខា មានកីឡាករល្អៗច្រើន ប៉ុន្តែខ្ញុំជឿជាក់លើក្រុមរបស់ខ្ញុំ។ ខ្ញុំជឿថាយើងអាចធ្វើវាបាននៅចុងសប្តាហ៍នេះ។ យ៉ាងហោចណាស់យើងនឹងទទួលបានមួយពិន្ទុពីការប្រកួតក្រៅដីនេះទល់នឹងវិសាខា»៕
ការប្រកួតក្នុងពានរង្វាន់ Cambodian Premier League 2022 ទើបតែដំណើការបានត្រឹមមួយសប្ដាហ៍ប៉ុណ្ណោះ ប៉ុន្តែបញ្ហាអ្នកគាំទ្រចូលទស្សនាផ្ទាល់ត្រូវមជ្ឈដ្ឋានអ្នកគាំទ្របាល់ទាត់ក៏ដូចជាបុគ្គលក្នុងបាល់ទាត់បានចាប់ផ្ដើមបង្ហាញប្រតិកម្ម និងបញ្ចេញមតិយោបល់រៀងៗខ្លួន ហើយដូចនេះដែរ គ្រូបង្វឹកបឹងកេតលោក គឹម ភក្ដីក៏បានបង្ហាញអំពីមតិរបស់ទាក់ទងទៅនឹងប្រធានបទនេះដែរ។
ក្នុងកម្មវិធី Talk To Press មុនការប្រកួតសប្ដាហ៍ទី២ អតីតគ្រូបង្វឹកមានប្រភពពីសាលាបាល់ទាត់ជាតិបាទីរូបនេះបានសម្ដែងក្ដីត្រេកអរសម្រាប់អ្នកគាំទ្រចូលទស្សនា និងងបង្ហាញគំនិតវិជ្ជមានផងដែរ៖
«ទាក់ទងជាមួយអ្នកគាំទ្រ! ខ្ញុំក៏មានមតិខ្លះដែរ ប្រសិនបើយើងគិតនិងមើលក្នុងផ្លូវអវិជ្ជមាន នោះយើងនឹងឃើញអ្នកគាំទ្រតិច អ្នកគាំទ្រមិនសូវគាំទ្រវិស័យបាល់ទាត់។ នេះជាការគិតមួយ ប៉ុន្តេបើយើងគិតក្នុងផ្លូវវិជ្ជមានវិញ ពិតជារំភើប និងអស្ចារ្យណាស់ ពីព្រោះសម័យនេះពួកគាត់មកគាំទ្រលើទីលានផង និងគាំទ្រពីចម្ងាយនៅគេហដ្ឋានផងតាមកន្លែងធ្វើការរបស់គាត់។
«វាជារឿងល្អសម្រាប់វិស័យបាល់ទាត់យើង។ មួយវិញទៀត! អ្នកគាំទ្រតិចឬច្រើន អាស្រ័យលើក្លិបជាអ្នកប្រូម៉ូត ឱ្យអ្នកគាំទ្រស្រឡាញ់ក្លិបរៀងៗខ្លួន។ យើងឃើញហើយ! ក្នុងក្រុមជម្រើសជាតិ ទោះបីជាយើងលេងចាញ់ឬឈ្នះក្ដី គឺអ្នកគាំទ្រទៅគាំទ្រទាំងអស់ ដោយសារជាតិរបស់យើង។ ក្លិបដូចគ្នាដែរ!បើយើងធ្វើឱ្យក្លិបរបស់យើងសម្បូរអ្នកគាំទ្រ យើងនឹងមានអ្នកគាំទ្រកាន់តែច្រើន»។
«យើងឃើញការប្រកួតពីឆ្នាំទៅ វិសាខាជាមួយបឹងកេត គឺយើងទទួលបានអ្នកគាំទ្រជាច្រើន ដោយសារអ្នកគាំទ្រស្រឡាញ់ក្លិបរៀងៗខ្លួន។ នេះគឺជាអ្វីដែលយើងត្រូវកសាង ដើម្បីឱ្យអ្នកគាំទ្រមកចូលរួមកាន់តែច្រើន ហើយនេះជាចំណុចវិជ្ជមានសម្រាប់អ្នកគាំទ្រ សង្ឃឹមថាពួកយើងក្នុងវិស័យបាល់ទាត់ យើងមិនត្រូវគិតអវិជ្ជមានណាមួយ ទៅលើផ្នែកណាមួយនោះទេ យើងត្រូវគិតវិជ្ជមានដើម្បីបន្តដំណើរទៅមុខទាំងអស់គ្នា»។
«សង្ឃឹមថាអ្នកគាំទ្រក៏លោកមានពេល មានឱកាស ស្រឡាញ់ក្លិបណាមួយ លោកនឹងប្រឹងប្រែងទៅគាំទ្រក្លិបមួយនោះ ទៅថ្ងៃអនាគតជាមិនខាន។ ដូច្នេះពួកគេព្យាយាមលេងឱ្យបានល្អ ឱ្យបានទាក់ភ្នែកទស្សនិជន មានកម្រិតកាន់តែខ្ពស់ជាងនេះ លីគយើងកាន់តែខ្លាំង អ្នកគាំទ្រច្បាស់ណាស់នឹងមកទស្សនាជ្រោមជ្រែងទាំងអស់គ្នា»។
«ខ្ញុំសង្ឃឹមថានៅថ្ងៃអនាគតយើងនឹងសម្បូរអ្នកគាំទ្រ។ បច្ចុប្បន្ននេះបើយើងប្រៀបធៀបទៅវៀតណាម យើងឃើញអ្នកគាំទ្រគេច្រើន ប៉ុន្ដែប្រជាជនគេច្រើនដូចគ្នា ហើយប្រជាជនគេស្រឡាញ់ក្លិប ស្រឡាញ់តំបន់របស់គេ។ ប្រជាជនរបស់គេច្រើនជាងយើងគុណដប់ អញ្ចឹងពួកគេទៅទស្សនាបាល់ទាត់ចាប់ពី១ម៉ឺននាក់ បើធៀបជាមួយយើងមើលត្រឹម១០០០នាក់ ខ្ញុំគិតជាអ្នកគាំទ្រគិតជាមធ្យមយើងមានកំណត់ត្រាល្អផងដែរ។ ខ្ញុំនិយាយនេះជាភាពវិជ្ជមានសម្រាប់បាល់ទាត់របស់យើង ហើយបងប្អូននឹងមកទស្សនាការប្រកួត ហើយក៏បន្តទស្សនាការប្រកួតតាមគេហដ្ឋាន នេះគឺជាសណ្ដានចិត្ត ជាការលើកទឹកចិត្តសម្រាប់ក្លិបនិងកីឡាករទាំងអស់”៕
លោក បែ មករា ដែលជាអ្នកចាត់ការទូទៅរបស់ក្លិបបឹងកេត បានបង្ហាញចំណាប់អារម្មណ៍ចំពោះសមិទ្ធិផលរបស់ក្លិប ដែលលោកជឿជាក់ថា វាកើតចេញពីការខិតខំប្រឹងប្រែងរបស់កីឡាករ គ្រូបង្វឹក ប្រធានក្លិប អ្នកគាំទ្រ និង គ្រប់ៗគ្នានៅក្នុងក្រុម។
នៅក្នុងឆ្នាំ២០២២នេះ វាជាខួបរយៈពេល ១០ឆ្នាំហើយដែលបឹងកេត បានឡើងមកកាន់លីគកំពូលកម្ពុជាជាលើកដំបូង ហើយ ការចូលរួមលីគកំពូលឆ្នាំដំបូង គឺ ពួកគេបានឈ្នះពានរង្វាន់តែម្តង ដែលនេះអាចជាកំណត់ត្រាមួយដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ខ្មែរ។
លោក បែ មករា បានថ្លែងប្រាប់គេហទំព័រ Cambodia2023 ថា៖
«យើងបានឆ្លងកាត់បញ្ហាប្រឈមជាច្រើន ក្នុងរយៈពេល ១០ឆ្នាំ ក្នុងការឡើងមកកាន់លីគកំពូលកម្ពុជា។ យើងសម្រេចសមិទ្ធិផលបានច្រើន និង បង្កើតប្រវត្តិសាស្ត្រក្នុងវិស័យបាល់ទាត់កម្ពុជា។ យើងបានឈ្នះជើងឯកលីគដំបូងក្នុងរដូវកាលដំបូងរបស់យើង។ តាមពិតគោលដៅរបស់យើងគឺយើងគ្រាន់តែចង់រក្សាកៅអីលេងនៅលីគកំពូលប៉ុណ្ណោះ ប៉ុន្តែវាពិតជាអស្ចារ្យណាស់ដែលយើងលើកពានលីកក្នុងរដូវកាលដំបូងរបស់យើង។ បឹងកេត បានឈ្នះពានរង្វាន់ចំនួន៥ក្នុងនោះមានពានលីគ៤ និង ពានសម្តេច១។ វាបានមកពីការខិតខំប្រឹងប្រែងរបស់យើង ខណៈដែលអ្នកគ្រប់គ្នានៅក្នុងក្លិបកំពុងធ្វើការងារដ៏អស្ចារ្យ។ ខ្ញុំពិតជាមានមោទកភាពចំពោះក្លិប អ្នកពាក់ព័ន្ធរួមទាំងអ្នកឧបត្ថម្ភរបស់យើង កីឡាករ ប្រធានក្លិប និង ជាពិសេសអ្នកគាំទ្ររបស់យើងដែលតែងតែនៅជាមួយយើងក្នុងអំឡុងពេលល្អ និង លំបាករបស់យើង។ យើងសម្រេចបានច្រើនសម្រាប់ការប្រកួតក្នុងស្រុក ហើយ គោលដៅបន្ទាប់របស់យើង គឺ បង្កើតប្រវត្តិសាស្រ្តថ្មីនៅលើឆាកអន្តរជាតិ។ វាក៏ជាក្តីសុបិន្តរបស់ខ្ញុំផងដែរ ក្នុងការធ្វើឱ្យក្លិបក្នុង ស្រុករបស់យើងអាចប្រជែងយកពានក្នុងការ ប្រកួតអន្តរជាតិ»៕
ពានរង្វាន់បាល់ទាត់ក្នុងសាល Tiger រដូវកាលឆ្នាំ២០២១ ដែលការប្រកួតគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ សប្តាហ៍នេះហើយ ។ បើនិយាយពីក្លិប Loading FT ដែលជាក្រុមមួយ កំពុងតែមានបញ្ហាប្រឈម មុនការប្រកួតចូលមកដល់ ដោយសារតែកីឡាករចំនួន ៧នាក់ជាប់បម្រាម កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួតទល់នឹងក្លិបមហាហង្សនៃពានរង្វាន់បាល់ទាត់ក្នុងសាល Tiger រដូវកាលឆ្នាំ២០២០។
ជុំវិញបញ្ហាកីឡាករជាប់បម្រាបរបស់សហព័ន្ធបាល់ទាត់កម្ពុជា (FFC) នេះ ប្រធានក្លិប Loading FT លោក គុជ រ៉ាផាត់ បានសម្តែងក្តីបារម្ភជាខ្លាំង ហើយការរំពឹងទុកក្នុងឆ្នាំនេះ អាចនឹងប្រែប្រួល ១៨០ដឺក្រេ បើធៀបទៅនឹងឆ្នាំមុន ដែលពួកគេធ្វើបានចំណាត់ថ្នាក់លេខ៣ ។
លោក គុជ រ៉ាផាត់ បានរៀបរាប់ប្រាប់ B8-sport.com ថា៖ «ឆ្នាំនេះ យើងអាចប្រឈមមុខនឹងធ្លាក់ក្នុងពូលតែម្តង ដោយសារកីឡាករឆ្នើមៗរបស់យើង ចំនួន៧នាក់ ដែលជាកម្លាំងស្នូលរបស់ក្រុម ត្រូវបានជាប់បម្រាម ក្រោយមានជម្លោះក្នុងការប្រកួតទល់នឹងក្លិបមហាហង្ស កាលពីឆ្នាំមុន។ ខ្ញុំគិតថាពួកយើងនឹងពិបាក ហើយលទ្ធផលវិញនឹងប្រែប្រួល ១៨០ដឺក្រេ បើធៀបទៅនឹងឆ្នាំមុន ដែលយើងធ្វើបានល្អមែនទែន ហើយវាក៏ជាកំណត់ត្រាថ្មីរបស់ក្រុម ដែលអាចទទួលបានចំណាត់ថា្នក់លេខ៣ ជាលើកដំបូងក្នុងព្រឹត្តិការណ៍មួយនេះ»
កីឡាករជាប់បម្រាម ៧នាក់ដូចជា៖ អាន សុបញ្ញា (៦ប្រកួត), វឿន តុលា (៦ប្រកួត), សាយ អ៊ឹងមីង (៦ប្រកួត), យ៉ែម វិសាល (៦ប្រកួត), ឡឹម តារា (៦ប្រកួត), អេន អះលី (៣ខែ) និងមុំ អំរិត (៣ខែ)។
ប្រធានក្លិបវ័យ៣៣ឆ្នាំរូបនេះ ក៏បានបង្ហាញការតាំងចិត្ត និងរកបានកីឡាករថ្មីៗ មកបំពេញតួនាទីជំនួសកន្លែង ដែលកីឡាករ ៧នាក់ បានអវត្តមានផងដែរ។
«សម្រាប់ការតាំងចិត្តទាំងរូបខ្ញុំ និងកូនក្រុមទាំងអស់ ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ទោះបីជាដឹងថាយើងនឹងជួបផលវិបាកអំឡុងពេលប្រកួត។ ដោយឡែកកីឡាករថ្មីមួយចំនួន យើងបានចរចារជាមួយពួកគេ ដោយក្នុងនោះពួកគេមកពីក្លិប Down Town, Young Gun និង Dig88 »។
ក្លិប Loading FT ស្ថិតនៅពូល A ត្រូវជួបតទល់ជាមួយក្រុម Khmer Nokor FC, ក្រុម EOP FT និង ក្រុម C-Light FT ។ សម្រាប់ការប្រកួតដំបូងនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១២ ខែមីនា ត្រូវជួបជាមួយក្រុម Khmer Nokor FC វេលាម៉ោង ៨ព្រឹក នៅមជ្ឈមណ្ឌលកីឡា ដឹប្លូស្ពតអារីណា។
រូបភាព៖ Cambodia Futsal
ខ្សែបម្រើរបស់ក្លិបព្រះខ័នរាជស្វាយរៀង កីឡាករ ហូយ ផល្លីនដែលផ្ទេរទៅលេងខ្ចីជើងនៅក្លិបលីគទី២កម្ពុជា អាយ អេស អាយ ដង្កោរសែនជ័យ បាននិយាយថារូបគេមិនទាន់សម្របខ្លួនជាមួយក្រុមបានល្អនោះទេ ត្បិតតែរកបានគ្រាប់បាល់មួយគ្រាប់ក្នុងការប្រកួតដែលបានយកឈ្នះក្រុមខេត្តព្រៃវែង៤ទល់៣ក្នុងសប្ដាហ៍ទីមួយក៏ដោយ។
” និយាយអំពីការសម្របខ្លួនគឺមិនទាន់បនានល្អទេបង ពីព្រោះយើងទើបមកថ្មី ហើយនៅក្លិបថ្មីអ្វីៗមិនដូចក្លិបចាស់ ។ ខ្ញុំរៀងពិបាកជាមួយគេបន្តិច ត្រូវការសម្របសម្រួលបន្ថែមទៀត ហើយខ្ញុំពិតជាសប្បាយចិត្តដែលរកបានគ្រាប់បាល់នេះ”។
អតីតខ្សែបម្រើជម្រើសជាតិកម្ពុជារូបនេះបន្តថា រូបនឹងព្យាយាមចំណាយពេលវេលាស្វែងយល់ពីក្រុមបន្ថែមទៀត ពីព្រោះនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ សម្រាប់សប្ដាហ៍ទី២ ក្រុមអាយ អេស អាយដង្កោសែនជ័យនឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន ខេមបូឌៀ អ៊ែរវ៉េដើម្បីជួបក្រុមសូលទីឡូអង្គរ ខណៈការប្រកួតនឹងចាប់ផ្ដើមនៅម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី១៣ខែមីនាឆ្នាំ២០២២នេះ៕
កីឡាករ សារ៉េត គ្រីយ៉ា ដែលជាខ្សែការពារស្លាបស្តាំរបស់ក្លិបព្រះខ័នរាជស្វាយរៀង បានបង្ហាញអំពីការតាំងចិត្តចង់ជួយក្រុមឈ្នះការប្រកួតបន្ថែមទៀត។
កាលពីថ្ងៃសអង្គារកន្លងទៅ ស្វាយរៀង បានយកឈ្នះ គិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៣ទល់នឹង១ ដណ្តើមបាន៣ពិន្ទុ ក្នុងការប្រកួតបើកឆាក ហើយ ក្នុងនោះ គ្រីយ៉ា ក៏រកបាន១គ្រាប់ផងដែរ ខណៈ ២គ្រាប់ទៀតធ្វើបានដោយ Marcus Haber។
ថ្លែងប្រាប់ The Morning គ្រីយ៉ា បាននិយាយថា៖«វាពិតជាសំខាន់ណាស់ក្នុងការដណ្តើមបាន៣ពិន្ទុក្នុងការប្រកួតដំបូងប្រចាំរដូវកាល ហើយ យើងពិតជារីករាយចំពោះជ័យជម្នះនេះ។ ពួកយើងលេងបានល្អក្នុងវគ្គទី១ ដោយរកបាន៣គ្រាប់ ប៉ុន្តែ ក្រុមមានបញ្ហាបន្តិចបន្តួចក្នុងវគ្គទី២។ ខ្ញុំរីករាយដែលអាចរកគ្រាប់បាល់បាន ប៉ុន្តែ អ្វីដែលសំខាន់ គឺ ៣ពិន្ទុ។ វាមិនទាន់គ្រប់គ្រាន់សម្រាប់យើងទេ ពួកយើងស្រែកឃ្លានជ័យជម្នះបន្ថែមទៀត»៕
អ្នកចាំទី Thiabaut Courtois បានលើកឡើងថា កីឡាករ Karim Benzema ជា ខ្សែប្រយុទ្ធលេខ៩ដែលល្អជាងគេនៅលើលោក។
Benzema ស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯងកាលពីយប់មិញដើម្បីជួយក្រុមវាយបកទទួលបានជ័យជម្នះក្នុងលទ្ធផល ៣ទល់នឹង១ និង សរុបទាំងពីរជើង ៣ទល់នឹង២ ទទួលបានកៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយ។
Courtois បាននិយាយថា៖«Benzema គឺជាកីឡាករខ្សែប្រយុទ្ធលេខ៩ ល្អបំផុតក្នុងពិភពលោក។ Lewandowski ក៏រកបាន ៣ គ្រាប់ដែរកាលពីម្សិលមិញ ប៉ុន្តែ ២ គ្រាប់ជាបាល់ប៉េណាល់ទី។ ថ្ងៃនេះ Benzema បង្ហាញពីមូលហេតុដែលគាត់គួរតែបញ្ចប់ចំណាត់ថ្នាក់ល្អក្នុងការប្រជែងយកពាន Ballon d’Or ឆ្នាំនេះ»៕
ក្រុមបាល់ទាត់ខេត្តកោះកុងបានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី៧ទល់១លើសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំក្នុងការប្រកួតសប្ដាហ៍ទីមួយនៃពានលីគទី២កម្ពុជារដូវកាល២០២២ ខណៈដែលប្រធានក្រុមក្លិបមួយនេះពោលគឺ ទូច បញ្ចរ៉ុងថាការសហការជាក្រុម និងយល់ចិត្តគ្នាលើទីលានគឺជាកត្តានៃទទួលជោគជ័យក្នុងការប្រកួតនេះ។
«និយាយរួមទៅពួកយើងទទួលបានជ័យជំនះនេះ ដោយសារពួកយើងយកចិត្តទុកដាក់នៅពេលហ្វឹកហាត់ និង លេងដោយសហការគ្នាជាក្រុម យល់ចិត្តគ្នា យល់ពីអត្តចរឹតកីឡាករម្នាក់ៗ គាត់លេងបែបណា និងប្រើប្រាស់ភាពវៃឆ្លាតក្នុងការរក្សាបាល់មិនឱ្យគូប្រកួតដណ្ដើមបាន”។
តែយ៉ាងណា! អតីតខ្សែការពារក្លិបបឹងកេតរូបនេះទទួលស្គាល់ថា ក្រុមនៅមានចំណុចខ្វះខាតច្រើនពិសេសកីឡាករបរទេស។ រូបគេបានបន្តទៀតថា៖ «តែខ្ញុំយល់ថាពួកយើងនៅមានចំនុចខ្វះខាត មិនទាន់សុីចង្វាក់គ្នា១០០ភាគរយនៅឡើយទេ ព្រោះកីឡាករបរទេសទើបចូលរួមជាមួយពួកយើងរយះពេលខ្លី»។
ការប្រកួតសប្ដាហ៍ទី២ ក្រុមមានមូលដ្ឋាននៅឯនាយសមុទ្រមួយនេះនឹងត្រូវធ្វើដំណើរយ៉ាងវែងឆ្លាយទៅជួបក្រុមខេត្តបន្ទាយមានជ័យ ហើយយការប្រកួតលេងនៅថ្ងៃទី១៣ខែមីនាឆ្ន២០២២ វេលាម៉ោង៣និង៤៥នាទីរសៀល៕