ព័ត៌មានកីឡាអន្តរជាតិ
ខ្សែបម្រើប្រយុទ្ធ Ahmed Diallo បានក្លាយជាកីទ្បាករចុងក្រោយរបស់ក្លិបបិសាចក្រហម Manchester United ដែលរកបាន Hat-Trick នៅក្នុងការប្រកួត English Premier League បន្ទាប់ពីពួកគេបានយកឈ្នះលើ Southampton ក្នុងលទ្ធផល ៣-១ កាលពីរាត្រីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
ព័ត៌មានកីឡាជាតិ
ក្លិបព្រះខ័នរាជស្វាយរៀង បានធ្វើការប្រកាសនាំយកកីទ្បាករកូនកាត់ខ្មែរ-បារាំង លូកាស អាតធ័រ ពី Jura Dolois នៃលីគទី ៥ របស់ប្រទេសបារាំង ជាផ្លូវការ។ លូកាស អាតធ័រ ដែលមានវ័យ ២៦ ឆ្នាំរូបនេះធ្លាប់មានបទពិសោធន៍ជាច្រើនលេងនៅសហរដ្ឋអាម៉េរិក និងបារាំង ចន្លោះពីឆ្នាំ ២០១៨ ដល់ ២០២៤ ផងដែរ។
ការចូលរួមជាមួយនឹងក្រុមការពារតំណែងជើងឯកលីគកំពូលកម្ពុជា គឺមកពេញចំណុចខ្វះខាតតំបន់បម្រើ បន្ទាប់ពីកីទ្បាករ គឹម សុខយុទ្ធ បានរបួសសរសៃពួរ អំទ្បុងពេលបំពេញភារកិច្ចនៅ AFF ឱ្យក្រុមជម្រើសជាតិកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៤ ហើយ គឹម សុខយុទ្ធ ក៏ត្រូវសម្រាកព្យាបាលរបួសខាងលើនេះរយៈពេល ៣ ខែផងដែរ ។
កីទ្បាករកូនកាត់ខ្មែរ-បារាំង លូកាស អាតធ័រ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លនឱ្យក្រុមលើកដំបូង ពេលប៉ះគ្នាជាមួយក្រុមភ្នំពេញក្រោន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ សម្រាប់ការប្រកួតលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៤-២៥។
គួរជម្រាបឱ្យដឹងថា ក្រុមព្រះខ័នរាជស្វាយរៀង ដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក José Muñoz កំពុងតែជួបវិបត្តិនឹងកីទ្បាករសំខាន់ៗជាច្រើនជួបបញ្ហារបួសជាបន្តបន្ទាប់ ក្រោយពីកាលវិភាគប្រកួតមមាញឹកច្រ់ើន ដោយសារនៅរដូវកាលនេះ ពួកគេចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ច្រើននៅក្នុងស្រុក និងអន្តរជាតិ៕
ក្លិបអធិរាជ-ស Real Madrid បានទ្បើងទៅវគ្គ ៨ ក្រុមចុងក្រោយ នៃពានរង្វាន់ Copa del Rey បន្ទាប់ពីយកឈ្នះលើ Celta Vigo យ៉ាងតាងតឹងក្នុងម៉ោងបន្ថែម ១២០ នាទីដោយលទ្ធផល ៥-២ កាលពីយប់មិញ។
ជ័យជម្នះរបស់ Real Madrid លើ Celta Vigo ៥-២ នេះមិនមែនបានមកងាយៗទេ ដោយសារធ្វើភ្លាត់ឱ្យគេតាមស្មើនៅនាទី ៩០+១ ដោយការទាត់បាល់ពិន័យ ១១ ម៉ែត្ររបស់ Marcos Alonso។ យ៉ាងណា នៅម៉ោងបន្ថែម ១៥ នាទី ២ ដង ក្រុមរបស់លោក Carlo Ancelotti ក៏បានវាយបកមកវិញ រហូតដល់បាន ៣ គ្រាប់ទៀត។
គួរជម្រាបថា ការចាប់ឆ្នោតនៅវគ្គ ៨ ក្រុមចុងក្រោយ នៃពានរង្វាន់ Copa del Rey នឹងធ្វើទ្បើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះរួមមាន៖ Barcelona, Atletico Madrid, Valencia, Leganes, Osasuna, Valencia និង Getafe ជាដើម៕
ខ្សែប្រយុទ្ធ Alexander Isak របស់ក្លិប Newcastle United ក្លាយជាកីឡាករទី ៤ ក្នុងប្រវត្តិសាស្ត្រក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League បន្ទាប់ពីស៊ុតបញ្ចូលទីបាន ២ គ្រាប់នៅក្នុងការប្រកួតក្នុងផ្ទះជាមួយនឹងក្រុម Wolves កាលពីរាត្រីថ្ងៃពុធ ។
គ្រាប់បាល់នេះហេីយដែលធ្វីឱ្យ Isak ក្លាយជាកីឡាករទី ៤ ក្នុងប្រវត្តិសាស្ត្រ Premier League ដែលអាចមានសមត្ថភាពស៊ុតបញ្ចូលទីបាន ៨ ប្រកួតជាប់គ្នា។ ខ្សែប្រយុទ្ធស៊ុយអែតវ័យ ២៥ ឆ្នាំបានស៊ុតបាល់បញ្ចូលទីទៅលើគូប្រកួតនៅនាទី៣៤និង៥៧។ គួរជម្រាបថា ជ័យជម្នះរបស់ក្រុម Newcastle United លើ Wolves ក៏បានធ្វើឱ្យពួកគេរំគិលខ្លួនទ្បើងមកចំណាត់ថ្នាក់លេខ ៤ វិញ ដោយមាន ៣៨ ពិន្ទុលើស Chelsea ១ ពិន្ទុ បន្ទាប់ពីពួកគេស្មើគ្នា ២-២ Bournemouth កាលពីរាត្រីថ្ងៃពុធដូចគ្នា៕
លោក Jurgen Klopp បានសន្យាថានឹងរៀបចំពិធីជប់លៀងសម្រាប់អតីតមិត្តរួមក្រុម Liverpool របស់រូបលោកទាំងអស់ ប្រសិនបើពានរង្វាន់របស់ Manchester City ចំនួន ២ ត្រូវបានដកហូត។ លោក Jurgen Klopp កំពុងតាមដានយ៉ាងដិតដល់ចំពោះស្ថានភាពនៃការតស៊ូផ្លូវច្បាប់របស់ Man City ដើម្បីបង្ហាញថាខ្លួនគ្មានកំហុសពីបទចោទប្រកាន់រំលោភលើបទប្បញ្ញត្តិផ្នែកហិរញ្ញវត្ថុចំនួន ១១៥ ករណីដែលកំពុងបើកសវនាការ។
សាលក្រមលើសំណុំរឿង FFP របស់ Man City ត្រូវបានគេរំពឹងថានឹងចេញជាផ្លូវការនៅ មុនចុងបញ្ចប់នៃរដូវកាល ២០២៥-២៦។ ក្លិបមេឃខៀវ Manchester City អាចនឹងត្រូវដកយកពាន Premier League ចំនួន ២ ត្រឡប់មកវិញ ប្រសិនបើរកឃើញថាមានកំហុស។ នោះមានន័យថា Liverpool អាចទទួលបានពានរង្វាន់រដូវកាល ២០១៧-១៨ និង ២០២១-២២ ខណៈដែលពួកគេបានបញ្ចប់ក្នុងនាមជាជើងឯករង។
ស្របពេលដែលសំណុំរឿងកំពុងដំណើរការ លោក Klopp បានសន្យាថានឹងរៀបចំពិធីជប់លៀងដ៏ធំមួយជាមួយកីឡាករក្លិប Liverpool ប្រសិនបើរឿងនោះកើតឡើងមែន។ លោកបានអះអាងថា ខ្ញុំបានពិភាក្សាគ្នារួចហេីយ នៅពេលខ្ញុំចាកចេញ។ លោកបន្តថា ប្រសិនបើវានឹងកើតឡើង ខ្ញុំបានប្រាប់មនុស្សទាំងអស់ដែលចង់មកថា គ្រាន់តែកក់ជើងហោះហើរទៅកាន់ទីក្រុង Mallorca ខ្ញុំនឹងទិញស្រាបៀរជប់លៀងពួកគេ។ ពួកយើងនឹងមានក្បួនដង្ហែរផ្ទាល់ខ្លួននៅក្នុងសួនរបស់ខ្ញុំ៕
ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានប្រាប់អំពីស្ថានភាពបញ្ហារបួសថារូបគេកំពុងតែស្ថិតក្រោមការតាមដាន និងរង់ចាំថតស្គេន (MRI) នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ ការលើកទ្បើងបែបនេះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បន្ទាប់ពីរូបគេហាក់បីជាមានបញ្ហារបួសជង្គង់ខាងឆ្វេង អំទ្បុងពេលការប្រកួតជើងទី១ វគ្គ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤-២៥ ដែលបឹងកេត បានយកឈ្នះលើកំពង់ចាម ដោយបញ្ចប់លទ្ធផល ១-៨ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។
ហេតុការណ៍ខាងលើនេះកើតទ្បើង បន្ទាប់ពីរូបគេញក់ចុះញក់ទ្បើងជាមួយនឹងកីទ្បាករកំពង់ចាម រហូតដល់ភ្នាត់ដោយខ្លួនឯង និងដេកដួលលើស្មៅតែម្តង។ បញ្ហាខាងលើនេះធ្វើឱ្យ ចាន់ វឌ្ឍនាកា បង្ខំចិត្តផ្លាស់ប្តូរចេញភ្លាមៗតែម្តងនៅទី ៤១ ជំនួសមកវិញដោយកីទ្បាករ អ៊ាវ សុវណ្ណារ៉ា។ ចាន់ វឌ្ឍនាកា ក៏រកបាន ១ គ្រាប់ឱ្យបឹងកេតផងដែរ នៅក្នុងជំនួបខាងលើនេះ។
យ៉ាងណា ក្រោយពីបញ្ចប់ការប្រកួត ចាន់ វឌ្ឍនាកា ក៏បានប្រាប់ពីស្ថានភាពរបួសនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ជម្រាបសួ ពុកម៉ែ បងប្អូន អុំពូមីងយាយតា អរគុណ ពុកម៉ែ បងប្អូន អុំពូមីងយាយតា នៅការបារម្ភ និង ជូនពរមកកាន់រូបខ្ញុំក្រោយមានការដួលនៅក្នុងទីលាននៅប្រកួតល្ងាចមុិញ ស្ថានភាពខ្ញុំពេលនេះគឺស្ថិតនៅក្រោមការតាមដាន និង រង់ចាំថតស្គេន (MRI) នៅថ្ងៃស្អែក អរគុណគ្រប់គ្នាដែលបារម្ភ និង ជូនពរមកកាន់ខ្ញុំ»។ គួររំលឹកថា ចាន់ វឌ្ឍនាកា ធ្លាប់រងរបួសដាច់សរសៃពួរជង្គង់ ACL ខាងស្តាំម្តងរួចមកហើយ កាលពីឆ្នាំ ២០២២ អំទ្បុងពេលប្រកួតទល់នឹងក្រុមវិសាខា នៅក្នុងពានរង្វាន់ Prince Beer Pre-Season Cup៕
ក្នុងចំណោមខ្សែបម្រើកំពូលទាំង ២០ កីឡាករ Rodri ត្រូវបានគេចាត់ទុកថាជាខ្សែបម្រើល្អបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៥។ នៅពេលរូបគេមកដល់ក្លិប Manchester City ដំបូងពី Atletico Madrid មនុស្សជាច្រើនបានរំពឹងថារូបគេនឹងក្លាយជាកីឡាករជំនួស Fernandinho ផ្ទុយទៅវិញឥទ្ធិពលរបស់កីឡាករអេស្ប៉ាញរូបនេះគឺមិនអាចប្រៀបផ្ទឹមបាន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រូបគេបានបន្ថែមការរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួត ជាពិសេសការស៊ុតបញ្ចូលទីជួយឱ្យ City ឈ្នះពានរង្វាន់ Champions League លើកដំបូងមិនធ្លាប់មានទល់នឹង Inter ក្នុងឆ្នាំ២០២៣ ។ Rodri បានឈ្នះពានជាមួយក្រុមជម្រីសជាតិអេស្ប៉ាញ។ រូបគេក៏បានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះជើងឯក Premier League លើកទីបួនជាប់ៗគ្នារបស់ City ដែលនាំឱ្យរូបគេទទួលបាន Ballon d’Or ឆ្នាំ២០២៤ ។
ចំណែកឯខ្សែបម្រីល្អចំណាត់ថ្នាក់ទី២បានទៅលីកីឡាករអង់គ្លេស Jude Bellingham ក្លិប Real Madrid និងកីឡាករន័រវែស Martin Odegaard របស់ក្លឹបArsenal។ គួររឭកថាការវាយតម្លៃចំណាត់ថ្នាក់នេះដោយផ្អែកទៅលើកត្តាមួយចំនួនដូចជាៈទម្រង់លេងនាពេលថ្មីៗពានរង្វាន់កិត្តិយសបុគ្គលក្នុងឆ្នាំ ២០២៤ ពានរង្វាន់ក្រុមនៅឆ្នាំ ២០២៤ សារៈសំខាន់ចំពោះក្លិបសារៈនិងសំខាន់ចំពោះក្រុមជម្រើសជាតិ៕
ក្លិប Aston Villa បានប្រកាសពីការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Donyell Malen ពី Borussia Dortmund ក្នុងតម្លៃប្រមាណជាង ១២ លានអឺរ៉ូបូករួមទាំងថ្លៃប្រាក់បន្ថែម (add-ons) ៣ លានអឺរ៉ូ។ Donyell Malen បានលេងឱ្យ Borussia Dortmund ចាប់តាំងពីឆ្នាំ ២០២១ មកម្ល៉េះ បន្ទាប់ពីចាកចេញ PSV Eindhoven។ កីទ្បាករសញ្ជាតិហូឡង់វ័យ ២៥ ឆ្នាំរូបនេះក៏ជាអតីតថ្នាលយុវជនរបស់ក្លិប Arsenal ផងដែរ មុនពេលចូលរួមជាមួយនឹង Aston Villa។
Donyell Malen រកបាន ៣៩ គ្រាប់ពេលលេងឱ្យ Borussia Dortmund ១៣២ ប្រកួត និងជួយឱ្យក្រុមឈានទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ UEFA Champions League ដែលពួកគេចាញ់ Real Madrid កាលពីរដូវកាលមុន។ Malen ក៏លេងឱ្យក្រុមជម្រើសជាតិហូឡង់កម្រិតឈុតធំ ដោយរូបគេរកបាន ៩ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៤១ ផងដែរ។ គួរបញ្ជាក់ថា Aston Villa ដែលដឹកនាំដោយលោក Unai Emery កំពុងតែស្ថិតនៅចំណាត់ថ្នាក់់លេខ ៨ នៅ Premier League និងលេង ៥ នៅ Champions League៕
ប្រភព៖ BBC
យោងតាមប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត Al Khobar និងព័រទុយហ្គាល់ O Jogo ចេញផ្សាយកាលពីថ្ងៃអង្គារទី១៤ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថាខ្សែប្រយុទ្ធ Cristiano Ronaldo ដែលនឹងឈានចូលវ័យ៤០ឆ្នាំក្នុងខែកុម្ភៈ នឹងបន្តកិច្ចសន្យាជាមួយក្លិប Al Nassr រហូតដល់ខែមិថុនាឆ្នាំ២០២៦ក្នុងតម្លៃជាង២៤៤លានដុល្លារ។ តារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់បានមកដល់ក្លិប Al Nassr កាលពីខែមករាឆ្នាំ ២០២៣ ហើយកិច្ចសន្យាររបស់រូបគេត្រូវអស់សុពលភាពត្រឹមខែមិថុនា ឆ្នាំ ២០២៥។
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ Al Sharq News ជាមួយនឹងទិន្នន័យពី Bloomberg និង Forbes ខ្សែប្រយុទ្ធ Cristiano គឺជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់បំផុតរួចទៅហើយនៅអារ៉ាប៊ីសាអូឌីតជាមួយនឹងប្រាក់បៀវត្សរ៍ជាង២៤៤លានដុល្លារបូកនឹងសិទ្ធិផ្សព្វផ្សាយរូបភាព ៦០ ផ្សេងទៀត។ ជាមួយនឹងការបន្តកុងត្រាថ្មីនេះ Ronaldo ក៏នៅតែជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោកជាមួយនឹងប្រាក់ឈ្នួលជាង៤ លានដុល្លារក្នុងមួយខែ ។
Cristiano នៅជាមួយ Al Nassr ស៊ុតបញ្ចូលទីបាន ៧៥ គ្រាប់ក្នុង៨៤ ប្រកួតរបស់គាត់ដែលពាក់អាវពណ៌លឿងដ៏ល្បីល្បាញ។ ទោះជាយ៉ាងណាក៏ដោយ ការឈ្នះពានពិតជាពិបាកនឹងមកដល់ជាមួយនឹងភាពលេចធ្លោខ្លាំងពីគូប្រជែងAl Hilal។ ខ្សែប្រយុទ្ធជើងចាស់រូបនេះបានឈ្នះពានតែមួយជាមួយក្លឹបអារ៉ាប៊ីសាអូឌីត បន្ទាប់ពី Al Nassr បានឈ្នះពានរង្វាន់ Arab Club Championship ឆ្នាំ ២០២៣៕