ads
Ramon​ និង Nieto កំពុងប្រជែងដណ្តើមស្បែកជើងមាសនៅ CPL សម្រាប់រដូវកាលនេះ
១៧-ឧសភា-២០២៥

ខ្សែប្រយុទ្ធ Ramon Tanque របស់ក្លិបវិសាខា និងខ្សែបម្រើប្រយុទ្ធ Andres Nieto របស់ក្លិបភ្នំពេញក្រោន បាននឹងកំពុងប្រជែងគ្នាយកស្បែកជើងមាស ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៤-២៥។ ជាការពិតណាស់ សល់តែ ១ ប្រកួតទៀតប៉ុណ្ណោះ ការប្រកួតលីគកំពូលកម្ពុជា Cambodia Premier League នឹងបញ្ចប់រដូវកាល ខណៈដែលខ្សែប្រយុទ្ធ Ramon Tanque កំពុងនាំមុខគេជាកីទ្បាករបរទេសទី ១ ដែលស៊ុតបញ្ចូលទីច្រើនជាងគេរហូតដល់ទៅ ២០ គ្រាប់។ ចំណែកឯខ្សែបម្រើប្រយុទ្ធ Andres Nieto បាននឹងកំពុងដេញតាមពីក្រោយ Ramon Tanque ផងដែរ ដោយរកបាន ១៩ គ្រាប់។

យ៉ាងណា ទាំង Ramon Tanque និង Andres Nieto ត្រូវបានគេរំពឹងថា នឹងរកគ្រាប់បាល់រហូតដល់ ២២ ឬ២៣ គ្រាប់ គ្រាដែលលីគកំពូលកម្ពុជា នៅសល់ ១ ទៀត។ រំលឹកថាក្នុងចំណោមកីទ្បាករ ៣ រូបដែលរកគ្រាប់បាល់ច្រើនចាប់ពី ៣០ គ្រាប់ទ្បើងទៅ គិតចាប់តាំងពីរដូវកាលឆ្នាំ ២០០៤ ដល់ ២០២៥ មក មានតែ ចាន់ វឌ្ឍនាកា របស់ក្លិបបឹងកេត ប៉ុណ្ណោះដែលរកបាន៣៧គ្រាប់ក្នុងមួយរដូវកាល ពោលគឺកាលពីរដូវកាល ២០១៤-២០១៥ ក៏ដូចជា Private Mbarga របស់ក្លិបព្រះខ័នរាជស្វាយរៀងរកបាន ៣៦ គ្រាប់ កាលពីរដូវកាល ២០១៨-២០១៩ និង Marcus Haber របស់ក្លិបព្រះខ័នរាជស្វាយរៀងរកបាន ៣១ គ្រាប់ កាលពីរដូវកាល ផងដែរ។

គួរជម្រាបថា នាចុងសប្តាហ៍ ការប្រកួតក្នុងក្របខណ្ឌលីគកំពូលកម្ពុជា Cambodia Premier League នឹងបញ្ចប់រដូវកាល ២០២៤-២៥ ខណៈដែលការប្រកួតចុងក្រោយ វិសាខា ត្រូវបើកទ្វារកីទ្បដ្ឋានព្រីសន៍ ទទួលស្វាគមន៍អង្គរថាយហ្គឺរ ហើយភ្នំពេញក្រោន ក៏ត្រូវធ្វើដំណើរទៅកាន់ខេត្តស្វាយរៀង ដើម្បីសួរសុខទុក្ខក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ផងដែរ៕

 

ads