

(English) គ្រូបង្គោលរបស់ក្រុមខ្មែរយូណាយធីត លោក ឃួន ឡាបូរ៉ាវី បាននិយាយថាការប្រកួតមិត្តភាពអន្ករជាតិរវាងក្រុមរបស់លោកជាមួយនឹងក្រុម TULOY FC គឺជាការពង្រឹងក្រុមឱ្យកាន់តែប្រសើរជាងមុន ដើម្បីត្រៀមខ្លួនក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់ UYFC Soccer League ឆ្នាំ២០២៥ នាពេលខាងមុខនេះ។
ជាការពិតណាស់! នាវេលាម៉ោង ៤ រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ក្រុមខ្មែរយូណាយធីត ដែលដឹកនាំដោយលោក ឃួន ឡាបូរ៉ាវី ជាអតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្រុម TULOY FC មកពីលីគកំពូលរបស់ប្រទេសហ្វីលីពីន។ យ៉ាងណា មុនការប្រកួតខាងលើនេះ លោក ឃួន ឡាបូរ៉ាវី បានថ្លៃងប្រាប់ថា៖ ចំពោះការប្រកួតមិត្តភាពអន្តរជាតិខាងលើ គឺជាឱកាសដ៏ល្អមួយ ដែលពួកយើងមានឱកាសបង្ហាញខ្លួនជាមួយនឹងក្រុមមកពីក្រៅប្រទេស។ ជាពិសេសក្រុមដែលលេងនៅលីគកំពូលហ្វីលីពីន។ អ៊ីចឹងហើយ ពួកយើងអាចទទួលបានថាបាល់ទាត់ហ្វីលីពីន កំពុងតែមានភាពរីកចម្រើន។ ដូច្នេះហើយ ឱកាសក្នុងលេងជាមួយនឹងក្រុមបែបហ្នឹង គឺល្អសម្រាប់យើង។ យើងក៏អាចពង្រឹងក្រុមកាន់តែប្រសើរជាងមុន ដើម្បីត្រៀមខ្លួនក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់ UYFC Soccer League ឆ្នាំ២០២៥ នាពេលខាងមុខនេះ។
សូមរំលឹកថា កាលពីរដូវកាលមុន ក្រុម ខ្មែរយូណាយធីត បានក្លាយជាជើងឯកក្នុងពានរង្វាន់ UYFC Soccer League លើកទី៧ ឆ្នាំ២០២៤ ដែលជាពានរង្វាន់បាល់ទាត់ដ៏ធំមួយនៅកម្ពុជា រៀបចំដោយ សហភាពសហពន្ធ័យុវជនកម្ពុជា ឬហៅកាត់ថា ស.ស.យ.ក ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពជា និងជាប្រធានគណ:កម្មការ Soccer League។ ក្រុមខ្មែរយូណាយធីត ជាក្លិបបាល់ទាត់ពាក់កណ្តាលអាជីព ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០១១ ដោយឧកញ៉ាបណ្ឌិត គីម ហ៊ាង ហើយក៏កំពុងត្រៀមខ្លួនចូលរួមលេងនៅលីគកំពូលកម្ពុជាក្នុងថ្ងៃអនាគតផងដែរ៕