ព័ត៌មានកីឡាអាស៊ី
(English) Lion City Sailors អាចទទួលបានជ័យជម្នះលើ Sanfrecce Hiroshima ក្នុងលទ្ធផល ៣-០ សម្រាប់ជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី ២ របស់ទ្វីបអាស៊ី AFC Champions League Two ឆ្នាំ២០២៤-២៥ ។
ជាការពិតណាស់ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ សមាជិកក្រុម នៃលីគកំពូលជប៉ុន Sanfrecce Hiroshima បានយកឈ្នះលើ Lion City Sailors ក្នុងដី ដោយបញ្ចប់លទ្ធផល ៦-១ ដ៏គួរឱ្យចាប់អារម្មណ៍ក៏ដោយ។
យ៉ាងណា Sanfrecce Hiroshima អាចនឹងចាញ់ដោយស្វ័យប្រវត្តិ ៣-០ វិញ បន្ទាប់ពីពួកគេបានដាក់កីឡាករដែលគ្មានសិទ្ធិ (ineligible player) ក្នុងការប្រកួតខាងលើនេះ។ ភាពចម្រូងចម្រាសបានកើតឡើងនៅពេលដែលគ្រូបង្វឹកជនជាតិអាឡឺម៉ង់ លោក Michael Skibbe បានប្តូរចូលខ្សែប្រយុទ្ធបារាំង Valere Germain នៅនាទីទី ៦៩ ហើយរូបគេក៏រកបានគ្រាប់នៅនាទី ៥ ក្រោយមក។
ទោះបីជាយ៉ាងណាក៏ដោយ Valere Germain ត្រូវបាន AFC ព្យួរការប្រកួតចំនួន ៣ ប្រកួត បន្ទាប់ពីមានជម្លោះមួយក្នុងការប្រកួតកាលពីខែកុម្ភៈ ខណៈដែលរូបគេពេលនោះកំពុងលេងឱ្យ ក្រុម Macarthur FC ក្នុងពានរង្វាន់ AFC Cup (ឥឡូវត្រូវបានប្តូរឈ្មោះជា ACL 2) ។
យោងតាមប្រការ ៣៨.២.៣ នៃក្រមវិន័យ និងក្រមសីលធម៌របស់ AFC ការព្យួរត្រូវបានអនុវត្តចំពោះការប្រកួតពានកម្រិតទ្វីបផ្លូវការរបស់កីឡាករក្នុងប្រភេទពានរង្វាន់ដូចគ្នា។ ប្រសិនបើត្រូវបានគេបញ្ជាក់ថាមានកំហុសពិតមែននោះលទ្ធ Lion City Sailors នឹងត្រឡប់មកឈ្នះ៣ទល់០លើក្រុម Sanfrecce Hiroshima វិញ។ គួរបញ្ជាក់ផងដែរថាការសម្រេចចិត្តនេះអាចផ្លាស់ប្តូរដំណើរការប្រកួតទាំងស្រុង៕
ប្រភព៖ ASEANFOOTBALL
ព័ត៌មានកីឡាអន្តរជាតិ
(English) Real Madrid លក់សំបុត្រក្នុងថ្ងៃប្រកួត (Matchday) បានលុយច្រីនជាងគេបំផុតក្នុងចំណោមក្លិបបាល់ទាត់នៅក្នុងលីគកំពូលទាំង ៥ របស់អឺរ៉ុបសម្រាប់ឆ្នាំ ២០២៣-២៤ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BCC ។ Real Madrid ប្រមូលលុយបានជាង ១៩៧ លានដុល្លារពីការលក់សំបុត្រចូលទស្សនានាំមុខក្លិបយក្សបារាំង Paris Saint Germain ដែលរកចំណូលបានជាង ១៧៩ លានដុល្លារឈរលំដាប់លេខ ២ ក្នុងតារាង។ ប្រភពខាងលើដដែលបានឱ្យដឹងថា Real Madrid ជាមធ្យមប្រាក់ចំណូលបានមកពីការលក់សំបុត្រ ១ ប្រកួតក្នុងផ្ទះគឺជាង ៧,៨លានដុល្លារ ។
តម្លៃសំបុត្រប្រកួតក្នុងផ្ទះជាមធ្យមម្នាក់ជាង ១០៩ ដុល្លារ។ PSG ជាមធ្យមប្រាក់ចំណូលបានមកពីការលក់សំបុត្រ ១ ប្រកួតក្នុងផ្ទះគឺជាង ៧,៧ លានដុល្លារតែតម្លៃសំបុត្រប្រកួតក្នុងផ្ទះម្នាក់ជាមធ្យមថ្លៃជាង Real Madrid គឺ ជាង១៤៦ដុល្លារ។ ចំណែកឯនៅ Premier league វិញ ក្រុមកាំភ្លីងធំ Arsenal ឈរកំពូលតារាង និងទទួលបានចំណាត់លេខ៣នៅអឺរុប។ Arsenal រកចំណូលបានមកពីការលក់សំបុត្រគឺជាង ១៦៧ លានដុល្លារ។ ប្រាក់ចំណូល ១ ប្រកួតក្នុងផ្ទះជាមធ្យមគឺជាង ៦ លានដុល្លារ។ តម្លៃសំបុត្រប្រកួតក្នុងផ្ទះម្នាក់ជាមធ្យមគឺជាង ១០៩ ដុល្លារដូចគ្នាទៅនឹង Real Madrid ផងដែរ៕
ប្រភព៖ BBC
ព័ត៌មានកីឡាជាតិ
(English) គ្រូបង្វឹករបស់ក្លិប Tiffy Army FC លោក ភា សុភ័ក្ត្រា ចង់ឱ្យសហព័ន្ធកីទ្បាបាល់ទាត់កម្ពុជា FFC ធ្វើការរៀបចំវគ្គសិក្សាអាជ្ញាប័ណ្ណកម្រិតខ្ពស់ (Pro Licence) សម្រាប់ការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលសមត្ថភាពលើគ្រូបង្វឹកនៅកម្ពុជាបន្ថែតទៀត នាថ្ងៃអនាគត។
ជាការពិតណាស់ បច្ចុប្បន្ននេះ សម្រាប់គ្រូបង្វឹកនៅកម្ពុជា ភាគច្រើនគឺកាន់អាជ្ញាប័ណ្ណកម្រិត A-Licence ដូចជាគ្រូបង្វឹកលោក ភា សុភ័ក្ត្រា (Tiffy Army FC) , ឃឹម បូរី (ណាហ្គាវើលដ៍), ទុំ សារ៉ាយ (អាយអេសអាយ ដង្កោសែនជ័យ), និង ស៊ុំ វណ្ណា (សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ) ដែលកំពុងដឹកនាំក្រុមនៅលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៤-២៥ ។ នៅកម្ពុជា សម្រាប់គ្រូបង្វឹកជនជាតិខ្មែរ មានតែលោក ប្រាក់ សុវណ្ណារ៉ា ប៉ុណ្ណោះដែលកាន់អាជ្ញាប័ណ្ណកម្រិតខ្ពស់ Pro Licence ហើយបច្ចុប្បន្នលោកកំពុងតែទំនេរពីការងារជាគ្រូបង្វឹក បន្ទាប់ពីចែកផ្លូវគ្នាជាមួយនឹងក្លិប Life FC កាលពីខែតុលា ឆ្នាំ២០២៤ កន្លងទៅ ។
យ៉ាងណា ទាក់ទងនឹងរឿងខាងលើនេះ លោក ភា សុភ័ក្ត្រា បានថ្លៃងប្រាប់មកកាន់គេហទំព័រកីទ្បា PSB Sport News តាមរយៈសារអេលិចត្រនិចថា៖ «ខ្ញុំចង់ស្នើសុំឱ្យ FFC រៀបចំវគ្គសិក្សាអាជ្ញាប័ណ្ណកម្រិតខ្ពស់ Pro Licence ដូចទៅនឹងប្រទេសទ្បាវ ដែលអាចបើកវគ្គសិក្សានេះបាន។ ពួកយើងគួរតែធ្វើវាដូចគ្នា ដោយសារ គ្រូៗខ្មែរភាគច្រើនគឺសុទ្ធសឹងតែកាន់អាជ្ញាប័ណ្ណកម្រិត A-Licence យ៉ាងហោចណាស់ក៏លើស ៣០ ជាងនាក់ផងដែរ។ មានន័យថាការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់សហព័ន្ធផ្សេងៗនាថ្ងៃអនាគត សម្រាប់បាល់ទាត់នៅកម្ពុជាFFC គួរតែគិតអំពីការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលសមត្ថភាពលើគ្រូៗនៅកម្ពុជាបន្ថែមទៀត នាថ្ងៃអនាគត»។
លោកបន្តទៀតថា៖ «ខ្ញុំចង់ឱ្យ FFC គិតអំពីការអភិឌ្ឍន៍ បណ្តុះបណ្តាលធនធានគ្រូបង្វឹកបន្ថែមលើសមត្ថភាពទៅដល់កម្រិត Pro Licence ។ បើនិយាយអំពីការចំណាយក្នុងការសិក្សាវគ្គខាងលើនៅក្រៅប្រទេសវិញ គឺក៏ចំណាយជាង ២ ម៉ឺនដុល្លារផងដែរ។ វាមិនមែនជារឿងងាយស្រួលទេក្នុងការមានឱកាសចុះឈ្មោះចូលរៀន សម្រាប់គ្រូក្រៅប្រទេស។ ដូច្នេះហើយ ឱកាសរៀនមានតិចតួចថែមទាំងចំណាយថ្លៃទៀតផង។ បើ FFC មានគំនិតក្នុងការជួយអភិវឌ្ឍន៍លើសមត្ថភាព គឺវាជារឿងដ៏ប្រសើរដែលគ្រូៗបានរៀននៅក្នុងស្រុក និងមានការប្រកួតប្រជែងបន្ថែមទៀត សម្រាប់បាល់ទាត់នៅកម្ពុជា។ ខ្ញុំចង់បានន័យថាមិនមែនចង់សំដៅរៀននៅក្រៅស្រុកទេ គឺចង់ឱ្យដូចប្រទេសទ្បាវ ដែលបង្កើតវគ្គសិក្សានេះក្នុងប្រទេសពួកគេ។ នៅឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី សឹង្ហបុរី និងថៃ គឺពួកគេបានបង្កើតអស់ហើយ សម្រាប់វគ្គសិក្សានេះ បើនិយាយពីគ្រូបង្វឹកកាន់អាជ្ញាប័ណ្ណកម្រិតខ្ពស់នេះទ្បើងសុទ្ធតែ ៥០ ឬ ៦០ នាក់ហើយ ប្រទេសខ្លះក៏រាប់រយនាក់ ហើយនៅខ្មែរមានតែ ១ ប៉ុណ្ណោះ ស្របពេលទ្បាវកំពុងតែធ្វើទៀត។ ដូច្នេះហើយ ពួកយើងគួរតែធ្វើរឿងនេះដូចគ្នា»។
គួរបញ្ជាក់ថា សម្រាប់ក្រុម Tiffy Army FC ត្រូវប៉ះគ្នាជាមួយនឹងគិរីវង់សុខសែនជ័យ សម្រាប់ការប្រកួតលីគកំពូលកម្ពុជា Cambodia Premier League សប្តាហ៍ទី ២៥ រដូវកាល ២០២៤-២៥ នាវេលាម៉ោង ១៨:០០ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ៕
(English) សមាគមកីឡាបាល់ទាត់ចក្រភពអង់គ្លេស រួមមានអៀរឡង់ខាងជើង ស្កុតឡែន និងវែលបានបង្ហាញចំណាប់អារម្មណ៍ទៅកាន់ FIFA ចំពោះការដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ ២០៣៥ ។ វានឹងជាលើកទីមួយដែលការប្រកួតត្រូវបានរៀបចំឡើងនៅលើទឹកដីចក្រភពអង់គ្លេស បន្ទាប់ពីការប្រកួតជើងឯកអឺរ៉ុបនារីចំនួនពីរលើកក្នុងប្រទេសអង់គ្លេសក្នុងឆ្នាំ ២០០៥ និង ២០២២។
លោក Mark Bullingham នាយកប្រតិបត្តិនៃសមាគមកីឡាបាល់ទាត់អង់គ្លេសមានប្រសាសន៍ថា៖ យើងជឿជាក់យ៉ាងមុតមាំថាយើងអាចរៀបចំការប្រកួតដ៏អស្ចារ្យមួយ ជាមួយនឹងភាពជោគជ័យនៃពានរង្វាន់ UEFA Women’s EURO នៅឆ្នាំ២០២២ និងការរីកចម្រើនយ៉ាងឆាប់រហ័សជាបន្តបន្ទាប់នៃការប្រកួតកីឡានារីក្នុងប្រទេសអង់គ្លេស។
ថ្មីៗនេះក្រុមប្រឹក្សារបស់ FIFA បានសម្រេចចិត្តណែនាំប្រទេសនៅអឺរ៉ុប ឬអាហ្រ្វិក ឱ្យធ្វើជាម្ចាស់ផ្ទះដ៏មានសក្តានុពលសម្រាប់ការប្រកួតឆ្នាំ ២០២៥ ។ FIFA បានប្រកាសថាការដេញថ្លៃសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ ២០៣១ និង ២០៣៥ នឹងត្រូវដាក់ជូននៅចុងឆ្នាំ ២០២៥ ជាមួយនឹងការសម្រេចចិត្តរំពឹងទុកនៅពាក់កណ្តាលឆ្នាំ ២០២៦។
ការប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ២០២៧ នឹងធ្វើឡើងនៅប្រទេសប្រេស៊ីល ដែលជាការប្រកួតលើកទីមួយដែលបានធ្វើឡើងនៅអាមេរិកខាងត្បូង។ ម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ឆ្នាំ២០៣១ មិនទាន់ត្រូវបានសម្រេចចិត្តនៅឡើយទេ៕
ប្រភព៖ Reuters
(English)
បន្ទាប់ពីប្រកាសលាឈប់ពីក្រុមជម្រើសជាតិឥណ្ឌា កាលពីខែមិថុនាឆ្នាំមុន ពេលនេះខ្សែប្រយុទ្ធ Sunil Chatri ដែលជាក្រុមធានក្រុមបានវិលត្រលប់មកជួយក្រុមវិញហើយ សម្រាប់ការប្រកួតក្នុងខែមីនា។ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន etvbharat ។ Sunil Chatri មានវ័យ ៤០ ឆ្នាំគឺជាកីទ្បាករទី ៤ ដែលរកគ្រាប់បាល់ជាច្រើនជាងគេឱ្យក្រុមជម្រើសជាតិ បន្ទាប់ពីប្រធានក្រុមព័រទុយហ្គាល់ Cristiano Ronaldo, ប្រធានក្រុមអាហ្សង់ទីន Lionel Messi និងអតីតប្រធានក្រុមអ៊ីរ៉ង់ ខ្សែប្រយុទ្ធ Ali Dei ។
Sunil Chatri នឹងជាផ្នែកមួយដ៏សំខាន់ក្នុងក្រុមជម្រើសជាតិ សម្រាប់ការប្រកួតមិត្តភាពទល់នឹងម៉ាល់ឌីវ នាថ្ងៃទី១៩ ខែមីនា និងបង់ក្លាដែស ក្នុងការប្រកួតជម្រុះ Asia Cup ឆ្នាំ ២០២៧ ជុំទី៣ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ សូមជម្រាបថា បច្ចុប្បន្ន Sunil Chatri កំពុងតែលេងឱ្យក្រុម Bengaluru FC ក្នុងក្របខណ្ឌលីគកំពូលឥណ្ឌា Indian Super League (ISL) ដោយរូបគេរកបាន ១២ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ២ លើកនារដូវកាល ២០២៤-២៥ ផងដែរ៕
(English) ខ្សែប្រយុទ្ធ Neymar JR ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួតជម្រុះ World Cup នាខាងលើទល់នឹងកូឡុំប៊ី និងអាហ្សង់ទីន បន្ទាប់ពីរូបគេអវត្តមានរយពេល ១៧ ខែ។ កីទ្បាករវ័យ ៣៣ ឆ្នាំរូបនេះមិនបានលេងឱ្យប្រេស៊ីលចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ដោយសារូបគេរងរបួសដាច់សរសៃពួរជង្គង់ ACL អំទ្បុងពេលប្រកួតទល់នឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ។
Neymar រកបាន ៧៩ ប្រកួតក្នុងការបង្ហាញខ្លួន ១២៨ លើកឱ្យក្រុមជម្រើសជាតិ និងបានបង្ហាញខ្លួននៅក្នុងការប្រកួត World Cup ចំនួនបី។ កាលពីថ្មីៗនេះរូបគេក៏បានបង្ហាញពីក្តីសង្ឃឹមរបស់ខ្លួននុងការលេងក្នុងការប្រកួត World Cup ឆ្នាំ២០២៦ ដែលសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក រួមគ្នាធ្វើជាម្ចាស់ផ្ទះផងដែរ។
សូមបញ្ជាក់ថា Neymar បានស៊ូទ្រាំនឹងការខកចិត្តនៅ Al-Hilal ជាកន្លែងដែលរូបគេបង្ហាញខ្លួនត្រឹមតែ ៧ លើកក្នុងរយៈពេល ១៨ ខែដោយសាររបួស ACL ហើយបានត្រលប់ទៅក្លិប Santos ដែលជាក្រុមរូបគេធ្លាប់លេងតាំងពីក្មេងក្នុងខែមករាក្នុងកិច្ចសន្យារយៈពេល ៦ ខែ៕
ប្រភព៖ beinsports
(English) ខ្សែការពារប្រេស៊ីល Cassio de Jesus របស់ក្លិប Royal Navy នៃសមាជិកលីគទី ៣ ប្រទេសថៃ បានទទួលមរណភាពក្នុងវ័យ ៣៥ ឆ្នាំហើយ ដោយសារជំងឺកង្វះគ្រាប់ឈាមក្រហម (Anemia) កាលពីថ្ងៃពុធទី០៥ ខែមីនា ឆ្នាំ២០២៥ ។ វេជ្ជបណ្ឌិតបានកំណត់មូលហេតុថា ភាពស្លេកស្លាំង aplastic ដែលជាក្រុមនៃជំងឺដែលចំនួនកោសិកាដើមឈាមថយចុះ ដែលបណ្តាលឱ្យកោសិកាឈាមតិចត្រូវបានផលិតនៅក្នុងខួរឆ្អឹង។
នៅចុងឆ្នាំ ២០២៤ កីទ្បាករប្រេស៊ីលខាងលើ បានរងប៉ះពាល់ចំនួនគ្រាប់ឈាមប្លាកែតធ្លាក់មកកម្រិតទាប ហើយរូបគេត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យឈុនបុរី បន្ទាប់ពីស្ថានភាពរបស់រូបគេប្រសើរទ្បើង ក៏សម្រេចចិត្តត្រលប់ទៅផ្ទះវិញ។ ប៉ុន្តែបន្ទាប់ពីត្រលប់មកផ្ទះវិញ រោគសញ្ញាក៏ត្រលប់មកវិញ ប៉ុន្តែលើកនេះ ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតរូបគេបានទេ ទើបធ្វើឱ្យរូបគេបានទទួលមរណភាពក្នុងវ័យ ៣៥ ឆ្នាំ ។
សូមជម្រាបថា ខ្សែការពារ Cassio de Jesus បានចាប់ផ្តើមលេងអាជីពបាល់ទាត់នៅឆ្នាំ ២០០៩ ជាមួយនឹងក្លិប Guarani របស់ប្រទេសប្រេស៊ីល មុនពេលផ្លាស់មកលេងនៅតំបន់អាស៊ានជាមួយក្លឹបមួយចំនួនក្នុងលីគឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ កាលពីខែសីហាឆ្នាំមុន៕
ប្រភព៖ sanook
(English) FIFA គ្រោងនឹងផ្តល់ប្រាក់រង្វាន់ជាង១ពាន់លានដុល្លារដល់ក្លឹបដែលចូលរួមប្រកួត Club World Cup ខណៈសមាគមក្លិបអឺរ៉ុប (ECA) ដែលកំពុងចរចាតំណាងឱ្យក្លិបនៅអឺរ៉ុបរួមទាំងក្លឹប Chelsea និង Manchester City បានខិតជិតដល់កិច្ចព្រមព្រៀង។
ប្រភពជាច្រើនបានបញ្ជាក់ប្រាប់ BBC Sport ថាក្លិបចំនួន ៣២ ដែលពាក់ព័ន្ធ រួមទាំងក្លិបនៅអឺរ៉ុបចំនួន ១២ នឹងបែងចែកអ្វីដែលរំពឹងទុកថាជាប្រាក់រង្វាន់ដ៏ធំបំផុតមិនធ្លាប់មាន។ ប្រាក់រង្វាន់នេះ វាគឺជាចំណែកមួយផ្អែកលើកិច្ចព្រមព្រៀងទូរទស្សន៍សកលផ្តាច់មុខចំនួន ១ ពាន់លានដុល្លារដែលយល់ព្រមជាមួយសេវាកម្មផ្សព្វផ្សាយកីឡា DAZN កាលពីខែធ្នូ។
ការប្រកួតបើកឆាកដំបូងដែលប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិកនឹងចាប់ផ្តើមនៅថ្ងៃទី ១៤ ខែមិថុនា ហើយនឹងបញ្ចប់ដោយការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរដ្ឋ New Jersey នៅថ្ងៃទី ១៣ ខែកក្កដា។ ក្លិបនីមួយៗដែលចូលប្រកួតនឹងទទួលបានថ្លៃចូលរួមសម្រាប់ការចូលលេងវគ្គដំបូង និងជាបន្តបន្ទាប់ដោយផ្អែកលើលទ្ធផលប្រកួតរបស់ពួកគេ៕
ប្រភព៖ CNA
(English) អ្នកចាត់ការរបស់ក្លិប Lyon លោក Paulo Fonseca ត្រូវបានពិន័យ ៩ ខែមិនឱ្យចូលដឹកនាំក្រុម ដោយសារកាយវិការមិនសមរម្យរបស់លោកធ្វើហួសហេតុមកលើអាជ្ញាកណ្តាល កាលពីចុងសប្តាហ៍មុន។
ជុំវិញបញ្ហាខាងលើនេះកើតឡើង អំទ្បុងពេលក្រុម Lyon បានយកឈ្នះទៅលើ Brest ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតលីគកំពូលបារាំង Ligue 1 ដោយសារបុរសសញ្ជាតិព័រទុយហ្គាល់វ័យ ៥២ ឆ្នាំរូបនេះបានបញ្ចេញកាលវិការមិនសមរម្យ ចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលគឺលោក Benoit Millot ជាខ្លាំងរហូតស្ទើរតែប៉ះមុខអាជ្ញាកណ្តាល និងស្រែកខ្លាំងៗដាក់ឱ្យអាជ្ញាកណ្តាលថែមទៀត។ ជាមួយគ្នានោះអាជ្ញាកណ្តាលក៏បានផ្តល់ក្រហមទៅកាន់លោក Paulo Fonseca បណ្តេញចេញពីលានភ្លាមៗតែម្តង។
យ៉ាងណា បន្ទាប់ពីបញ្ហាខាងលើនេះ នៅក្នុងសេចក្តីថ្លៃងការណ៍របស់សហព័ន្ធកីទ្បាបាល់ទាត់បារាំង FFF បានបញ្ជាក់ថា៖ លោក Paulo Fonseca ត្រូវបានពិន័យរយៈពេល ៩ ខែពោលគឺរហូតដល់ថ្ងៃទី៣០ ខែវិច្ឆកា ហើយរូបលោកក៏មិនត្រូវអនុញ្ញាតឱ្យឈរបញ្ជាកូនក្រុមនៅលើទីលានបានទេ សូម្បីតែបន្ទប់ស្លៀកពាក់ និងបំពេញមុខងារផ្លូវការណាមួយមុន ឬក្រោយការប្រកួត រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ថែមទៀតផង៕