ព័ត៌មានកីឡាអាស៊ី
ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ AFF ធំៗចំនួន ៣ ក្នុងរយៈពេលជាច្រើនខែ បន្ទាប់ពីពិធីចាប់ឆ្នោតជ្រើសរើសពូលជាផ្លូវការដែលត្រូវបានរៀបចំឡើងដោយសមាគមកីឡាបាល់ទាត់នៃប្រទេសឥណ្ឌូនេស៊ី (PSSI) កាលពីម្សិលមិញ។
ការប្រកួតពានរង្វាន់ AFF U-19 Championship នឹងឃើញក្រុមចំនួន១១ប៉ះគ្នាជាមួយម្ចាស់ផ្ទះឥណ្ឌូណេស៊ី ដែលស្ថិតក្នុងពូល A ជាមួយមីយ៉ាន់ម៉ា វៀតណាម ថៃ ប្រ៊ុយណេនិងហ្វីលីពីន។ ក្រុមជើងឯករងម៉ាឡេស៊ី ដែលបានចាញ់អូស្ត្រាលី 1-0 ក្នុងឆ្នាំ 2019 ស្ថិតក្នុងពូល B ជាមួយឡាវ ទីម័រខាងកើត កម្ពុជា និងសិង្ហបុរី។
សម្រាប់ពានរង្វាន់ AFF អាយុក្រោម 16 ឆ្នាំ ដោយក្រុមទាំង 12 មកពី AFF ត្រូវបានបែងចែកជា 3 ក្រុម។ ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ស្ថិតក្នុងពូល A ជាមួយវៀតណាម សិង្ហបុរី និងហ្វីលីពីន ខណៈពូល B មាន ថៃ ទីម័រខាងកើត ឡាវ និងប្រ៊ុយណេ។ ក្រុមការពារតំណែងជើងឯកម៉ាឡេស៊ីស្ថិតក្នុងពូល C ប៉ះអូស្ត្រាលី មីយ៉ាន់ម៉ា និងកម្ពុជា។
ជាលើកដំបូងក្នុងឆ្នាំនេះ AFF នឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ AFF Under-18 Women’s Championship ដោយមានក្រុមចំនួន 9 ចូលរួម។ ពូល A មាន វៀតណាម ថៃ កម្ពុជា សិង្ហបុរី និងឥណ្ឌូនេស៊ី ខណៈពូល B មាន អូស្ត្រាលី មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងហ្វីលីពីន។
ព័ត៌មានកីឡាអន្តរជាតិ
ទីភ្នាក់ងារកីឡាករបាល់ទាត់ដ៏ល្បីល្បាញ លោក Roberto De Fanti បានទម្លាយឲ្យដឹងថា Tottenham បានបើកកិច្ចចរចារជាមួយ Manchester United ជុំវិញលទ្ធភាពក្នុងការនាំយក Marcus Rashford មករួមក្រុមសម្រាប់រដូវកាលថ្មីខាងមុខនេះ។
Rashford ដែលបច្ចុប្បន្នមានវ័យ២៤ឆ្នាំ បានឆ្លងនូវកាត់នូវរដូវកាលដ៏ពិបាកបំផុតរបស់ខ្លួនដែលបញ្ចប់ទៅថ្មីៗនេះ ដោយ ការធ្លាក់ទម្រង់លេងបានធ្វើឲ្យរូបគេបាត់បង់ឪកាសជាប់ជម្រើសដំបូងរបស់ Man Utd ពោល ការបង្ហាញខ្លួន៣២ប្រកួត គេអាចរកបានតែ៥គ្រាប់ និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន២ដងប៉ុណ្ណោះ។ លើសពីនេះទៀតសោត រូបគេក៏ពុំត្រូវបានកោះហៅឲ្យជាប់ក្នុងក្រុមជម្រើសជាតិអង់គ្លេសផងដែរ។
លោក De Fanti បាននិយាយថា៖«តម្លៃផ្ទេរត្រឹម ៥០លានផោន អាចនឹងសមរម្យ ប៉ុន្តែ Rashford ត្រូវបាន Man Utd ទាមទារ ពី ៧០-៨០លានផោន។ វាពិតជាមានកិច្ចពិភាក្សាគ្នារវាង Spurs និង Man Utd ប៉ុន្តែ Spurs គិតថា វាពិតជាពិបាកនឹងកើតឡើងដោយសារតែតម្លៃផ្ទេរខ្ពស់ពេក»៕
កីឡាករ Alexandre Lacazette បានសម្រេចចិត្តចាកចេញពី Arsenal ហើយ ដោយ រូបគេនឹងវិលត្រឡប់មកកាន់ Lyon វិញ ខណៈ ការប្រកាសផ្លូវការនឹងធ្វើឡើងនៅថ្ងៃនេះតែម្តង។
Lacazette បានចូលរួមជាមួយ Arsenal នៅក្នុងឆ្នាំ២០១៧ ពី Lyon ហើយ ក្នុងរយៈពេល៥ឆ្នាំនេះ គេបានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ពីររួមមាន FA Cup និង FA Community Shield។ យ៉ាងណាក្តី ដោយសារតែកុងត្រារបស់គេជាមួយក្លិបបានអស់សុពលភាព ហើយ ការចរចារក៏ពុំបានធ្វើឡើង ដូច្នេះរូបគេ និង ក្លិបបានសម្រេចចិត្តចែកផ្លូវគ្នា ខណៈ កីឡាករសញ្ជាតិបារាំងខាងលើ បានចាកចេញក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។
សម្រាប់ការវិលត្រឡប់ទៅកាន់ Lyon នេះផងដែរ គឺ Lacazette បានចុះកុងត្រានៅប៉ុន្មានម៉ោងមុននេះបន្តិច ហើយ គេក៏បានតេស្តសុខភាពជោគជ័យផងដែរ រង់ចាំតែការប្រកាសជាផ្លូវការនៅថ្ងៃនេះ៕
ឥណ្ឌាបានឈានដល់ការចាប់ផ្តើមដ៏ល្អឥតខ្ចោះក្នុងការប្រកួត AFC Asian Cup Qualifiers ជាមួយនឹងការយកឈ្នះលើកម្ពុជា ២-០ នៅកីឡដ្ឋាន Salt Lake Stadium ក្នុងទីក្រុង Kolkata កាលពីម្សិលមិញ។ ប្រធានក្រុម Sunil Chhetri រកបាន២គ្រាប់នៅនាទី(13′, 60′) គឺគ្រប់គ្រាន់ដើម្បីជួយក្រុម Blue Tigers ទទួលបានជ័យជម្នះដ៏ធំមួយ ដែលនាំពួកគេឡើងទៅកាន់កំពូលតារាងពូល D ។ Igor Stimac មានមោទនភាពយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់កីឡាកររបស់គាត់ ហើយអរគុណពួកគេសម្រាប់ការឈ្នះនេះ។
គាត់បានប្រតិកម្មនឹងការប្រកួតដោយនិយាយថា៖ “ខ្ញុំមានតែពាក្យប៉ុន្មានម៉ាត់ប៉ុណ្ណោះចំពោះការឈ្នះនេះ។ អរគុណច្រើនចំពោះកូនក្រុមដែលបានលេងថ្ងៃនេះ។ វាពិតជាពិបាកដោយសារបញ្ហាការដកដង្ហើម។ ខ្ញុំយល់ថាខួរក្បាលមិនដំណើរការត្រឹមត្រូវទេ ហើយអុកស៊ីសែនមិនមានគ្រប់គ្រាន់នៅទីនោះនៅពេលចាំបាច់”។
“កីឡាករបានធ្វើអស់ពីសមត្ថភាពដែលពួកគេអាចធ្វើបាននៅថ្ងៃនេះ ហើយទទួលបានលទ្ធផលដែលយើងចង់បាន។ ពួកគេបានធ្វើការងារដែលជាការសំខាន់ណាស់។ ខ្ញុំបានសុំរឿងពីរក្នុងថ្ងៃនេះពីកីឡាករ គឺគ្រាប់បាល់ និង Clean-Sheet ។ ខ្ញុំនឹងសប្បាយចិត្តជាងនេះបើយើងរកបាន៣ឬ៤គ្រាប់ ប៉ុន្តែក៏សប្បាយចិត្តជាមួយគ្រាប់ទាំង២នេះផងដែរ។ ខ្ញុំមានទំនុកចិត្តចំពោះអ្វីដែលនឹងកើតឡើង»។
Igor Stimac ក៏មានអារម្មណ៍ថាក្រុមរបស់គាត់អាចស៊ុតបញ្ចូលទីបានច្រើនជាងនេះ ហើយបានពន្យល់ពីការប្ដូរ Sunil Chhetri ចេញបន្ទាប់ពីគាត់ទទួលបានស្លាកដៃប្រធានក្រុម។ “លទ្ធផលដ៏យុត្តិធម៌នឹងកើតឡើងប្រសិនបើយើងឈ្នះ 4-0 ។ យើងមានឱកាសច្បាស់ 4-5 បន្ថែមទៀត ដូច្នេះគ្រាប់បាល់ពីរទៀតនឹងដំណើរការបានល្អ។ ប៉ុន្តែ យើងត្រូវតែបន្ទាបខ្លួន។ កីឡាករកំពុងព្យាយាម ប៉ុន្តែរកមិនឃើញវិធីដើម្បីរកគ្រាប់បាល់បានច្រើនជាងនេះ”។
“អ្នកត្រូវតែឆ្ងល់ថាហេតុអ្វីបានជាខ្ញុំដក Sunil និង Brandon (Fernnandes) ចេញខណៈដែលពួកគេកីឡាករដ៏មានឥទ្ធិពល។ យើងមានហ្គេមបីហើយយើងត្រូវការពារកីឡាករ។ ប៉ុន្តែយើងត្រូវតែបង្រៀនកីឡាករដទៃទៀតឱ្យរៀនដោយមិនមាន Sunil ។ ហើយការជំនួសគឺដើម្បីធានាថាពួកគេអាចលេងដោយគ្មាន Sunil ទោះបីជាវាមានរយៈពេលសាមសិបនាទីក៏ដោយ”។
ព័ត៌មានកីឡាជាតិ
ក្រុមជម្រើសជាតិកម្ពុជាទើបតែរងបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះឥណ្ឌា២ទល់០ក្នុងការប្រកួតបើកឆាកពូល D ពានរង្វាន់ AFC Asian Cup 2023 វគ្គជម្រុះជុំទីបីនៅកីឡដ្ឋាន Salt Lake ក្នុងទីក្រុងកុលកាតា។
មុនការប្រកួតនេះកើតឡើង មានបញ្ហាមួយចំនួនបានកើតឡើង ទាំងការធ្វើដំណើរទៅកីឡដ្ឋាន រឿងទង់ជាតិខុស និងរឿងភ្លេងជាតិកម្ពុជាមិនអាចដំណើរការតាមគ្រោងទុកជាដើម។ រឿងមួយដែលយើងគួរចាប់អារម្មណ៍គឺគ្មានវត្តមានរបស់កីឡាករ ឡុង ភារ៉ាត់ ក្នុងបញ្ជី១១នាក់ដំបូង និងបញ្ជីកីឡាករបម្រុងនោះទេ។ មូលហេតុដែលរូបគេគ្មានវត្តមានក្នុងបញ្ជីគឺបញ្ហាសុខភាពបណ្ដាលមកពីការជិះឡានក្រុង។ នេះបើតាមក្រុមការងារ B8-Sport ទទួលបានព័ត៌មានពីប្រទេសឥណ្ឌា។
ពេលធ្វើដំណើពីសណ្ឋាគារទៅកាន់កីឡដ្ឋានប្រកួត ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងអស់បានជិះឡានក្រុងដែលខាងសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌារៀបចំដើម្បីធ្វើដំណើទៅកាន់កន្លែងប្រកួត។ កំឡុងពេលជិះឡានក្រុងនោះក្រុមកីឡាករកម្ពុជាទាំងអស់ ទទួលបានផលរំខានដោយសារអ្នកបើកបរឡានក្រុងនោះប្រើប្រាស់ល្បឿនឡានតាមផ្លូវមិនស្ថេរភាពក្នុងកម្រិតមួយ មិនស្រួលទាល់តែសោះ។ ក្នុងចំណោមកីឡាករទាំងអស់! ឡុង ភារ៉ាត់ដែលដើមឡើយមានឈ្មោះក្នុងបញ្ជីជម្រើស១១នាក់ដំបូង បានកើតអការៈ វិលមុខ ធីងធោង រកក្អួតចង្អោរ ហើយមិនអាចលេងបាននោះទេ។
មកដល់ពេលនេះ សុខភាពរបស់ខ្សែបម្រើក្លិបព្រហខ័នរាជស្វាយរៀងវិលមកប្រក្រតីភាពវិញហើយ ក្រោយសម្រាករយៈពេលមួយថ្ងៃ ហើយរូបគេនឹងចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុមត្រៀមប៉ះជាមួយជម្រើសជាតិកោះហុងកុងនៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០២២៕
គ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Hirose Ryu ត្រូវប្រឈមមុខនឹងសំណួរតឹងតែងមួយចំនួនពីប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះឥណ្ឌា។ គាត់បាននិយាយអំពីការសម្រេចចិត្តប៉េណាល់ទី របៀបដែលកម្ពុជាចាញ់ការប្រកួត និងច្រើនទៀត។
លោក Hirose Ryu មិនសប្បាយចិត្តនឹងការដែលកម្ពុជាចាប់ផ្ដើមយុទ្ធនាការជម្រុះនេះដោយលទ្ធផលបរាជ័យ។ លោកបានសង្កត់ធ្ងន់លើតំបន់ដែលពួកគេបរាជ័យក្នុងការអះអាងពីការត្រួតត្រារបស់ពួកគេ។
“ជាក់ស្តែង វាមិនមែនជាលទ្ធផលដែលយើងចង់បាន ហើយយើងមិនចង់ចាញ់ការប្រកួតដំបូងក្នុងវគ្គជម្រុះនោះទេ។ កីឡាករប្រឹងប្រែងខ្លាំងណាស់ តែពួកគេមិនអាចធ្វើអ្វីបានតាមការគ្រោងទុក។ យើងមានកន្លែងសម្រាប់បង្កើតឱកាស(ឱកាសហ្វ្រីឃីគ ២ដង) ប៉ុន្តែយើងមិនអាចធ្វើបាន»។
លើសពីនេះគ្រូបង្វឹកសញ្ជាតិជប៉ុននិយាយអំពីការសម្រេចចិត្តផ្តល់បាល់ប៉េណាល់ទីរបស់អាជ្ញាកណ្ដាលផងដែរ បន្ទាប់ពី Liston Colaco ត្រូវបានដួលក្នុងប្រអប់ ហើយចំណុចនេះនាំឱ្យមានការជជែកគ្នាច្រើន។ នេះជាអ្វីដែលគ្រូបង្វឹកបាននិយាយអំពីការសម្រេចចិត្ត។
“វាមិនសមទេ មិនដល់ថ្នាក់ត្រូវពិន័យម៉េណាល់ទីនោះទេ។ វាជាករណីដែលកីឡាកររបស់យើងត្រូវបានគេវាយ ហើយបន្ទាប់មកកីឡាករឥណ្ឌាប្រហែលជាមានឥទ្ធិពលលើអាជ្ញាកណ្តាលដើម្បីទទួលបានការពិន័យ»។
និយាយអំពីការពន្យារពេលដោយសារភ្លេងជាតិមុនការប្រកួត
ក្នុងនាមជាគ្រូបង្វឹកសញ្ជាតិជប៉ុន លោកមិនចាប់អារម្មណ៍ខ្លាំងពេកទេ អំពីបញ្ហាដែលកើតឡើងមុន ឬក្រោយការប្រកួតនោះទេ។ លោកបានជំរុញឲ្យកីឡាកររបស់លោកបន្តផ្តោតលើអ្វីដែលស្ថិតក្នុងការគ្រប់គ្រងរបស់ពួកគេ។
“យើងពិតជាមិនខកចិត្តចំពោះរឿងនោះខ្លាំងទេ ពិតណាស់យើងពិតជាទទួលបានហេតុផលសមស្របតិចតួចបំផុត។អ្វីដែលត្រូវធ្វើគឺយើងសម្រាកហើយរៀបចំរង់ចាំការប្រកួតជាថ្មី។នេះគឺជាតួនាទីរបស់យើង”។
ក្លិបបាល់ទាត់កម្ពុជាភ្នំពេញក្រោន ដែលជាជើងឯក Cambodian League Cup 2022 បានបញ្ចប់យុទ្ធនាការប្រកួតមិត្តភាពអន្តរជាតិលើទឹកដីម៉ាឡេស៊ី Malaysia Tour 2022 ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់ក្លិបអាស៊ីទី២ AFC CUP ដោយមិនអាចទទួលបានជ័យជំនះឡើយក្នុងចំណោម ៣ប្រកួតរបស់ពួកគេជាមួយក្លិបជើងខ្លាំងម៉ាឡេស៊ី ដែលចាប់ផ្ដើមប្រកួតពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០២២នេះ។
ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ International Club Friendly Match 2022 របស់ក្លិបបាល់ទាត់ភ្នំពេញក្រោនបានទទួលលទ្ធផលមិនគាប់ប្រសើរឡើយ ដោយចាប់ផ្ដើមប្រកួតដំបូងនៅថ្ងៃទី០៤ ខែមិថុនានេះ ស្មើ ១-១ ជាមួយសមាជិកលីគកំពូលម៉ាឡេស៊ី Terengganu FC ហើយពីថ្ងៃបន្ទាប់បានចាញ់ក្រុមលីគ២ម៉ាឡេស៊ី Terengganu FC II លទ្ធផល ៣-១ និងបន្តបរាជ័យ ១-៥ ជាមួយ Kuala Lampur City ដែលជាក្រុមខ្លាំងមួយរបស់លីគកំពូលម៉ាឡេស៊ីនៅល្ងាចមិញនេះ។
គួរបញ្ជាក់ដែរថា ក្លិបកម្ពុជាភ្នំពេញក្រោន ត្រូវមានភារកិច្ចប្រកួតវគ្គចែកពូល AFC Cup 2022 ដែលស្ថិតក្នុងពូល I ជាមួយ Veittel FC របស់វៀតណាម Houngang United របស់សិង្ហបុរី និង Young Elephants United របស់ឡាវ ដែលចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២២ ដោយប្រកួតនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម៕
រូបភាព៖ PPCFC
នៅពេលនេះសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានត្រូវធ្វើលិខិតផ្លូវការសុំទោសកម្ពុជាហើយ ចំពោះកំហុសរបស់ដែលមិនបានយកចិត្តទុកដាក់ចំពោះក្រុមបាល់ទាត់កម្ពុជា រួមទាំងទង់ជាតិរបស់កម្ពុជា។
នៅក្នុងលិខិតរបស់ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដែលបានផ្ញើជូនមកសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ថាចាភាសាអង់គ្លេសដែលមានអត្ថន័យជាភាសាខ្មែរថា៖ «ជាការឆ្លើយតបទៅនឹងបញ្ហាខាងលើ, វាជារឿងគួរឱ្យសោកស្ដាយដែលទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានផលិតឡើង សម្រាប់ការប្រកួត មិនត្រូវតាមលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់នៅត្រង់ ផ្នែករចនា និងពណ៌។ ដូច្នេះ យើងសូមជូនដំណឹងថា AFC នឹងប្រើប្រាស់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ជារូបភាពក្រាហ្វិកវិញ នៅលើស្រ្គីនធំមួយសម្រាប់ការប្រកួត ដែលនឹងចាប់ផ្ដើមនៅប៉ុន្មានម៉ោងខាងមុខ ហើយនេះគឺជាការអនុវត្តជាទម្លាប់ធម្មតា នៅក្នុងករណីមានបញ្ហាបែបនេះកើតឡើង សម្រាប់រយៈពេល ២ឆ្នាំចុងក្រោយនេះ នៅក្នុងការប្រកួតរបស់ AFC»។
នាយឧត្តមសេនីយ៍ សៅ សុខា តាមរយៈបណ្តាញព័ត៌មានផ្លូវការ Fresh News បានព្រមានទុកយៈពេល៣ម៉ោង ឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ចេញលិខិតសុំទោសកម្ពុជាទេ បើមិនដូច្នេះទេយន្តហោះនឹងដឹកកីឡាករបាត់ទាត់ជម្រើសជាតិកម្ពុជា ត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ។ ប៉ុន្តែភ្លាមៗក្រោយប្រតិកម្ម ទីបំផុតសហព័ន្ធបាល់ទាត់អាស៊ី (AFC) បានចេញលិខិតសុំទោសកម្ពុជា។
តាមប្រភពពីគេហទំព័រ FRESH NEWS បានឱ្យដឹងថា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តមឧត្តមសេនីយ៍ សៅ សុខា នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសទុករយៈពេល៣ម៉ោងឲ្យ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ត្រូវធ្វើលិខិតសុំទោសកម្ពុជាជាបន្ទាន់ ដោយសារតែពួកគេមិនបានខ្វល់អ្វីទាល់តែសោះ ចំពោះការទទួលក្រុមបាល់ទាត់កម្ពុជា ទាំងអាហារ ការស្នាក់នៅ រួមទាំងទង់ជាតិរបស់កម្ពុជាផងដែរ។
នាយឧត្តមសេនីយ៍ សៅ សុខា ព្រមានថា «ក្នុងរយៈពេល៣ម៉ោងនេះ បើសិនជាសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួតមិនព្រមចេញលិខិតសុំទោសកម្ពុជាទេ យន្តហោះនឹងដឹកកីឡាករកម្ពុជាត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ»។
សូមបញ្ជាក់ថា នៅម៉ោង១០យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយជម្រើជាតិឥណ្ឌាដែលជាម្ចាស់ផ្ទះ ក្នុងជំនួបបើកឆាកពូល D នៃវគ្គជម្រុះជុំចុងក្រោយពានរង្វាន់ AFC Asian Cup 2022 នៅកីឡដ្ឋាន Salt Lake នាទីក្រុងកុលកាតា៕