

(English) Kylian Mbappe តារាបាល់ទាត់បារាំង និងខ្សែប្រយុទ្ធក្លិប Real Madrid កំពុងត្រូវបានស៊ើបអង្កេតផ្នែករដ្ឋបាលដោយអគ្គស្នងការនគរបាលជាតិបារាំង (IGPN) បន្ទាប់ពីមានរបាយការណ៍ថាមន្ត្រី សន្តិសុខ CRS ចំនួនប្រាំនាក់ដែលត្រូវបានចាត់តាំងឱ្យការពារក្រុមជម្រើសជាតិបារាំង ទទួលបានប្រាក់យ៉ាងច្រើនពី Kylian Mbappe កាលពីឆ្នាំ២០២៣។ យោងតាមកាសែត Le Canard Enchaine បានឲ្យដឹងថា ប្រធានកងពលតូចចំនួនបួននាក់បានទទួលលុយជាង ៤០០០០ក្នុងម្នាក់ៗ តាមរយៈមូលប្បទានប័ត្រដែលចេញពីគណនីធនាគាររបស់ Mbappe ក្នុងខែមិថុនា ឆ្នាំ ២០២៣។ លើសពីនេះ មេបញ្ជាការម្នាក់ដែលដឹកនាំមន្ត្រីទាំងនេះត្រូវបានផ្តល់ប្រាក់ជាង ៧ម៉ឺនដុល្លារ ដែលនាំមកនូវចំនួនលុយសរុបជាង២៤ម៉ឺនដុល្លារ។
ជុំវិញនឹងបញ្ហានេះ Mbappe បាននិយាយនៅក្នុងសេចក្តីប្រកាសដែលបានចុះហត្ថលេខាថាគាត់បានសម្រេចចិត្តបរិច្ចាគប្រាក់រង្វាន់ចូលរួមការប្រកួតបាល់ទាត់ពិភពលោកទាំងមូលរបស់គាត់ពីប្រទេសកាតាដល់ក្រុមសន្តិសុខដែលទទួលខុសត្រូវលើការការពារកីឡាករ និងដល់អង្គការសប្បុរសធម៌ផ្សេងៗ។ គាត់អះអាងថាបានពិគ្រោះជាមួយមេធាវីពន្ធដាររបស់គាត់ ដែលបានណែនាំថាអំណោយតាមទម្លាប់ទាំងនេះមិនតម្រូវឱ្យមានការប្រកាសពន្ធទេ។
ទោះជាយ៉ាងណាក៏ដោយ IGPN កំពុងផ្តោតលើតួនាទីរបស់មេបញ្ជាការ ដោយសារតែមន្រ្តីត្រូវបានគេមើលឃើញថាអមដំណើរ Mbappe ក្នុងការធ្វើដំណើរទៅកាន់ប្រទេសកាមេរូន និងទីក្រុង Vaucluse ក្នុងរដូវក្តៅឆ្នាំ២០២៣។ អាជ្ញាធរកំពុងស៊ើបអង្កេតថាតើការបង់ប្រាក់ទាំងនេះជាអំណោយស្របច្បាប់ ឬការទូទាត់សម្រាប់សេវាកម្មការពារឯកជន។ មេបញ្ជាការរងការចោទប្រកាន់ពីបទបំពានលើកាតព្វកិច្ចសុចរិតភាពរបស់ខ្លួន ដោយធ្វើដំណើរទាំងនេះ។ Mbappe បានបង្ហាញឆន្ទៈក្នុងការសហការយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេត និងឆ្លើយសំណួរណាមួយទាក់ទងនឹងបញ្ហានេះ៕