ព័ត៌មានកីឡាអន្តរជាតិ
Aston Villa ឡើងទៅឈរកំពូលតារាង UEFA Champions League ខណៈពួកគេរក្សាកំណត់ត្រាឈ្នះ 100% ក្រោយលេង៣ប្រកួត។
បីពិន្ទុដែលឈ្នះ Bologna កាលពីយប់មិញនេះបានធ្វើឱ្យក្រុម Aston Villa ឡើងមកឈរនៅលេខរៀងទី 1 ហើយពួកគេគឺជាក្រុមតែមួយគត់ដែលដណ្តើមបាន 9 ពិន្ទុក្នុងក្របខ័ណ្ឌ Champions League មកទល់ពេលនេះ។
មិនត្រឹមតែប៉ុណ្ណឹងទេ ប៉ុន្តែក្រុមនៅ Premier League ក៏ជាក្រុមតែមួយគត់ដែលមិនរបូតគ្រាប់បាល់បន្ទាប់ពីការប្រកួតបីសប្តាហ៍ក្នុងទម្រង់លេងថ្មីនេះ។
អាជ្ញាកណ្តាលជនជាតិស្លូវេនី លោក Slavko Vincic ត្រូវបានតែងតាំងឲ្យធ្វើជាអាជ្ញាកណ្ដាលដឹកនាំ ការប្រកួត UEFA Champions League រវាង Barcelona និង Bayern Munich នៅយប់ថ្ងៃពុធ។
Vincic ត្រូវបានគេស្គាល់ ដោយសារការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់គាត់។ គាត់គឺជាអាជ្ញាកណ្តាលក្នុងអំឡុងពេលប្រកួតក្រៅដីរបស់ Barcelona ជាមួយក្រុម Inter Milan ក្នុងរដូវកាល 2022-23 ដែលក្នុងការប្រកួតនោះ Barcelona ចាញ់១ទល់០ ជ្រុះចេញពីបពារង្វាន់ UEFA Champions League តែម្ដង។
អ្នកគាំទ្រ និងអ្នកវិភាគបាល់ទាត់ជាច្រើនមានអារម្មណ៍ថា គាត់បានទទួលការខលចូល និងលើកទូរស័ព្ទ ធ្វើឱ្យមានចម្ងល់ជាច្រើន ជាពិសេសប៉ះពាល់ដល់លទ្ធផលនៃការប្រកួតនោះផងដែរ។ Barcelona នឹងសង្ឃឹមថានឹងទទួលបានបទពិសោធផ្សេងពីគ្នានៅពេលនេះ ខណៈដែលពួកគេប៉ះជាមួយ Bayern Munich ជាក្រុមដែលពួកគេមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង។
Erik ten Hag បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖«នៅពេលនេះ យើងមិនអាចតម្រូវតាមស្តង់ដារដែលគាត់ [Sir Alex Ferguson] បានកំណត់នោះទេ ប៉ុន្តែនៅតែយើងឈ្នះពានរង្វាន់»។
“ត្រូវចាំថា ប្រាំមួយឆ្នាំមុន ក្លិបនេះមិនបានឈ្នះពាន ដូច្នេះយើងបានត្រលប់មកវិញ យើងកំពុងត្រលប់មកវិញហើយ។ ប៉ុន្តែវាក៏ច្បាស់ដែរថាយើងមិននៅទីនោះ ប៉ុន្តែវាសំខាន់ណាស់ដែលយើងត្រូវការដំណើរការទាំងអស់ឱ្យត្រឹមត្រូវ ហើយយើងអាច បង្កើតក្រុមដែលយើងអាចមានកីឡាករល្អបំផុតដើម្បីបង្កើតក្រុមល្អបំផុត»។
«យើងក្នុងនាមជាក្រុមមួយត្រូវតែតម្រូវនឹងស្តង់ដារដើម្បីឈ្នះរាល់ការប្រកួត ហើយបន្ទាប់មកអ្នកនឹងទទួលបានកន្លែងដែលអ្នកត្រូវទៅ។ ព្រោះទាំងនោះគឺជាការរំពឹងទុកដែលលោក Sir Alex កំណត់សម្រាប់ក្លិប។ រឿងមួយដែលប្រាកដ – ស្ទើរតែគ្មានក្លិបណាមួយនៅលើពិភពលោក ដែលការរំពឹងទុកខ្ពស់ដូចនៅ Manchester United នោះទេ ហើយវាត្រូវបានកំណត់តាំងពីសម័យរបស់ Sir Alex ហើយបន្ទាប់មក ពួកយើងដែលនៅសល់ដែលមកក្រោយត្រូវតែដោះស្រាយរឿងនេះ។ វាជាបញ្ហាប្រឈមដ៏ធំមួយផងដែរ វាទាមទារស្តង់ដារខ្ពស់បំផុតក្នុងគ្រប់ដំណើរការ ហើយយើងមិននៅទីនោះក្នុងគ្រប់ដំណើរការនោះទេ»។
Manchester United បានឈ្នះពានរង្វាន់ចំនួនពីរចាប់តាំងពី Erik ten Hag ចូលកាន់តំណែង។ មុននោះ ក្រុមបិសាចក្រហមបានឈ្នះពានរង្វាន់តាំងពីឆ្នាំ 2016/17 នៅពេលដែលពួកគេបានឈ្នះពានចំនួនបីក្រោមការដឹកនាំរបស់លោក Jose Mourinho ។
វីរបុរសបាល់ទាត់ Zinedine Zidane បានបង្ហាញឈ្មោះកីឡដ្ឋាន Premier League សំណព្វចិត្តចំនួនពីរដែលត្រូវទៅទស្សនា ហើយកីឡដ្ឋានគ្មានកន្លែងណាផ្សេងក្រៅពី Anfield និង Old Trafford នោះទេ។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញ YouTube របស់ក្លិប Real Madrid លោក Zidane បានចែករំលែកនូវការចងចាំដ៏ពេញចិត្តរបស់គាត់ក្នុងការលេង និងការគ្រប់គ្រងនៅទីលានដ៏ល្បីល្បាញទាំងនេះ។ ទោះបីជាគាត់មិនដែលលេងនៅ Liverpool ក្នុងទីលាន Anfield ក៏ដោយ ក៏គាត់បានរំឮកពីជ័យជម្នះដោយការស៊ុតបាល់ប៉េណាល់ទីឱ្យបារាំងទល់នឹងហូឡង់ក្នុងការប្រកួត Euro 1996 វគ្គ 1/4 ផ្តាច់ព្រ័ត្រ។
Zidane ក៏បានដឹកនាំ Real Madrid ឲ្យស្មើនៅកីឡដ្ឋាន Anfield ក្នុងការប្រកួត Champions League វគ្គ ៨ ក្រុមចុងក្រោយឆ្នាំ ២០២១។ ទាក់ទងនឹង Old Trafford គាត់បានរំលឹក “ការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍” ជាមួយ Manchester United រួមទាំងការឈ្នះជាមួយ Juventus ក្នុងឆ្នាំ 1996 ។
យ៉ាងណាក្ដី បេះដូងរបស់ Zidane នៅតែស្ថិតនៅ Santiago Bernabeu ដែលជាទីលាន ដែលជាផ្ទះរបស់គាត់ជាមួយ Real Madrid ។ គាត់បានសង្កត់ធ្ងន់ថា “Bernabeu គឺកំពូល, កំពូល, កំពូល” ។
ជនឆបោកដែលក្លែងខ្លួនធ្វើជាភ្នាក់ងារបាល់ទាត់លោក Pini Zahavi បានព្យាយាមបោកយកលុយក្លិប Barcelona ១ លានអឺរ៉ូក្នុងអំឡុងពេលផ្ទេរ Robert Lewandowskiពីក្លិប FC Bayern Munich។
ក្លិបបានផ្ទេរប្រាក់ទៅឱ្យជនម្នាក់នោះរួចហើយ ប៉ុន្តែបានរកឃើញថា វាជាការក្លែងបន្លំ ហើយក៏យកវាមកវិញបានទាន់ពេលវេលា។
សារព័ត៌មានអេស្ប៉ាញ Cadena SER រាយការណ៍ថា បុគ្គលម្នាក់ដែលមិនស្គាល់អត្តសញ្ញាណដែលដាក់ឈ្មោះបន្លំជាលោក Zahavi ដោយបញ្ចុះបញ្ចូល Barcelona ឱ្យផ្ទេរប្រាក់ 1 លានអឺរ៉ូទៅគណនីធនាគាររបស់គាត់នៅប្រទេស Cyprus ។ តែយ៉ាងណា១ លុយផ្ទេរនេះត្រូវបង្កក នៅពេលធនាគារដាក់ទង់ប្រតិបត្តិការលើកអាខោននេះ ជាគណនីអសកម្ម។
Zahavi បានបញ្ជាក់ថាគាត់មិនមានទំនាក់ទំនងជាមួយក្លិបអំពីការចំណាយនេះទេ។ លុយនេះត្រូវបានរារាំង និងទទួលបានមកវិញដោយជោគជ័យ មុនពេលការបាត់បង់ណាមួយកើតឡើង។
Romain Molina គឺជាអ្នកយកព័ត៌មានស៊ើបអង្កេតដែលមានឯកទេសខាងបាល់ទាត់ ដែលមានមូលដ្ឋាននៅ Andalucía រាយការណ៍ថា Kylian Mbappe កំពុងមានបញ្ហាផ្លូវចិត្ត ចាប់តាំងពីផ្លាស់ទៅ Real Madrid ។
ការលំបាកផ្នែកផ្លូវចិត្តរបស់ Mbappe ជាមូលហេតុដែលគាត់ចេញទៅជប់លៀងជាច្រើនលើកច្រើនសារ ហើយគាត់ទៅសំងំផឹកស្រាក្នុងកម្រិតជាក់លាក់មួយ។
កាលពីសប្តាហ៍មុន Mbappe ត្រូវបានគេប្រទះឃើញនៅក្នុងប្រទេសស៊ុយអែត ជាកន្លែងដែលគាត់បានទៅក្លិបរាត្រីមួយ ហើយឥឡូវនេះត្រូវបានចោទប្រកាន់ពីបទរំលោភនារីម្នាក់នៅទីនោះ។
Real Madrid បានឆ្លើយតបទៅនឹងសំណួរអំពីរបៀបរស់នៅរបស់ Mbappe និងរឿងអាស្រូវនៃការរំលោភនាពេលថ្មីៗនេះ ដោយដករូបថតគាត់ចេញពីផ្ទាំងផ្សព្វផ្សាយសម្រាប់មូលនិធិសប្បុសធម៌មួយ។
Mbappe បានជួបការលំបាកក្នុងការចាប់យកជីវិតនៅទីក្រុង Madrid ប៉ុន្តែគាត់នៅតែអាចរកគ្រាប់បាល់បាន 7 គ្រាប់ក្នុង 11 ប្រកួត។
លោក Sir Alex Ferguson រកបាន 2.16 លានផោនក្នុងមួយឆ្នាំក្នុងនាមជា ទូតសុច្ឆន្ទៈសាកល របស់ Manchester United នេះបើយោងតាម The Athletic ។
គេបានសន្និដ្ឋានថា អតីតគ្រូបង្វឹកជើងចាស់រូបនេះតែងតែទទួលបានលុយដូចតម្លៃខាងលើចាប់តាំងពីលោកបានប្រកាសចូលនិវត្តន៍ពីក្លិបកាលពីឆ្នាំ២០១៣។
បិសាចក្រហម ដែលបានគ្រប់គ្រង់ដោយម្ចាស់ថ្មីពោលគឺ ENOES បានចាត់ទុកថាប្រាក់ខែនេះមិនអាចទទួលយកបាននោះទេ ហើយដូច្នេះពួកគេបានបិទកិច្ចសន្យាជាមួយវីរបុរសរបស់ក្លិបរូបនេះ ដែលបង្កឱ្យមានភាពចលាចលក្នុងចំណោមវីរបុរសរបស់ក្លិបជាច្រើនផ្សេងទៀត។
Ferguson គឺជាផ្នែកមួយនៃក្លិបបិសាចក្រហម Man Utd តាំងពីឆ្នាំ 1986 ។
Real Madrid បានសម្រេចចិត្តលុប Kylian Mbappe ពីការថតរូបផ្សព្វផ្សាយរបស់ក្លិបនាពេលថ្មីៗនេះ។មូលហេតុដែលលុបគឺថា ដោយសារតែ Jude Bellingham បានបង្ហោះរូបថតដើមដែលមានរូប Mbappe ក្នុងនោះដែរ នៅក្នុងបណ្ដាញសង្គម IG។
នេះជារូបភាពដែល Real Madrid បានបង្ហោះក្រោយលុបរូប Mbappe៖
Bellingham ដែលមិនបានដឹងពីអ្វីដែលកំពុងកើតឡើងចំពោះ Mbappe បានបង្ហោះរូបភាពដើមនៅលើ Instagram ដែលរូបនោះមានរូប Mbappe ។
ទោះយ៉ាងណា Bellingham បានលុបរូបភាពចេញពី Instagram របស់គាត់បន្ទាប់ពីផុសបានប៉ុន្មាននាទី។
Mbappe កំពុងស្ថិតបញ្ហា បន្ទាប់ពីរងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈពេលសម្រាកវិស្សមកាលនៅប្រទេសស៊ុយអែត។
ខ្សែប្រយុទ្ធរូបនេះក៏ត្រូវបានគេរិះគន់យ៉ាងខ្លាំង ចំពោះការមិនធ្វើដំណើរទៅលេងឲ្យប្រទេសបារាំងអំឡុងពេលសម្រាកអន្តរជាតិនៅខែតុលានេះ។
Nottingham Forest ត្រូវបានពិន័យជាប្រាក់ £750,000 សម្រាប់ការបង្ហោះរឿងអាស្រូវតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលរិះគន់មន្ត្រី VAR លោក Stuart Attwell បន្ទាប់ពីការប្រកួត Premier League ជាមួយ Everton កាលពីខែមេសា។
ការបង្ហោះនេះបានអះអាងថា លោក Attwell គួរតែផ្តល់បាល់ពិន័យ 3 ដងដល់ក្រុម Forest ហើយថាក្លិបបានបង្ហើបថា អាជ្ញាកណ្តាលដែលដឹកនាំការប្រកួតនោះគឺជាអ្នកគាំទ្រក្រុម Luton Town ដែលក្រុម ប្រកួតប្រជែងកៅអីបន្តលេងនៅ Premier League ។
គណៈកម្មាការឯករាជ្យមួយបានសម្រេចចិត្តថាការប្រកាសនេះមានគោលបំណងបង្ហាញពីភាពលំអៀង និងចោទសួរអំពីភាពត្រឹមត្រូវរបស់មន្ត្រីការប្រកួត។ ជាលទ្ធផល Forest ត្រូវបានពិន័យ និងព្រមានពីបទប្រព្រឹត្តខុស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ Nottingham Forest បាននិយាយថា ពួកគេមានការខកចិត្តយ៉ាងខ្លាំងចំពោះសាលក្រមនេះ។
ពួកគេបាននិយាយថា៖ «យើងមានការព្រួយបារម្ភជាពិសេសថា សមាគមកីឡាបាល់ទាត់អង់គ្លេស FA នឹងដាក់ទណ្ឌកម្មលើសពី 1,000,000 ផោន។ យើងជឿថាសំណើនេះ រួមជាមួយនឹងការផាកពិន័យជាបន្តបន្ទាប់គឺមិនសមាមាត្រទាំងស្រុង ហើយក្លិបនឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ។ »