

(English) Mohamed Salah របស់ក្លិប Liverpool បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់សមាគមកីឡាបាល់ទាត់អាជីព (PFA) កាលពីថ្ងៃអង្គារ ធ្វើឲ្យកីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះ ក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់បីដង។ Salah ដែលបានចូលរួមជាមួយ Liverpool កាលពីឆ្នាំ២០១៧ គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League កាលពីរដូវកាលមុន ដោយស៊ុតបាន២៩គ្រាប់និងជួយមិត្តរួមក្រុមបានចំនួន១៨ដង ។ គាត់បានដើរតួយ៉ាងសំខាន់ក្នុងក្រុមដែលបានឈ្នះពានលីក ដោយមាន១០ពិន្ទុនាំមុខក្រុមរងជើងឯក Arsenal ។ កីឡាករវ័យ៣៣ឆ្នាំរូបនេះបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលនៃក្របខណ្ឌ Premier League ស្បែកជើងមាសសម្រាប់ការស៊ុតបញ្ចូលទីច្រើនជាងគេ និងពានរង្វាន់ Playmaker សម្រាប់ការបញ្ជូនបាល់ច្រើនបំផុតដែលធ្វើឱ្យគាត់ក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់ទាំងបីក្នុងរដូវកាលតែមួយ។
Salah បានឈ្នះពានរង្វាន់ PFA ជាលើកដំបូងក្នុងឆ្នាំ ២០១៨បន្ទាប់ពីរដូវកាលដំបូងរបស់គាត់នៅ Liverpool ហើយម្តងទៀតនៅឆ្នាំ២០២២ ហើយនៅឆ្នាំនេះបានចេញមកនៅលើកំពូលនៃបញ្ជីជ្រើសរើសបុរសចំនួន៦នាក់ដែលត្រូវបានបោះឆ្នោតឱ្យដោយសមាជិក PFA មកពី៩២ ក្រុម Premier League និង Football League ។ បញ្ជីសម្រាំងទាំង៦នោះរួមមានមិត្តរួមក្រុម របស់គាត់ Alexis Mac Allister រួមជាមួយនឹង Alexander Isak របស់ Newcastle United, Bruno Fernandes របស់ Manchester United, Declan Rice របស់ Arsenal និង Cole Palmer របស់ Chelsea ។ Salah បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយ Liverpool ក្នុងខែមេសា ដោយបញ្ចប់ការរំពឹងទុកជាច្រើនខែដែលភ្ជាប់គាត់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ Saudi Pro League ។
ជាមួយគ្នានេះដែរ ខ្សែបម្រើ Aston Villa និងអង់គ្លេស Morgan Rogers ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំ បន្ទាប់ពីកីឡាករវ័យ២៣ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន៨ គ្រាប់ក្នុងការប្រកួត ៣៧ ប្រកួតកាលពីរដូវកាលមុន និងស៊ុតបញ្ចូលទីបាន ៤គ្រាប់នៅ Champions League រួមទាំងការស៊ុតបញ្ចូលទីបីគ្រាប់ Hat-trick ទល់នឹង Celtic ៕