

(English) FIFA បានប្រកាសពីទីផ្សារដោះដូរកីឡាករពិសេសសម្រាប់ក្លិបទាំង ៣២ ដែលត្រូវចូលរួមប្រកួតពានរង្វាន់ FIFA Club World Cup ២០២៥។ ទីផ្សារពិសេសនេះនឹងចាប់ផ្តើមបើកពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យក្រុមនីមួយៗចុះឈ្មោះកីឡាករថ្មីមុនការប្រកួត។ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា សមាជិករបស់សមាគមចំនួន២០ នឹងមានឱកាសចុះឈ្មោះកីឡាករថ្មីដែលនឹងមានសិទ្ធិចូលរួមប្រកួតក្នុងការប្រកួតពានរង្វាន់នេះ។
បញ្ជីឈ្មោះចុងក្រោយត្រូវដាក់ជូនត្រឹមថ្ងៃទី១០ ខែមិថុនា ហើយក្រុមនីមួយៗនឹងអាចប្រើប្រាស់កីឡាករដែលពួកគេបានចុះហត្ថលេខាក្នុងអំឡុងពេលនេះនៅសហរដ្ឋអាមេរិក។ លើសពីនេះ ក្លឹបនឹងមានពេលវេលាកំណត់ដើម្បីធ្វើការផ្លាស់ប្តូរបញ្ជីឈ្មោះកីឡាកររបស់ពួកគេក្នុងអំឡុងពេលនៃការប្រកួតដោយខ្លួនឯង នៅចន្លោះថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងអំឡុងពេលនេះ ក្រុមនឹងអាចជំនួសកីឡាករដែលកិច្ចសន្យាបានផុតកំណត់ និងបន្ថែមកីឡាករថ្មីបានចំនួនពីរនាក់ ដោយមិនលើសពីចំនួនកំណត់ដែលបានចុះឈ្មោះអតិបរមា ៣៥ នាក់។
ការធ្វេីបែបនេះ FIFA មានគោលបំណងជួយសម្រួលដល់កីឡាករដែលមានកិច្ចសន្យាផុតកំណត់ក្នុងការចូលរួមក្នុងការប្រកួត លើកកម្ពស់ដំណោះស្រាយដែលផ្តល់អត្ថប្រយោជន៍ដល់ភាគីទាំងអស់។ ព្រឹត្តិការណ៍ Club World Cup ឆ្នាំ ២០២៥នឹងមានក្រុមចំនួន៣២មកពីសហព័ន្ធចំនួន៦ ដោយចាប់ ផ្តើមប្រកួតនៅថ្ងៃទី១៤ ខែមិថុនា នៅកីឡដ្ឋាន Hard Rock ទីក្រុង Miami និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៣ ខែកក្កដា នៅកីឡដ្ឋាន MetLife ក្នុងទីក្រុង New York/New Jersey៕