(English) នាយកកីឡារបស់ក្លិប Bayern Munich លោក Max Eberl បានប្រាប់ឱ្យដឹងថាក្លិបយក្សអាល្លឺម៉ង់មួយនេះបានកំពុងពិភាក្សាគ្នាជាមួយខ្សែប្រយុទ្ធ Harry Kane អំពីការបន្តកុងត្រាថ្មី មុនពេលកិច្ចសន្យាចាស់នឹងអស់សុពលភាពនៅឆ្នាំ ២០២៧ ខាងមុខនេះ។

ប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ ៣២ ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លិប Bayern Munich ក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំពី Tottenham ក្នុងឆ្នាំ ២០២៣ ជាមួយនឹងតម្លៃផ្ទេរប្រមាណជាង ១០០ លានអឺរ៉ូ (៨៦,៤ លានផោន) ឯណោះ។ Harry Kane រកបាន ១១៩គ្រាប់ និងបញ្ជូនបាន ៣០គ្រាប់ ក្នុងចំណោម ១២៦ប្រកួតសរុបជាមួយ Bayern និងបានឈ្នះពានលីគកំពូលអាល្លឺម៉ង់ Bundesliga ជាលើកដំបូងក្នុងអាជីពបាល់ទាត់របស់គេ នៃរដូវកាលឆ្នាំ ២០២៤-២៥។
លោក Max Eberl បាននិយាយថា៖ «ពួកយើងកំពុងតែជជែកគ្នាពីកិច្ចសន្យាថ្មីជាមួយ Harry។ ទាំងសងខាងក៏បានព្រមព្រៀងគ្នាលើចំណុចខ្លះហើយផងដែរ»។ កាលពីខែតុលា Harry Kane ក៏បានធ្លាប់និយាយថា៖ «ខ្ញុំនឹងបន្តលេងឱ្យ Bayern ជាមួយនឹងបំណងប្រាថ្នាក្នុងការវិលត្រឡប់ទៅកាន់ Premier League នាថ្ងៃណាមួយដែរ»។

សូមជម្រាបថា ក្នុងរដូវកាលនេះ គេរកបាន ៣៤ គ្រាប់ក្នុង ៣០ ប្រកួតសម្រាប់ក្រុមរបស់លោក Vincent Kompany រួមទាំង ២១ គ្រាប់ក្នុងចំណោម ១៩ ប្រកួតនៅ Bundesliga ខណៈដែលគេព្យាយាមបំបែកកំណត់ត្រារបស់អតីតខ្សែប្រយុទ្ធរបស់ Bayern គឺ Robert Lewandowski ដែលរកបាន ៤១ គ្រាប់ក្នុងរដូវកាល Bundesliga ត្រឹមតែមួយឆ្នាំ៕
ប្រភព៖ BBC