(English) រដ្ឋាភិបាលហ្គាបុងបានប្រកាសព្យួរក្រុមជម្រើសជាតិ បណ្តេញគ្រូបង្វឹក និងបានដកលោកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ចេញពីក្រុម បន្ទាប់ពីបរាជ័យយ៉ាងអាម៉ាស់ទាំងបីប្រកួតក្នុងវគ្គចែកពូលនៃការប្រកួនពានរង្វាន់ Africa Cup of Nations។ រដ្ឋមន្ត្រីក្រសួងកីឡាហ្គាបុងបានប្រកាសតាមកញ្ចក់ទូរទស្សន៍អំពីការព្យួរក្រុមជម្រើសជាតិ បន្ទាប់ពីពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់ចុងក្រោយនៅក្នុងពូល F និងធ្លាក់ចេញពីការប្រកួត Africa Cup of Nations នៅប្រទេសម៉ារ៉ុក។

ដោយសារការបរាជ័យរបស់ក្រុមនៅក្នុងព្រឹត្តិការណ៍ Africa Cup of Nations រដ្ឋាភិបាលបានសម្រេចចិត្ត ផ្អាកក្រុមជម្រើសជាតិ បណ្តេញគ្រូបង្វឹក រហូតដល់មានការជូនដំណឹងបន្ថែម និងដកកីឡាករ២រូបគឺ Bruno Ecuele Manga និង Pierre-Emerick Aubameyang ចេញតែម្តង។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងកីឡាស្តីទីលោក Simplice-Desire Mamboula បន្ទាប់ពីចាញ់ក្រុមកូតឌីវ័រ ៣-២ ចុងក្រោយកាលពីថ្ងៃពុធនៅទីក្រុង Marrakech។ ទាំង Aubameyang និងខ្សែការពារជើងចាស់ Ecuele Manga មិនបានលេងកាលពីថ្ងៃពុធទេ ដោយសារ Aubameyang បានត្រឡប់ទៅក្លឹប Olympique de Marseille របស់គាត់វិញ ដើម្បីព្យាបាលរបួសភ្លៅ។ អតីតកីឡាករបាល់ទាត់អាហ្វ្រិកឆ្នើមប្រចាំឆ្នាំរូបនេះ បានឆ្លើយតបនៅលើបណ្តាញសង្គម ដោយនិយាយនៅលើ X ថា ខ្ញុំគិតថាបញ្ហារបស់ក្រុមគឺជ្រៅជាងខ្ញុំទៅទៀត៕
