(English)
ការចូលរួមរបស់កីឡាករអន្តរជាតិជប៉ុន Takumi Minamino ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយគឺស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីក្លិប AS Monaco បានបញ្ជាក់ថា គេបានរងរបួសដាច់សរសៃពួរជង្គង់ ACL នៅខាងឆ្វេង។

ខ្សែបម្រើប្រយុទ្ធវ័យ ៣០ ឆ្នាំខាងលើបានរងរបួសនេះ អំទ្បុងពេលប្រកួតជាមួយនឹងក្រុម Auxerre ដែល Monaco យកឈ្នះលើលទ្ធផល ២-១ ក្នុងពានរង្វាន់ French Cup កាលពីថ្ងៃអាទិត្យទី២១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ Monaco បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា៖ «ខ្សែបម្រើ Takumi Minamino របស់យើងបានរងរបួសជង្គង់ខាងឆ្វេង។ ការពិនិត្យដោយវេជ្ជសាស្រ្តបានបង្ហាញឱ្យឃើញថាមានការដាច់សរសៃពួរជង្គង់ ACL »។
គួរជម្រាប់ថា៖ ការរងរបួសរបស់ ACL ជាធម្មតាកំណត់កីឡាករត្រូវសម្រាកពី ៦ ទៅ ៩ ខែឯណោះ មានន័យថា Minamino ទំនងជាមិនជាសះស្បើយទាន់ពេលសម្រាប់ការប្រកួត World Cup ដែលនឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ខណៈដែលជប៉ុនស្ថិតក្នុងពូល F រួមជាមួយនឹងក្រុមជម្រើសជាតិ ហូឡង់ ទុយនីស៊ី និងក្រុមឈ្នះវគ្គ Playoff។ ការប្រកួតបើកឆាករបស់ពួកគេត្រូវបានកំណត់នៅថ្ងៃទី ១៤ ខែមិថុនា ទល់នឹងក្រុមហូឡង់ក្នុងទីក្រុង Dallas ផងដែរ៕

ប្រភព៖ Reuters