(English) រន្ធត់ណាស់! ខ្សែការពារ​ Mario Pineida ត្រូវបានបាញ់សម្លា.ប់នៅតំបន់ Guayaquil ក្នុងប្រទេសអេក្វាឌ័រ
១៩-ធ្នូ-២០២៥

(English)

ខ្សែការពារ​អេក្វាឌ័រ Mario Pineida បាន​ស្លាប់​ក្នុង​អាយុ ៣៣ ឆ្នាំ បន្ទាប់ពី​ត្រូវ​បាន​គេ​បាញ់​នៅ Guayaquil។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន BBC។  ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា Pineida ត្រូវបានបាញ់កាលពីថ្ងៃពុធដោយមនុស្សពីរនាក់ជិះម៉ូតូដែលបើកការបាញ់ប្រហារមកលើគេ ម្តាយរបស់គេ និងស្ត្រីម្នាក់ទៀតនៅខាងក្រៅហាងមួយនៅភាគខាងជើងនៃទីក្រុង។

ទាក់ទងនឹងបញ្ហាខាងលើនេះក្រសួងមហាផ្ទៃអេក្វាឌ័របាននិយាយថា៖ ខ្លួនបានបញ្ជូនអង្គភាពប៉ូលីសពិសេសមួយដើម្បីស៊ើបអង្កេតលើរឿងនេះ។ Guayaquil បានក្លាយជាចំណុចក្តៅសម្រាប់អំពើហិង្សារបស់ក្រុមក្មេងទំនើង និងការជួញដូរគ្រឿងញៀន ជាមួយនឹងឃាតកម្មចំនួន ១,៩០០ ករណីត្រូវបានកត់ត្រានៅចន្លោះខែមករា និងខែកញ្ញា ដែលជាចំនួនខ្ពស់បំផុតនៅក្នុងប្រទេសអេក្វាឌ័រ។ កីឡាករបាល់ទាត់លំដាប់ទីពីរចំនួន ៣ នាក់បានស្លាប់នៅក្នុងខែកញ្ញា ហើយកីឡាករក្នុងស្រុកម្នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារកាលពីខែតុលា។

Mario Pineida ធ្លាប់លេងឱ្យក្រុមជម្រើសជាតិអេក្វាឌ័រចចន្លោះឆ្នាំ ២០១៤ និង ២០២១ ដោយបង្ហាញខ្លួនចំនួន ៩ ផងដែរ។ Pineida បានចាប់ផ្តើមអាជីពលេងឱ្យក្លិប Independiente DV មុនពេលផ្លាស់ទៅ Barcelona SC នៅ Guayaquil ក្នុងឆ្នាំ ២០១៦។ Pineida ក៏លេងឱ្យក្លិប Fluminese និង El Nacional ក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ។

សូមជម្រាបថា ក្លិប Independiente និង Fluminese បានគោរពដល់ Pineida នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈដែល Barcelona SC បាននិយាយថា “ព័ត៌មានអកុសលនេះធ្វើឱ្យយើងទាំងអស់គ្នាដែលជាផ្នែកមួយនៃស្ថាប័ននេះមានការស្រងាកចិត្តយ៉ាងខ្លាំង” ។ ជាមួយគ្នានោះដែរ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហព័ន្ធបាល់ទាត់អេក្វាឌ័របានថ្កោលទោសចំពោះអំពើហិង្សានេះ និងបានចូលរួមរំលែកទុក្ខដល់គ្រួសាររបស់ Pineida ផងដែរ៕

ប្រភព៖ BBC