

(Khmer) ក្រុមប្រឹក្សាភិបាលនៃសមាគមកីឡាបាល់ទាត់ថៃ( FA Thailand) យល់ព្រមប្តឹងអតីតប្រធានសមាគមលោក Somyot ជុំវិញបំណុល 360 លានបាត។ Madam Pang បើកយុទ្ធនាការរៃអង្គាសថវិកា ដើម្បីទូទាត់ប្រាក់ឧបត្ថម្ភ និងគាំទ្របាល់ទាត់ថៃ។
លោកស្រី Nualphan “Madam Pang” Lamsam ប្រធានសមាគមកីឡាបាល់ទាត់ថៃ (FA Thailand) បានកោះហៅកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិជាបន្ទាន់នៅថ្ងៃសុក្រ (១៤ មីនា) នៅទីស្នាក់ការកណ្តាលរបស់ FA Thailand នៅសង្កាត់ Hua Mak ។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាលើរបៀបវារៈសំខាន់ៗ ជាពិសេសការអនុម័តលើវិធានការផ្លូវច្បាប់ប្រឆាំងនឹងអតីតប្រធាន FA Thailand លោក Pol Gen Somyot “Big Odd” Poompanmuang និងរដ្ឋបាលពីមុន។
នេះតាមការសម្រេចរបស់តុលាការកំពូលនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក្នុងពាក្យបណ្ដឹងរបស់ក្រុមហ៊ុន Siam Sport Syndicate Public Limited ប្រឆាំងនឹង FA Thailand។ តុលាការបានបង្គាប់ឱ្យ FA Thailand សងការខូចខាតចំនួន 360 លានបាត បូកនឹងការប្រាក់ ចាប់ពីថ្ងៃដាក់ពាក្យបណ្តឹង រហូតដល់ការទូទាត់ពេញលេញ។
វិវាទកើតឡើងក្រោមការគ្រប់គ្រងមុន មុនពេលក្រុមប្រឹក្សាបច្ចុប្បន្នចូលកាន់តំណែង និងទទួលខុសត្រូវរបស់ខ្លួន។ នៅក្នុងកិច្ចប្រជុំនោះ ក្រុមប្រឹក្សាប្រតិបត្តិ ដោយសំឡេងភាគច្រើនលើសពាក់កណ្តាលនៃសមាជិករបស់ខ្លួន បានអនុម័តលើសំណើរបស់លោកជំទាវ ប៉ាង ដើម្បីបន្តចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងលោក Somyot និងរដ្ឋបាលពីមុន។
ក្រុមប្រឹក្សាក៏បានអនុម័តជួលអ្នកជំនាញច្បាប់ដើម្បីដោះស្រាយបណ្តឹងនេះរហូតដល់ដំណើរការតុលាការត្រូវបានបញ្ចប់។ បន្ថែមពីលើនេះ លោកជំទាវ ប៉ាង ប៉ាង ស្នើឱ្យមានយុទ្ធនាការពិសេសមួយគឺ «ថៃស្រលាញ់បាល់ទាត់ថៃ» ដែលទទួលបានការយល់ព្រមពីក្រុមប្រឹក្សាភិបាលផងដែរ។ យុទ្ធនាការនេះមានគោលបំណងរៃអង្គាសថវិកាដើម្បីគាំទ្រ FA Thailand ជួយដោះស្រាយបំណុលស្របច្បាប់ និងអភិវឌ្ឍក្រុមបាល់ទាត់ជម្រើសជាតិថៃគ្រប់កម្រិត។
យុទ្ធនាការនេះមានគំនិតផ្តួចផ្តើមសំខាន់ៗចំនួនបី៖
-មានលក់អាវយឺត “ថៃស្រលាញ់បាល់ទាត់ថៃ”
-ការទទួលយកការបរិច្ចាគ ជាមួយនឹងការកាត់ពន្ធពីរដងសម្រាប់អ្នកបរិច្ចាគ
-សកម្មភាពរៃអង្គាសប្រាក់ដោយសហការជាមួយដៃគូវិស័យឯកជន និងសាខា រួមទាំងព្រឹត្តិការណ៍សប្បុរសធម៌ដូចជា ការប្រគុំតន្ត្រី ការសម្តែងលើឆាក និងការប្រកួតបាល់ទាត់មិត្តភាព។
ព័ត៌មានលម្អិតបន្ថែមនឹងត្រូវប្រកាសដោយ FA Thailand នៅពេលកំណត់។
ជាមួយគ្នានេះដែរ លោក Somyot បានស្នើសុំលោកស្រី Madam Pang ជាផ្លូវការ ផ្តល់ច្បាប់ចម្លងនៃកំណត់ត្រាហិរញ្ញវត្ថុរបស់ FA Thailand បន្ទាប់ពីរងការចោទប្រកាន់ថាបានទទួលប្រាក់ 1 លានបាតក្នុងមួយខែ សរុបចំនួន 32 លានបាតពីសមាគម។
Madam Pang បានអះអាងថា លោក Somyot បាននិយាយដោយខ្លួនឯងថាគាត់បានប្រគល់ប្រាក់មកវិញជាអំណោយ ប៉ុន្តែ FA Thailand មិនទាន់រកឃើញភស្តុតាងនៃការបរិច្ចាគបែបនេះនៅឡើយទេ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក Somyot អះអាងថា ក្នុងអាណត្តិរបស់លោក បានទទួលប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់ការងារតាមបទប្បញ្ញត្តិ ប៉ុន្តែមិនច្រើនដូចលោកជំទាវ ប៉ាង ចោទនោះទេ។
លោកក៏បានបញ្ជាក់ជាថ្មីថា លោកបានបរិច្ចាគប្រាក់មកសមាគមវិញតាំងពីឆ្នាំ ២០១៧ ហើយឥឡូវនេះកំពុងស្នើសុំឯកសារហិរញ្ញវត្ថុពាក់ព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ការទាមទាររបស់លោកជំទាវ។