

យោងតាមសារព័ត៌មាន Dailymail ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថាខ្សែប្រយុទ្ធមាន់ខ្នាយមាស Son Heung-min បានដាក់ពាក្យបណ្តឹងទៅប៉ូលីសកូរ៉េខាងត្បូងជុំវិញស្ត្រីម្នាក់ដែលបានចោទប្រកាន់រូបលោកដោយគ្មានភស្តុតាងថាបានធ្វើឱ្យនាងមានផ្ទៃពោះ។ ទីភ្នាក់ងារសារព័ត៌មាន Yonhap និង The Korea Times បានឱ្យដឹងដែរថា ស្ត្រីម្នាក់ដែលមានអាយុ ២០ឆ្នាំ និងបុរសម្នាក់អាយុ ៤០ឆ្នាំ កំពុងត្រូវបានស៊ើបអង្កេតដោយប៉ូលីសទីក្រុងសេអ៊ូល ពីបទចោទប្រកាន់ប៉ុនប៉ងជំរិតទារប្រាក់។ ពួកគេបានក្លែងបន្លំថា កីឡាកររូបនេះបានធ្វើឱ្យស្ត្រីមានផ្ទៃពោះក្នុងគោលបំណងជំរិតទារប្រាក់ជាច្រើនរយលានវ៉ុន។
ក្រុមមេធាវីរបស់ Son បាននិយាយថា នាងបានអះអាងថានាងមានផ្ទៃពោះកាលពីខែមិថុនាឆ្នាំមុន ហើយទាមទារប្រាក់ជាថ្នូរនឹងការនៅស្ងៀម។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះមិនមានប្រពន្ធ ឬកូននៅឡើយទេ ។ លោកធ្លាប់បង្ហើបថាមិនចង់មានកូនរហូតដល់ចូលនិវត្តន៍ទេ ព្រោះចង់លះបង់ខ្លួនដើម្បីបាល់ទាត់។លោកបន្តថា ឪពុកខ្ញុំធ្លាប់ប្រាប់ថា នៅពេលអ្នករៀបការ លេខមួយនឹងក្លាយជាគ្រួសារ ប្រពន្ធ និងកូន ហើយបន្ទាប់មកគឺបាល់ទាត់។ ខ្ញុំចង់ធ្វើឱ្យប្រាកដថា នៅពេលដែលខ្ញុំលេងនៅកម្រិតកំពូល បាល់ទាត់អាចក្លាយជាលេខមួយ។នេះបើយោងតាមសម្តីរបស់គាត់បានប្រាប់ The Guardianកាលពីឆ្នាំ២០១៩។កុងត្រារបស់ខ្សែប្រយុទ្ធជាមួយ Spurs នឹងផុតកំណត់នៅឆ្នាំក្រោយ៕