

គិតមកត្រឹមពេលនេះខ្សែប្រយុទ្ធ ៣ គឺ Viktor Gyökeres, Kylian Mbappe និង Mohamed Salah កំពុងប្រជែងគ្នាគ្រងតំណែងជើងឯកស្បែកជើងមាសអឺរ៉ុបឆ្នាំ ២០២៤-២៥ ។ ខ្សែប្រយុទ្ធ Viktor Gyokeres របស់ Lisbon ដែលបានបញ្ចប់រដូវកាលទៅហើយនោះ ស៊ុតបញ្ចូលទីបាន៣៩គ្រាប់គិតជាពិន្ទុគុណនឹង ១,៥ ស្មើនឹង ៥៨,៥ នាំមុខ Kylian Mbappe របស់ Real Madrid ស៊ុតបញ្ចូលទីបាន ២៩គ្រាប់គុណនឹង២ ស្មើនឹង ៥៨ពិន្ទុខណៈលីគរបស់គេនៅសល់មួយប្រគួតទៀត។ ចំណែកឯ Mohmed Salah របស់ Liverpool ឈរចំណាត់ថ្នាក់លេខ ៣ ស៊ុតបញ្ចូលទីបាន ២៨គ្រាប់គុណ២ មាន៥៦ ពិន្ទុ។
លីគបាល់ទាត់អង់គ្លេសក៏ដូចអេស្ប៉ាញដែរគឺនៅសល់មួយប្រកួតទៀតបានចប់រដូវកាលប៉ុន្តែលទ្ធភាពយកឈ្នះ Mbappe ទំនងជាទៅមិនរួចទេ។ ប្រសិនបើប្រកួតចុងក្រោយ Mbappe រកបានតែមួយគ្រាប់ទៀតមានន័យថាគេអាចគ្រងតំណែនេះបានតើគេគិតពិន្ទតាមរបៀបណា? ពានរង្វាន់ស្បែកជើងមាសអ៊ឺរ៉ុបត្រូវបានគិតទៅលើចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីគុណនឹងចំនួនជាក់លាក់របស់លីគដែលកំណត់ដោយរូបមន្ត UEFA។
គ្រាប់បាល់ស៊ុតបញ្ចូលទីដោយកីឡាករនៅក្នុងលីគកំពូលទាំងប្រាំរបស់អឺរ៉ុបដូចជា Premier League, La Liga, Bundesliga, Serie A និង Ligue 1គឺទទួលបានពីរពិន្ទុ។ គ្រាប់បាល់របស់កីឡាករនៅក្នុងលីកដែលមានចំណាត់ថ្នាក់ពីលេខប្រាំមួយដល់លេខ២២ ក្នុងមេគុណរបស់ UEFA ដូចជាព័រទុយហ្គាល់លីគ Portuguese Primeira Liga ទទួលបាន១,៥ ពិន្ទុ។ ចំណែកឯគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករដែលនៅក្នុងលីគចំណាត់ថ្នាក់ទាបគឺទទួលបានតែមួយពិន្ទុប៉ុណ្ណោះ៕