

ក្លិប Barcelona និង Chelsea អាចនឹងជាប់បម្រាមមិនអោយប្រកួតពានរង្វាន់ UEFA Champions League ឆ្នាំ ២០២៥-២៦ ដោយសារក្លិបទាំងពីរនេះ បំពានបទប្បញ្ញត្តិនិរន្តរភាពហិរញ្ញវត្ថុរបស់ UEFA (FSR) ម្តងហើយម្តងទៀត។ របាយការណ៍ពី The Times ក៏បានចេញផ្សាយផងដែរថា៖ អង្គភាពគ្រប់គ្រងហិរញ្ញវត្ថុរបស់ UEFA កំពុងពិនិត្យមើលសកម្មភាពហិរញ្ញវត្ថុរបស់ក្លិប Barcelona ដែលរួមមានវិធីសាស្រ្តគណនេយ្យដ៏ចម្រូងចម្រាសដែលពាក់ព័ន្ធនឹងការលក់សិទ្ធិផ្សាយនាសម្រាប់ឆ្នាំខាងមុខ។ នៅឆ្នាំ២០២២ Barcelona បានលក់សិទ្ធិទូរទស្សន៍១០% ក្នុងតម្លៃ ជាង៣០៤លានដុល្លារ និង១៥% បន្ថែមទៀតដែលមានតម្លៃជាង ៤៥៦លានដុល្លារ។
ចំណែកឯ GOAL រាយការណ៍ថា ឥឡូវនេះ ស្ថាប័នគ្រប់គ្រងកំពុងពិចារណាលើការដាក់ទណ្ឌកម្មជាច្រើន រាប់ចាប់ពីការរិតដ្បិតក្រុម និងការកាត់ពិន្ទុរហូតដល់ការហាមមិនអោយប្រកួត Champions League ទាំងស្រុងសម្រាប់រដូវកាល២០២៥-២៦។ ដោយឡែក ក្រុម Chelsea និង Aston Villa របស់ Premier League ក៏កំពុងត្រូវបានស៊ើបអង្កេតផងដែរសម្រាប់ការបំពានច្បាប់ FSR ដែលអាចកើតមានបន្ទាប់ពីបានចំណាយលុយយ៉ាងច្រើននារដូវកាលកន្លងមក។ សាលក្រមចុងក្រោយរបស់ UEFA ត្រូវបានគេរំពឹងទុកមុនពេលចាប់ផ្តើមរដូវកាល២០២៥-២៦៕