

សហព័ន្ធកីទ្បាបាល់ទាត់អាស៊ី (AFC) បានពិន័យសមាគមបាល់ទាត់ចិន (CFA) និងជំនួយការគ្រូបង្វឹកជម្រើសជាតិចិនកម្រិតអាយុក្រោម ២០ ឆ្នាំពីបទលួចថតវីដេអូហ្វឹកហាត់របស់ក្រុមដែលជាគូប្រកួតក្នុងព្រឹត្តិការណ៍ AFC U-20 Championship ឆ្នាំ២០២៥ ដែលចិនធ្វើជាម្ចាស់ផ្ទះ កាលពីខែកុម្ភៈ កន្លងទៅ។
លោក Slobodan Ristic ដែលជាជំនួយការរបស់គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម ២០ ឆ្នាំដែលទទួលបន្ទុកវិភាគការប្រកួតរបស់ក្រុម “Dragon U20” ត្រូវបានគេចាប់បានថតសកម្មភាពរបស់ក្រុមដែលជាគូប្រកួតដោយគ្មានការអនុញ្ញាត ដោយចាត់ទុកថាជាការបំពានច្បាប់យុត្តិធម៌របស់ AFC។ លទ្ធផលនេះបានធ្វើឱ្យ AFC បានពិន័យសមាគមបាល់ទាត់ចិន និងជំនួយការគ្រូបង្វឹក លោក Slobodan Ristic សរុបចំនួន ៧ ពាន់ដុល្លារ។ សមាគមបាល់ទាត់ចិនត្រូវបានពិន័យជាប្រាក់ចំនួន ៥ ពាន់ដុល្លារ និងលោក Slobodan Ristic ត្រូវបានពិន័យជាប្រាក់ចំនួន ២ ពាន់ដុល្លារ។
នៅក្នុងព្រឹត្តិការណ៍ខាងលើនេះ ក្រុមជម្រើសជាតិចិនកម្រិតអាយុក្រោម ២០ ឆ្នាំ ត្រូវបានធ្លាក់ចេញពីវគ្គ ៨ ក្រុមចុងក្រោយ បន្ទាប់ពីប្រកួតចាញ់អារ៉ាប៊ីសាអូឌីត ១-០។ សូមជម្រាបថា ជុំវិញការដាក់ទណ្ឌកម្មនេះបានកើតឡើង បន្ទាប់ពីការប្រកួត ដោយ AFC បាននិយាយថា វាជាការក្រើនរំលឹកដល់ក្រុមជម្រើសជាតិ និងសមាគមកីឡាបាល់ទាត់ទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងតម្លាភាពក្នុងការប្រកួតតាមទ្វីប៕
ប្រភព៖ Ballthai