ads
ads
(Khmer) Madura United លុប​ចោលកុងត្រាកីឡាករម្នាក់ ក្រោយ​ស៊ុតបញ្ចូលទីឱ្យ​ជម្រើសជាតិ​ហ្វលីពីនទម្លាក់ឥណ្ឌូណេស៊ីពីពាន AFF Cup 2024
26-December-2024

(Khmer) ពេលវេលារបស់កីឡាករជម្រើសជាតិហ្វីលីពីន Christian Rontini ជាមួយក្លិបឥណ្ឌូណេស៊ី Madura United បានបញ្ចប់មុនកាលកំណត់។ ខ្សែការពារវ័យ 25 ឆ្នាំរូបនេះត្រូវបានបញ្ជាក់ថា លែងជាផ្នែកមួយរបស់​ក្លិបឥណ្ឌូនេស៊ីមួយនេះក្នុងជុំទីពីរនៃ BRI Liga 1 រដូវ​កាល 2024/25 ។

មូលហេតុនៃការ​ផ្ដាច់កុងត្រា៖

កីឡាករជម្រើសជាតិហ្វីលីពីន Christian Rontini ត្រូវបានផ្ដាច់​កុងត្រាចោល ត្រឹមតែមួយថ្ងៃ បន្ទាប់ពីជម្រើសជាតិហ្វីលីពីនបានទម្លាក់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីក្នុងពានរង្វាន់ AFF Cup ឆ្នាំ 2024។

នៅក្នុងការប្រកួតដែលធ្វើឡើងនៅទីក្រុង Manahan, កោះ Solo (12/21/2024) Rontini បានជួយក្រុម The Azkals ឈ្នះក្រុមម្ចាស់ផ្ទះ 1-0 ។ អតីតកីឡាករ Persita Tangerang រូបនេះបានប្ដូរ​ចូលនៅនាទី 70 និងទទួលបានកាតលឿង មុនពេល​ស៊ុតទម្លាក់ឥណ្ឌូណេស៊ី​ក្នុងការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល។

ជ័យ​ជម្នះ​មួយនេះ​អាច​នាំ​ហ្វីលីពីន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់ AFF Cup 2024។ ពួកគេ​បាន​រក្សា​តំណែងក្រុម​លេខ២​ដោយ​មាន​៦​ពិន្ទុ​នាំមុខ​ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី​២​ពិន្ទុ ដែល​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ​៣។

សារព័ត៌មានវៀតណាម Soha បានសរសេរថា៖ «កីឡាករ Christian Rontini ត្រូវបានបញ្ចប់កិច្ចសន្យាដោយក្លិបឥណ្ឌូនេស៊ីភ្លាមៗ បន្ទាប់ពីបានជួយក្រុមជម្រើសជាតិហ្វីលីពីន ទម្លាក់ឥណ្ឌូនេស៊ីចេញពីពានរង្វាន់ AFF Cup ឆ្នាំ 2024″។

« Madura United បានបញ្ចប់កិច្ចសន្យារបស់ Christian Rontini កាលពីថ្ងៃទី 22 ខែធ្នូ។ ការប្រកាសត្រូវបានធ្វើឡើងតិចជាងមួយថ្ងៃ បន្ទាប់ពីហ្វីលីពីនបានទម្លាក់ឥណ្ឌូនេស៊ីពីពានរង្វាន់ AFF Cup ឆ្នាំ 2024 ។ នេះបានធ្វើឱ្យអ្នកគាំទ្រសង្ស័យថាក្លិបបណ្តេញ Rontini ដើម្បីដាក់ទណ្ឌកម្មកីឡាករ» ។

ករណីស្រដៀងគ្នាកាលពី២០ឆ្នាំមុន៖

អ្នកនិយមលេងអ៊ីនធឺណិតអន្តរជាតិជាច្រើន បានប្រៀបធៀបករណីរបស់ Christian Rontini ទៅនឹង Ahn Jung-hwan ។ គាត់ជាវីរបុរសនៃជ័យជម្នះរបស់កូរ៉េខាងត្បូង លើអ៊ីតាលីក្នុងជុំទី 16 នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2002 ត្រូវបានលុប​កុងត្រា ដោយក្លឹបអ៊ីតាលី Perugia បន្ទាប់ពីការប្រកួត។

ការប្រកួតដ៏ចម្រូងចម្រាសនេះ ពិតជាត្រូវបានសម្រេចដោយគ្រាប់បាល់ក្នុង​ម៉ោង​មាស។ ច្បាប់​ចែង​ថា ក្រុម​ដំបូង​ដែល​រក​គ្រាប់​បាល់​បាន​នៅ​ម៉ោងនេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​បាន​ឈ្នះ​ការ​ប្រកួត។

បន្ទាប់ពីការបញ្ចប់អាជីពនៅអ៊ីតាលី Ahn Jung-hwan បានត្រឡប់មកស្រុកកំណើតវិញ ហើយ​បាន​ចុះកុងត្រាលេង​នៅ​ក្លិបក្នុងប្រទេសជប៉ុន បារាំង និងអាឡឺម៉ង់ មុនពេលបញ្ចប់អាជីពនៅប្រទេសចិនដោយ​ការ​ចូលនិវត្តន៍។

ការបដិសេធរបស់ Madura United៖

លោក Umar Wachdin អ្នកចាត់ការទូទៅរបស់ Madura United បានអះអាងថា ការបញ្ចប់​កុងត្រាកីឡាករ Christian Rontini មិនមានជាប់ពាក់ព័ន្ធនឹងការបរាជ័យរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនោះទេ។ ការលុប​ចោល​កុងត្រា​កីឡាករ​អ៊ីតាលី​ហ្វីលីពីន​ចេញ​គឺ​សម្រាប់​ហេតុផល​បច្ចេកទេស/កលល្បិច​សុទ្ធសាធ។

ខណៈដែលច្បាប់នៃកីឡាករបរទេសប្រាំមួយនាក់ដែលត្រូវបានអនុញ្ញាតឱ្យលេង វត្តមានរបស់ Rontini ហាក់បីដូចជាលែងសំខាន់។ Madura United ពេញចិត្តប្រើ​ប្រាស់កីឡាករ Dida, Pedro Monteiro, Jordy Wehrmann, Iran Junior, Lulinha និង Maxuel Silva ។

Rontini លេងបានតែ 6 ដងប៉ុណ្ណោះនៅរដូវកាលនេះ គិតជានាទីត្រឹមតែ 277 នាទីប៉ុណ្ណោះ។ គាត់បានចាប់ផ្តើមក្នុងជម្រើសដំបូងបានពីរដងហើយបានលេងពេញមួយប្រកួតម្តង។ ការ​ប្រកួត​នៅសល់​គឺបម្រុង។

គាត់បាននិយាយថា៖«រហូតដល់ពាក់កណ្តាលរដូវកាលនេះ ច្បាស់ជាត្រូវបានគេមើលឃើញថា ការរួមចំណែករបស់ពួកគេមានទំហំធំប៉ុណ្ណា។ ពិតណាស់ កីឡាករដែលមានការរួមចំណែកតិចតួចបំផុត ឬស្ទើរតែគ្មានការរួមចំណែកអ្វីទាំងអស់ នឹងត្រូវបានវាយតម្លៃ ហើយបន្ទាប់មកយើងនឹងស្វែងរកដំណោះស្រាយ» ។

ads
ads