លោក Zinedine Zidane បានយល់ព្រមចូលកាន់តំណែងជាគ្រូបង្វឹកក្រុមបារាំង បន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦។ វីរបុរសក្រុមបារាំងរូបនេះមិនទាន់បានកាន់តំណែងក្លឹបបាល់ទាត់ណាមួយនៅឡើយទេចាប់តាំងពីលាលែងពីតំណែងពីក្រុម Real Madrid នៅរដូវក្តៅឆ្នាំ ២០២១។ របាយការណ៍នេះអះអាងថា Zidane កំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកការងារដ៏ធំជាមួយប្រទេសរបស់លោក ដែលជាការងារលើកដំបូង ធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិ។

តារាឆ្នើមដ៏ល្បីល្បាញរូបនេះបានដឹកនាំក្រុម Madrid ឈ្នះពានរង្វាន់ Champions League ចំនួនបីលើកជាប់ៗគ្នា។ លោក Didier Deschamps គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារាំងបច្ចុប្បន្ន ធ្លាប់បានប្រកាសពីចេតនារបស់លោកក្នុងការចាកចេញពីតួនាទីនេះ បន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦។ លោកបានប្រាប់សារព័ត៌មានបារាំង TF1 កាលពីខែមករាថា នៅឆ្នាំ ២០២៦ វានឹងចប់ហើយ៕
ប្រភព៖ Marca