ads
ads
(Khmer) តារារ៉េបកាណាដា Drake ជួយសង្គ្រោះក្លិបបាល់ទាត់អ៊ីតាលីមួយពី​ការ​ក្ស័យធន
15-August-2024

(Khmer) ក្លិបអ៊ីតាលី Venezia FC បានប្រកាសជាផ្លូវការនូវកិច្ចសន្យាថ្មីសម្រាប់រដូវកាល Serie A ឆ្នាំ 2024-25 ខាងមុខនេះជាមួយក្រុមហ៊ុន Nocta ដែលជាម៉ាករងរបស់ Nike ដែលជាកម្មសិទ្ធិរបស់តារារ៉េបជនជាតិកាណាដា Drake ។

នៅពេលដែលកិច្ចព្រមព្រៀងថ្មីបានប្រកាសជាសាធារណៈ ពួកគេ​ក៏​បង្ហើប​ពី​មនុស្ស​ម្នាក់​ឈ្មោះ Drake ដែលបានជួយសង្គ្រោះក្លិបមួយនេះផងដែរ ដើម្បីជៀសវាងការក្ស័យធនកាលពីឆ្នាំមុន។

ក្រុម Venezia FC ដែលជាក្រុមដែលទើបតែឡើងទៅកាន់ក្របខណ្ឌ Serie A របស់អ៊ីតាលី មានភាពល្បីល្បាញទូទាំងពិភពលោក សម្រាប់គុណភាពនៃអាវកីឡាបាល់ទាត់របស់ពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយដោយសារតែក្លិប បានក្លាយជានិមិត្តរូបនៅក្នុងពិភពម៉ូដសម្លៀកបំពាក់ វាបានផ្តល់ភាពល្អឥតខ្ចោះសម្រាប់ Drake និង Nocta នៅក្នុងទីផ្សារអាវបាល់ទាត់អ៊ឺរ៉ុប ប៉ុន្តែជាក់ស្តែង នោះមិនមែនជាលើកទីមួយទេ ដែល Drake ដោះស្រាយបញ្ហាក្រុម។

កាសែតអ៊ីតាលី GQ បានបង្ហាញពីរបៀបដែល Drake ជួយសង្គ្រោះ Venezia កាលពីរដូវកាលមុន ខណៈដែលក្លិបត្រូវការលុយ 10 លានអឺរ៉ូដើម្បីរក្សាក្លិបឱ្យមានសុវត្ថិភាព ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ពួកគេក៏ទាមទារប្រហែល 30 លានអឺរ៉ូដើម្បីបន្តដង្ហើមរស់ និងជៀសវាងការក្ស័យធន។ លោក Matte Babel ដែលជាប្រធានម៉ាកយីហោរបស់ Drake និងអ្នកគ្រប់គ្រងរបស់គាត់បាននិយាយទៅកាន់ GQ ហើយពន្យល់ពីអ្វីដែលបានកើតឡើង។

«ខ្ញុំទទួលបានការហៅទូរស័ព្ទពី Brad Katsuyama សហម្ចាស់ក្លិប Venezia និងជាមិត្តល្អរបស់ខ្ញុំ។ គាត់បានពន្យល់ពីបញ្ហាដល់ខ្ញុំតាមរបៀបសាមញ្ញ៖ Venezia ត្រូវការប្រាក់ចំនួន 10 លានអឺរ៉ូក្នុងរយៈពេលពីរបីសប្តាហ៍ហើយបន្ទាប់មកយ៉ាងហោចណាស់៣០លានអឺរ៉ូ​ក្នុង​រយៈ​ពេល​ពីរ​បី​ខែ បើ​អញ្ចឹងទេ ​ក្លឹប​នឹង​ក្ស័យ​ធន»។

“Venezia គឺជាទីក្រុងដ៏អស្ចារ្យមួយ ហើយ Venezia តែងតែជាក្លិបបាល់ទាត់ពិសេសមួយ។ ខ្ញុំបាននិយាយជាមួយ Drake បន្ទាប់មក Brad ហើយខ្ញុំបានពិភាក្សាលម្អិតអំពីរបៀបដែលយើងអាចជួយបាន។ ក្នុងរយៈពេលពីរសប្តាហ៍ យើងមានកិច្ចព្រមព្រៀងមួយ ហើយបានរៃអង្គាសប្រាក់តាម​តម្រុវការ ដើម្បីបើកប្រាក់ខែ និងជៀសវាងការក្ស័យធន»។

នៅចុងបញ្ចប់នៃរដូវកាលមុន Venezia FC បានឡើងទៅកាន់ក្របខ័ណ្ឌ Serie A ក្រោមការដឹកនាំរបស់អ្នកចាត់ការ Paolo Vanoli ប៉ុន្តែលោកបានចាកចេញពីក្លិបនៅរដូវក្តៅ និងចូលរួមជាមួយ Torino ។ ក្លិបពេល​នេះ ត្រូវបានជំនួសដោយអតីតគ្រូបង្វឹកក្លិប Frosinone លោក Eusebio Di Francesco ។

បច្ចុប្បន្ន Venezia គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិក VFC Newco 2020 ដែលបង្កើតឡើងក្នុងឆ្នាំ 2022 និងដឹកនាំដោយអ្នកជំនួញជនជាតិអាមេរិក Duncan Niederauer។ ថ្មីៗនេះ ក្លិបបានបង្កើតគណៈកម្មាធិការប្រតិបត្តិការមួយដើម្បីត្រួតពិនិត្យទិសដៅយុទ្ធសាស្ត្ររបស់ក្លិប ហើយកិច្ចព្រមព្រៀងជាមួយ Nocta និង Drake មើលទៅជាជំហានដំបូងសម្រាប់ទិសដៅថ្មី។

ads
ads