ក្រុម Atletico Madrid បានចូលដល់យុគសម័យហិរញ្ញវត្ថុថ្មីមួយ ដោយក្រុមហ៊ុនវិនិយោគ Apollo Sports Capital (ASC) ម្ចាស់ភាគហ៊ុនភាគធំបំផុតបន្ថែមទុនជាង១ពាន់លានដុល្លារសម្រាប់អភិវឌ្ឍក្លិប។ អ្នកវិនិយោគទុនអាមេរិក ដែលជាផ្នែកមួយនៃក្រុមហ៊ុន Apollo Global Management បានទិញភាគហ៊ុនក្លិប At Madrid ៥៥% ក្នុងតម្លៃជាង ២,៨ពាន់លានដុល្លារ និងប្តេជ្ញាចិត្តវិនិយោគបន្ថែមជាង ១,៥ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍក្លិប។

ការវិនិយោគក្នុងទំហំទឹកប្រាក់ជាង ១,៥ពាន់លានដុល្លារ គឺជាកិច្ចព្រមព្រៀងភាគហ៊ុនឯកជនដ៏ធំបំផុតមួយនៅក្នុងបាល់ទាត់អឺរ៉ុបក្នុងទសវត្សរ៍នេះ។ ASC ដឹកនាំដោយនាយកប្រតិបត្តិលោក Al Tylis មានគោលបំណងពង្រឹង និងធ្វីឲ្យក្លឹបមានស្ថិរភាពរយៈពេលវែង។Apollo Sports Capital បានវិនិយោគរួចហើយនៅក្នុង Mutua Madrid Open, Miami Open និងផ្តល់ហិរញ្ញប្បទានដល់ Nottingham ជាមួយនឹងទឹកប្រាក់ជាង ១០០លានដុល្លារ។ ការផ្តោតអារម្មណ៍របស់ពួកគេជាមួយក្លឹប Atlético គឺការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគម្រោង Sports City ថ្មីនៅជាប់នឹងកីឡដ្ឋាន Riyadh Air Metropolitan៕