FIFA បានអនុម័តច្បាប់ថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ផ្តល់ឱកាសឲ្យស្រ្តីធ្វើគ្រូបង្វឹកបាល់ទាត់ស្ត្រីកាន់តែច្រើននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភព (Women’s World Cup) និងការប្រកួតផ្សេងៗទៀត។ ច្បាប់ថ្មីនេះ FIFA តម្រូវឱ្យយ៉ាងហោចណាស់មានស្ត្រីម្នាក់ជាគ្រូបង្វឹក ឬជំនួយការគ្រូបង្វឹកនៅក្នុងក្រុមបាល់ទាត់នារី នីមួយៗ។ ច្បាប់នេះនឹងចូលជាធរមានសម្រាប់ព្រឹត្តិការណ៍ U-17 និង U-20 Women’s World Cup និងព្រឹត្តិការណ៍ Women’s Champions Cup ឆ្នាំនេះ និងសម្រាប់ Women’s World Cup ឆ្នាំក្រោយនៅប្រទេសប្រេស៊ីល។

កន្លងមកមានតែ ១០ ក្រុមក្នុងចំណោម ៣២ ក្រុមនៅក្នុងព្រឹត្តិការណ៍ Women’s World Cup ឆ្នាំ២០២៣ ប៉ុណ្ណោះដែលមានគ្រូបង្វឹកស្ត្រី រួមទាំង លោកស្រី Sarina Wiegman មកពីក្រុមអង់គ្លេសដែលចាញ់វគ្គផ្តាច់ព្រ័ត្រ។
លោកស្រី Jill Ellis ប្រធានផ្នែកបាល់ទាត់របស់ FIFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងត្រូវតែធ្វើបន្ថែមទៀតដើម្បីពន្លឿនការផ្លាស់ប្តូរនិងពង្រីកឱកាសលេីកតម្លៃស្ត្រីនៅលើទីលានរបស់យើង។ គោលនយោបាយរបស់ FIFA គឺមានបំណងផ្សព្វផ្សាយទូទាំងពិភពលោកនូវអ្វីដែលស្ថាប័នបាល់ទាត់អឺរ៉ុប UEFA បានធ្វើនៅកន្លែងដែលការប្រកួតបាល់ទាត់នារីមានការអភិវឌ្ឍកាន់តែច្រើន៕
ប្រភព៖ AP