ads
Rashford ចង់​បន្ត​នៅ Barcelona ពេល​បញ្ចប់ការខ្ចីជើងនៅរដូវក្តៅនេះ…
24-October-2025

Marcus Rashford សង្ឃឹមថានឹងបន្តនៅ Barcelona នៅពេលដែលកិច្ចព្រមព្រៀងខ្ចីជើងពី Manchester United បញ្ចប់នៅរដូវក្តៅ។ ជាមួយគ្នានេះដែរ ក្លិប Barcelona ក៏មានជម្រើសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធអង់គ្លេសជាអចិន្ត្រៃយ៍ក្នុងតម្លៃ ២៨ លានផោន ដែលជាតម្លៃទាបជាង ៤០ លានផោនដែល United ចង់បានពីក្លិបផ្សេងទៀត។ កិច្ចសន្យារបស់ Marcus Rashford ជាមួយនឹង Manchesrer United នឹងអស់សុពលភាពនៅឆ្នាំ ២០២៨ ឯណោះ ប៉ុន្តែរូបគេហាក់ដូចជាមិនចង់បន្តស្នាក់នៅ Old Trafford ដែលក្រុមកំពុងស្ថិតនៅក្រោមដឹកនាំដោយលោក Ruben Amorim ទ្បើយ។

Rashford បានប្រាប់សារព័ត៌មាន ESPN នៅពេលសួរថាតើរូបគេចង់ស្នាក់នៅប្រទេសអេស្ប៉ាញដែរឬទេ។ “ខ្ញុំរីករាយនឹងក្លិបបាល់ទាត់នេះ ហើយខ្ញុំគិតថាសម្រាប់អ្នកដែលស្រលាញ់កីឡាបាល់ទាត់ Barcelona គឺជាក្លិបដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួតនេះ។ សម្រាប់កីឡាករវាគឺជាកិត្តិយស”។

Rashford បានចំណាយពេលពាក់កណ្តាលទីពីរនៃរដូវកាលមុននៅ Aston Villa ជាកន្លែងដែលអាជីពរបស់រូបគេត្រូវបានងើបឡើងវិញក្រោមការដឹកនាំរបស់លោក Unai Emery ។ រូបគេបានស៊ុតបញ្ចូលទីសរុបចំនួន ៥ គ្រាប់ក្នុង ១២ ប្រកួតសម្រាប់ Barcelona ដោយសារការស៊ុតបញ្ចូលទីពីរដងទល់នឹង Olympiakos ក្នុងក្របខណ្ឌ Champions League កាលពីថ្ងៃអង្គារ។ Rashford ដែលគ្រោងនឹងលេងក្នុង El Clasico លើកដំបូងរបស់គេទល់នឹង Real Madrid នៅចុងសប្តាហ៍នេះផងដែរ ដោយជឿជាក់ថារូបគេកំពុងទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរទេសភាព៕

ប្រភព៖ BBC

ads