ads
ឥណ្ឌូណេស៊ី នឹងខានបង់លុយរាប់លានដុល្លារ ប្រសិនបើបណ្តេញលោក Patrick Kluivert ចេញពីតំណែង
13-October-2025

សមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) នឹងខានបង់លុយដ៏ច្រើន ប្រសិនបើពួកគេបញ្ចប់កិច្ចសន្យារបស់លោក Patrick Kluivert ដែលជាគ្រូបង្វឹក មុនពេលកំណត់។ ជាការពិតណាស់ បន្ទាប់ពីក្រុមជម្រើសជាតិឥណ្ឌនេស៊ី ធ្លាក់ចេញវគ្គជម្រុះ World Cup ឆ្នាំ២០២៦ ជុំទី៤ ក្នុងតំបន់អាស៊ី ដែលពួកគេចាញ់អ៊ីរ៉ាក់ ០-១ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បានធ្វើឱ្យក្តីសង្ឃឹមទៅលេង World Cup ឆ្នាំ២០២៦ ត្រូវបានរលាយទាំងស្រុង។ ជាមួយគ្នានេះដែរ អ្នកគំាទ្រជាច្រើនរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានសម្តែងការមិនសប្បាយចិត្តយ៉ាងខ្លាំងនឹងលទ្ធផល និងទទូចឱ្យលោកចុះចេញពីតំណែងជាគ្រូបង្វឹកថែមទៀតផង។

យ៉ាងណា បុរសសញ្ជាតិហូឡង់វ័យ ៤៩ ឆ្នាំរូបនេះដែលចូលមកកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងខែមករា ឆ្នាំ២០២៥ ជាមួយនឹងកិច្ចសន្យារយៈពេល ២ ឆ្នាំរួមទាំងមានជម្រើសក្នុងការបន្តរយៈពេលមួយឆ្នាំទៀត ជាមួយនឹងថ្លៃអត្តពលកម្មក្នុង ១ ខែទទួលបានប្រហែលចន្លោះពី ៨០,០០០ ដល់ ៩២, ០០០ ដុល្លារអាម៉េរិក ពោលគឺក្នុង ១ ឆ្នាំលោក Patrick Kluivert ទទួលបានថ្លៃអត្តពលកម្មប្រហែល ១,១ លានដុល្លារអាម៉េរិក។ នោះមានន័័យថាប្រសិនបើ PSSI បញ្ចប់កិច្ចសន្យារបស់លោក Patrick Kluivert មុនពេលកំណត់ ពួកគេនឹងត្រូវសងសំណង ដែលកិច្ចសន្យារបស់លោកនៅសល់រហូតដល់ខែមករា ឆ្នាំ២០២៧។ 

គួររំឭកថា លោក Patrick Kluivert ក៏ធ្លាប់ទទួលបានប្រាក់សំណងដល់ទៅ ១៧៤,០០០ ដុល្លារអាម៉េរិក ក្រោយ ពីក្លិប Adana Demirspor (តួកគី) បណ្តេញចេញពីតំណែងក្នុងខែធ្នូ ឆ្នាំ២០២៣ ក្រោយពីធ្វើការតិចជាងកន្លះឆ្នាំ។ លើស​ពី​នេះ​ទៀត លោកក៏ទទួល​បាន​ថ្លៃអត្តពលកម្មជាង ១៦៤,០០០ ដុល្លារអាម៉េរិក ផងដែរ៕

ប្រភព៖ znews

ads