

ខ្សែប្រយុទ្ធជម្រើសជាតិវៀតណាម Nguyen Xuan Son នឹងត្រលប់មកលេងឲ្យក្រុមរបស់គេគឺ Nam Dinh FC ក្នុងរដូវកាល ២០២៥-២៦ បន្ទាប់ពីជាសះស្បើយរងរបួសបាក់ជើងក្នុងវគ្គផ្តាច់ព្រ័ត្រ AFF Cup ឆ្នាំ ២០២៤ កាលពីចុងឆ្នាំមុន។ Nguyen Xuan Son ដែលជាកីទ្បាករមានដើមសញ្ជាតិប្រេស៊ីលវ័យ ២៨ ឆ្នាំបានជាសះស្បើយពីរបួសខាងលើ ហើយគ្រោងក៏នឹងវិលចូលទីលានក្នុងខែវិច្ឆិកានេះ។ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មានវៀតណាម។ Nam Dinh បានជួលក្រុមគ្រូពេទ្យកាយសម្បទាជនជាតិប្រេស៊ីល ដើម្បីជួយព្យាបាលរបួសរបស់គេនៅប្រទេសប្រេស៊ីល។
កាលពីថ្ងៃទី០២ ខែកញ្ញា Nguyen Xuan Son បានត្រលប់មកប្រទេសវៀតណាម និងចាប់ផ្តើមការហ្វឹកហាត់ជាមួយនឹងក្រុមវិញ ដោយមានការយកចិត្តទុកដាក់ត្រួតពិនិត្យរបស់ក្រុមគ្រូពេទ្យ។ Nguyen Xuan Son អាចឆ្លងកាត់ការធ្វើតេស្តជាមូលដ្ឋានដូចជាការឆ្លងកាត់ឧបសគ្គ និងការទទួលបាល់ដោយជើងទាំងពីរយ៉ាងងាយស្រួល។ ទោះជាយ៉ាងណាក៏ដោយ លំហាត់ហ្វឹកហ្វឺនទាំងនេះនៅតែត្រូវបានកែសម្រួល ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលដំណើរការស្តារនីតិសម្បទា។ គួរជម្រាបថា Nguyen Xuan Son បានរួមចំណែកជួយឱ្យក្រុមជម្រើសជាតិវៀតណាម ឈ្នះពានរង្វាន់ ASEAN Cup ឆ្នាំ ២០២៤ រួមទាំងឈ្នះស្បែកជើងមាសនៅក្នុងព្រឹត្តិការណ៍៍នេះផងដែរ៕