អាវរបស់លោក Pele វីរបុរសបាល់ទាត់ប្រេស៊ីល ពេលស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ១៩៥៨ ត្រូវបានលក់ដេញថ្លៃក្នុងតម្លៃ ៤,៩ លានដុល្លារ។ វាក៏បានក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃបំផុតលំដាប់ទី ២ ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមហ៊ុនដេញថ្លៃ Sotheby’s កាលពីថ្ងៃព្រហស្បតិ៍។
អាវយឺតនេះធ្លាប់ត្រូវបានលក់ដេញថ្លៃក្នុងឆ្នាំ ២០០៤ ក្នុងតម្លៃត្រឹមតែជាង ១០ ម៉ឺនដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមប្រភពខាងលើ។ អាវលេខ ១០ ដែលពាក់ដោយកីឡាករអាយុ ១៧ ឆ្នាំនៅពេលនោះ ខណៈដែលប្រេស៊ីលបានយកឈ្នះម្ចាស់ផ្ទះស៊ុយអែត ៥-២ នៅទីក្រុងស្តុកហូម ដើម្បីឈ្នះពានរង្វាន់ពិភពលោកលើកដំបូងរបស់ពួកគេ បានទាក់ទាញការដេញថ្លៃចំនួន ១០ ពីអ្នកដេញថ្លៃ។

ការលក់នេះបានធ្វើឱ្យវាក្លាយជាអាវបាល់ទាត់ថ្លៃបំផុតទីពីរតាមពីក្រោយអាវរបស់លោក Diego Maradona ដែលលក់បានក្នុងតម្លៃជាង ៩,៣ លានដុល្លារក្នុងឆ្នាំ២០២២ នៅពេលដែលគាត់ស៊ុតបញ្ចូលទីគ្រាប់បាល់ “Hand of God” សម្រាប់អាហ្សង់ទីនទល់នឹងអង់គ្លេសនៅ World Cup ឆ្នាំ១៩៨៦។
លោក Pele ដែលបានទទួលមរណភាពនៅឆ្នាំ២០២២ ក្នុងអាយុ៨២ ឆ្នាំ បានស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ 1958 ហើយនៅតែជាកីឡាករវ័យក្មេងបំផុតដែលស៊ុតបញ្ចូលទីបានក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក៕