នាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុុមបាល់ទាត់ ស.ស.យ.ក. អលស្តារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពកីឡាករក្រុមបាល់ទាត់ស.ស.យ.ក. អលស្តារ (UYFC All Star FT) នៅអគារ The Kampus។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ឯកឧត្តម លោកជំទាវ អនុប្រធា សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសដែលជាដៃគូសហការឧបត្ថម្ភ កីឡាករ និងក្រុមការងារចំណុះក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ យ៉ាងច្រើនកុះករ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សំហេង បុរស អនុប្រធានក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី និងបានឡើងអានសេចក្តីសម្រេចទទួលស្គាល់សមាសភាពជាផ្លូវការ។
ជាកិច្ចបន្ទាប់ ឯកឧត្តម គួច វែងស្រ៊ុន អនុប្រធាន និងជាអ្នកចាត់ការទូទៅក្រុមបាល់ទាត់ ស.ស.យ.ក.
អលស្តារ (UYFC All Star FT) បានធ្វើរបាយការសង្ខេប និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ក៏ដូចជាឧបត្ថម្ភគាំទ្រដល់ក្រុមបាល់ទាត់ ឱ្យមានដំណើរការរីកចម្រើនជាបន្តបន្ទាប់។ ជាមួយគ្នានេះ ឯកឧត្តមក៏បានដាក់ចេញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដឹកនាំស្មារតីក្រុមឱ្យមានសាមគ្គីភាព និងវិន័យខ្ពស់ រក្សាឱ្យបានដាច់ខាតនូវគោលការណ៍ស្នូល បន្តសកម្មភាពមនុស្សធម៌ដើម្បីបម្រើសង្គមជាតិ និងខិតខំពង្រីកសមាជិកភាពបន្ថែមទៀត ក្រោមស្មារតីរឹងមាំគឺ «កីឡា មិត្តភាព សប្បុរស»។

ថ្លែងមតិស្វាគមន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងប្រធានក្រុមបាល់ទាត់ ស.ស.យ.ក.អលស្តារ ក៏បានអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាសភាពកីឡាករក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការនាពេលនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូបង្វឹក និងកីឡាករទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ កន្លងមក ក្នុងសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ដើម្បីជួយដល់សង្គមជាតិ ព្រមទាំងប្តេជ្ញាចិត្តរួមគ្នាសម្រេចបាននូវទិសដៅការងាររបស់ក្រុមទាំងមូល។ទន្ទឹងនឹងនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា ជំនួបគ្នាក្នុងថ្ងៃនេះមានសារៈសំខាន់បំផុត ពីព្រោះកីឡាបាននាំមកនូវឱកាសឱ្យយើងបានជួបជុំគ្នា និងកសាងនូវមិត្តភាព។ ភាពរឹងមាំ និងការរីកចម្រើននៃសង្គមជាតិមួយ គឺពិតជាត្រូវចាប់ផ្តើមចេញពីការកសាងស្មារតីមិត្តភាព និងសាមគ្គីភាពនេះឯង។
សូមជម្រាបជូនថា គោលបំណងសំខាន់នៃការបង្កើតក្រុមនេះឡើង គឺឈរលើស្មារតី «កីឡា មិត្តភាព សប្បុរសធម៌» ដើម្បីប្រមូលផ្តុំអ្នកស្នេហាវិស័យកីឡាបាល់ទាត់ លើកកម្ពស់សុខភាព សាមគ្គីភាព និងបង្កើតសកម្មភាពសង្គម ស្របតាមទិសដៅយុទ្ធសាស្ត្រ «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»៕

