លោក Brito ខ្សែការពារកណ្តាលដែលបានជួយរបាំសំបាប្រេស៊ីលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ១៩៧០ទទួលមរណភាពក្នុងអាយុ ៨៦ ឆ្នាំចំពេលដែលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកបើកឆាកដំបូង។ ប្រេស៊ីល ដែលបានឈ្នះពាន World Cup ច្រើនជាងគេចំនួនប្រាំលើក នឹងចាប់ផ្តើមប្រកួតកបើកឆាកដំបូងនៅថ្ងៃសៅរ៍ ទល់នឹងម៉ារ៉ុក មុនពេលប៉ះជាមួយហៃទី និង ស្កុតឡែននៅក្នុងពូល C។

សហព័ន្ធបាល់ទាត់ប្រេស៊ីលបានប្រកាសថា លោក Brito បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍។ តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ លោក Brito បានលេង៦១ប្រកួតសម្រាប់ក្រុមជម្រើសជាតិចាប់ពីឆ្នាំ១៩៦៤-៧២ រួមទាំងមួយប្រកួតនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ១៩៦៦ ដោយបានបង្កើតខ្សែការពារដ៏រឹងមាំមួយរួមជាមួយលោក Wilson Piazza។
លោក Samir Xaud ប្រធានសហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោក Brito បានបន្សល់ទុកឲ្យយើងនូវខ្សែការពារដ៏អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ប្រេស៊ីល។ ការចូលរួមចំណែករបស់គាត់ចំពោះជ័យជម្នះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ១៩៧០ នឹងត្រូវបានចងចាំជារៀងរហូត។ លោក Brito ក៏ជាផ្នែកមួយនៃក្រុមប្រេស៊ីលដែលបានឈ្នះពាន Copa Roca ក្នុងឆ្នាំ១៩៧១និងពាន Taça Independência ក្នុងឆ្នាំ១៩៧២ផងដែរ។

លោក Xaud បាននិយាយថា ខ្ញុំសូមគោរពដល់និមិត្តរូបនៃប្រទេសរបស់យើង។សូមឱ្យស្មារតីប្រយុទ្ធរបស់គាត់ក្លាយជាការបំផុសគំនិតដល់កីឡាកររបស់យើងដែលនឹងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក៕