តើ Chelsea ខាតបង់ប៉ុន្មានលានដុល្លារ ពេលគ្មានកៅអីប្រកួតពានរង្វាន់អឺរ៉ុប?
27-May-2026

ក្រុម Chelsea នឹងបាត់បង់ប្រាក់ចំណូលជាង ១០០ លានដុល្លារ បន្ទាប់ពីគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតពានរង្វាន់អឺរ៉ុបជាពិសេស UEFA Champions League សម្រាប់ ឆ្នាំ ២០២៦-២៧។ ជុំវិញនឹងបញ្ហានេះកាសែត The Athleticបានរាយការណ៍ថា ហិរញ្ញវត្ថុរបស់ក្រុម Chelsea នឹងរងផលប៉ះពាល់យ៉ាងខ្លាំងនៅរដូវកាលក្រោយ ដោយសារតែពួកគេគ្មានកៅអីប្រកួតពានរង្វាន់អឺរ៉ុប ជាពិសេស UEFA Champions League។ ការធ្លាក់ចេញពីវគ្គ១៦ ក្រុមចុងក្រោយរបស់ក្រុម Blues ក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីចាញ់ក្រុម Paris Saint-Germain ៨-២ សរុបទាំង២ដងរដូវកាលកន្លងទៅ ពួកគេទទួលបានប្រាក់ចំណូលប្រមាណ ១០៧លានដុល្លារ។

ជ័យជម្នះ Europa League ឆ្នាំ២០១៩ពួកគេរកបានជាង៥៤ លានដុល្លារ ខណៈដែលជ័យជម្នះ Conference League របស់ពួកគេក្នុងឆ្នាំ២០២៥ រកបានជាង​២៤ លានដុល្លារ ដែលបង្ហាញពីភាពខុសគ្នានៅក្នុងការប្រកួតទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ ក្រុម Blues នឹងមិនទទួលបានអ្វីទាំងអស់ពី UEFA នៅរដូវកាលក្រោយ ហើយការទូទាត់ឧបត្ថម្ភរបស់ពួកគេក៏អាចរងផលប៉ះពាល់ដោយកង្វះបាល់ទាត់អឺរ៉ុបផងដែរ។ ចាប់តាំងពីក្រុមហ៊ុន BlueCo ចូលកាន់តំណែងមក ក្រុម Chelsea មិនមានអ្នកឧបត្ថម្ភអចិន្ត្រៃយ៍នៅលើអាវនោះទេ ដោយពួកគេចុះកិច្ចសន្យាបណ្ដោះអាសន្នជារៀងរាល់រដូវកាល ហើយកង្វះឱកាសលេងបាល់ទាត់អឺរ៉ុបអាចប៉ះពាល់ដល់ការទទួលបានកិច្ចព្រមព្រៀងប្រហែលជាង៨០លានដុល្លារក្នុងមួយឆ្នាំ ដែលម្ចាស់ក្លឹបកំពុងកំណត់គោលដៅ។

កីឡាករ Chelsea ភាគច្រើនទទួលបានប្រាក់ឈ្នួលលើកទឹកចិត្ត ហើយប្រាក់ខែរបស់ពួកគេនឹងត្រូវកាត់បន្ថយដោយសារតែមិនអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយ ។វិក្កយបត្រប្រាក់ឈ្នួលរបស់ក្លឹបនោះនៅតែលើសពី៤០០លានដុល្លារ។ មានរបាយការណ៍ថា រដូវកាលនេះក្លឹបបានខាតបង់ប្រហែល៨០ម៉ឺនក្នុងមួយថ្ងៃចាប់តាំងពីក្រុមហ៊ុន BlueCo ចូលកាន់កាប់ ហើយវាអាចនឹងកើនឡើងបន្ថែមទៀត ដែលនាំឱ្យខាតបង់ជាង១៣៤ លានដុល្លារ ពីការមិនអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតអឺរ៉ុបនៅរដូវកាលនេះ។

រដូវកាលដ៏មហន្តរាយរបស់ក្រុមតោខៀវ បានបញ្ចប់នៅលេខរៀងទី ១០ នៅក្នុងក្របខ័ណ្ឌ Premier League មានន័យថាពួកគេគ្មានសិទ្ធិចូលរួមក្នុងការប្រកួតពានរង្វាន់ UEFA ណាមួយនៅរដូវកាលក្រោយទេ។ ក្រុម Chelsea មានឱកាសពីរដើម្បីឡើងទៅលេងក្នុងពានរង្វាន់អឺរ៉ុប គឺការយកឈ្នះក្រុម Manchester City ដើម្បីឈ្នះពានរង្វាន់ FA Cup ឬយកឈ្នះក្រុម Sunderland នៅថ្ងៃផ្តាច់ព្រ័ត្រ។ ឱកាសទាំងនេះនឹងធ្វើឱ្យពួកគេទទួលបានកៅអីមួយនៅក្នុងក្របខ័ណ្ឌ Europa League និង Conference League រៀងៗខ្លួន ប៉ុន្តែពួកគេបានចាញ់ទាំងពីរប្រកួត៕