Mitoma ត្រូវបានដកចេញពីបញ្ចីឈ្មោះចុងក្រោយជប៉ុន សម្រាប់ WC26 ដោយសាររបួសសាច់ដុំសរសៃពួរ
15-May-2026

ខ្សែបម្រើស្លាបរបស់ក្លិប Brighton កីទ្បាករ Kaoru Mitoma ត្រូវបានដកចេញពីបញ្ចីឈ្មោះចុងក្រោយរបស់ក្រុមជម្រើសជាតិជប៉ុន សម្រាប់ព្រឹត្តិការណ៍ World Cup នារដូវក្តៅនេះ ដោយសាររបួសសាច់ដុំសរសៃពួរ (Hamstring) អំទ្បុងពេលក្រុមខាងលើ ប្រកួតជាមួយនឹង Wolves ដែលពួកគេបានយកឈ្នះ ៣-០ កាលពីចុងសប្តាហ៍មុន ហើយ ២ ប្រកួតចុងក្រោយនៅ Premier League ដែលក្រុមប្រកួតជាមួយនឹង Leeds United និង Manchester United ក៏រូបគេមិនបានលេងផងដែរ។

នាថ្ងៃសុក្រនេះ គ្រូបង្វឹកជម្រើសជាតិជប៉ុន លោក Hajime Moriyasu បានប្រកាសបញ្ជីក្រុម ដោយមានកីឡាករដូចជា៖ Wataru Endo របស់ក្លិប Liverpool, Daichi Kamada របស់ក្លិប Crystal Palace និង Daizen Maeda របស់ក្លិប Celtic ប៉ុន្តែគ្មាន Kaoru Mitoma របស់់ក្លិប Brighton ទេ។

បើតាមគ្រូបង្វឹករបស់ក្លិប Brighton លោក Fabian Hurzeler បានបញ្ជាក់ថា៖ ក្លិបកំពុងសុំឲ្យមានការអត់ធ្មត់ ព្រោះមិនទាន់អាចកំណត់ពេលត្រឡប់មកលេងបានច្បាស់លាស់ទេ។

គួរជម្រាបថា ជប៉ុន ស្ថិតនៅក្នុងពូល F ជាមួយនឹងហុល្លង់ (ថ្ងៃទី១៤), ទុយនីស៊ី (ថ្ងៃទី២១) និងស៊ុយអែត (ថ្ងៃទី២៦) ខណៈដែល FIFA World Cup ឆ្នាំ២០២៦ ដែលមាន ៤៨ ក្រុមជាលើកដំបូង នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ដោយមានសហរដ្ឋអាមេរិក, កាណាដា និង ម៉ិកស៊ិក ធ្វើជាសហម្ចាស់ផ្ទះរួមគ្នា៕

ប្រភព៖ BBC