Messi បន្តឈរកំពូលតារាងកីឡាកររកចំណូលបានច្រើនជាងគេនៅ MLS
13-May-2026

Lionel Messi នៅតែជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្របខណ្ឌកំពូលអាមេរិក Major League Soccer ជាមួយនឹងប្រាក់ខែគោលប្រចាំឆ្នាំចំនួន ២៥ លានដុល្លារច្រើនជាងពីរដងនៃកីឡាករដែលរកចំណូលខ្ពស់បំផុតបន្ទាប់។ ប្រាក់ខែគោលរបស់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានកើនឡើងទ្វេដង ខណៈពេលដែលកិច្ចព្រមព្រៀងទាំងមូលមានតម្លៃ ២៨,៣លានដុល្លារ (រួមនឹងប្រាក់សំណងធានារ៉ាប់រង)។

ចំណែកឯកីឡាករ Son Heung-min របស់ក្លិប Los Angeles FC គឺជាអ្នករកចំណូលខ្ពស់បំផុតទីពីរជាមួយនឹងប្រាក់ខែគោលជាង ១០ លានដុល្លារ សរុបនឹងប្រាក់ធានា១១,២លានដុល្លារ។ អតីតខ្សែប្រយុទ្ធ Tottenham អាយុ ៣៣ ឆ្នាំរូបនេះរកបានច្រើនជាង Rodrigo de Paul របស់ក្លិប Inter Miami និង Hirving Lozano របស់ San Diego FC បន្តិច។ ប្រាក់ខែមិនរាប់បញ្ចូលប្រាក់ចំណូលពីកិច្ចព្រមព្រៀងផ្សព្វផ្សាយពានិជ្ជកម្ម ឬជម្រើសរបស់ Messi ក្នុងការទទួលបានភាគហ៊ុននៅក្នុង Inter Miami – ដែលគ្រប់គ្រងដោយ David Beckham នោះទេ។

Messi បានចូលរួមជាមួយក្រុមដែលមានមូលដ្ឋាននៅរដ្ឋ Florida ក្នុងឆ្នាំ២០២៣ ស៊ុតបញ្ចូលទីបាន ៥៩គ្រាប់ក្នុងការប្រកួត MLS រដូវកាលធម្មតាចំនួន ៦៤ លើក ដោយបានជួយក្រុម Miami ឈ្នះពានរង្វាន់ MLS Cup ក្នុងឆ្នាំ២០២៥។ រូបគេបាននាំមុខគេក្នុងលីគជាមួយនឹងគ្រាប់បាល់ចំនួន ២៩ គ្រាប់កាលពីរដូវកាលមុន និងជាកីឡាករដែលមានតម្លៃបំផុតក្នុងរដូវកាល MLS៕

ប្រភព៖ BBC