បន្ទាប់ពីដឹកនាំក្លិប FC Barcelona ឈ្នះ Real Madrid ២-០ ក្នុងការប្រកួត El Clásico លើកពាន LaLiga មុនបញ្ចប់រដូវកាល លោក Hansi Flick បានដាក់ផែនការជាក់លាក់ចំនួន ២ គឺទីមួយយកឲ្យបាន ១០០ ពិន្ទុក្នុងរដូវកាលនេះ និងទី២ ត្រូវឈ្នះពាន UEFA Champions League រដូវកាលក្រោយ។ វាក៏ជាការលើកពាន La Liga ទី ២៩ របស់ក្លិបអ្នកមានបុណ្យផងដែរ។ FC Barcelona បានស៊ូទ្រាំនឹងការខកចិត្តបន្ទាប់ពីធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey និងវគ្គ ៨ ក្រុមចុងក្រោយ Champions League ប៉ុន្តែមិនដែលបោះបង់ចោលការគ្រប់គ្រងរបស់ពួកគេលើការប្រជែងដណ្តើមពានរង្វាន់ La Liga ឡើយ។

ក្រោយពេលអបអរជ័យជម្នះ លោកបានមានប្រសាសន៍ថា៖ ឥឡូវនេះយើងចង់សម្រេចបាន ១០០ ពិន្ទុហើយឆ្នាំក្រោយយើងនឹងព្យាយាមយកឈ្នះពានរង្វាន់ Champions League។ ក្រុមរបស់លោក Hansi Flick ទទួលបាន៩១ ពិន្ទុ នាំមុខReal Madrid ដែលឈរនៅលេខរៀងទីពីរ ១៤ពិន្ទុខណៈដែលនៅសល់ការប្រកួតបីលើកទៀត។ លោកបន្តថា នៅពេលដែលខ្ញុំមកដល់ទីក្រុង មនុស្សគ្រប់គ្នាបានស្វាគមន៍ខ្ញុំ។ ខ្ញុំពិតជាកោតសរសើរចំពោះអ្វីដែលយើងបានចាក់គ្រឹះនៅទីនេះ។ខ្ញុំតែងតែគិតវិជ្ជមាន។ នៅពេលដែលអ្នកបង្វឹកក្រុមធំមួយ អ្នកត្រូវតែឈ្នះពានរង្វាន់។ ខ្ញុំតែងតែស្រមៃចង់បានវា ហើយតស៊ូដើម្បីវា៕
