ក្រុម Leicester City បានចាញ់បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ប្រាំមួយពិន្ទុរបស់ពួកគេពីបទបំពានច្បាប់ហិរញ្ញវត្ថុរបស់លីគបាល់ទាត់អង់គ្លេស ដែលធ្វើឲ្យក្រុមរបស់គេប្រឈមមុខនឹងការធ្លាក់ទៅលីគទី៣។ ការដាក់ទណ្ឌកម្មនេះត្រូវបានធ្វើឡើងកាលពីខែកុម្ភៈ ដោយគណៈកម្មការឯករាជ្យមួយ ធ្វើឱ្យក្រុមឆ្កែចចក ធ្លាក់ពីលេខ ១៧មកលេខ២០។ ពួកគេបានធ្លាក់ចូលទៅក្នុងតំបន់កាត់ចោល នៃលីគ Championship ដោយមានគម្លាតត្រឹមតែមួយពិន្ទុពីតំបន់សុវត្ថិភាព ខណៈនៅសល់ការប្រកួតប្រាំលើកទៀត។ ដំបូងឡើយ ពួកគេត្រូវបានចោទប្រកាន់ដោយ Premier League កាលពីខែឧសភាចំពោះការបំពានច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព (PSR) ទាក់ទងនឹងរដូវកាល ២០២៣-២៤ នៅពេលដែលពួកគេស្ថិតនៅក្នុងលីគ Championship។

Premier League បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ការដាក់ទណ្ឌកម្មនេះ ត្រូវបានគាំទ្រដោយក្រុមប្រឹក្សាឧទ្ធរណ៍ឯករាជ្យ។ ក្រុម Leicester កាលពីថ្ងៃចន្ទបានខកខានឱកាសក្នុងការចាកចេញពីតំបន់កាត់ចោល បន្ទាប់ពីលទ្ធផលស្មើ១-១ ជាមួយក្រុម Sheffield Wednesday ដែលឈរនៅលំដាប់ចុងក្រោយ។ ក្រុម Leicester បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ដោយសារបញ្ហានេះ បានបញ្ចប់ហើយ និងនៅសល់ប្រាំប្រកួតទៀតនៃរដូវកាលនេះ អ្នករាល់គ្នានៅក្នុងក្លឹបកំពុងផ្តោតអារម្មណ៍យ៉ាងពេញលេញលើការប្រកួតនៅចំពោះមុខយើង និងបង្កើតលទ្ធផលរបស់យើងនៅលើទីលាន៕
ប្រភព៖ BBC