Eze នឹងខកខានជួយអង់គ្លេស ក្នុងការប្រកួតមិត្តភាពជាមួយ អ៊ុយរូហ្គាយ និង ជប៉ុន ដោយសាររបួសកំភួនជើង
24-March-2026

កីទ្បាករ Eberechi Eze របស់ក្លិប Arsenal នឹងខកខានជួយក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិអ៊ុយរូហ្គាយ និង ជប៉ុន ដោយសាររបួសកំភួនជើង។ នេះបើយោងតាមការបញ្ជាក់ពីអ្នកចាត់ការក្រុមកាំភ្លើងធំ លោក Mikel Arteta កាលពីថ្ងៃអាទិត្យ។

មែនទែនទៅ កាលពីថ្ងៃសុក្រ Eze ត្រូវបានគ្រូបង្វឹក លោក Thomas Tuchel បញ្ចូលឈ្មោះចូលក្នុងបញ្ចីកីទ្បាករ ៣៥ នាក់ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ថ្ងៃទី២៧ និងក្រុមជម្រើសជាតិជប៉ុន ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅឯកីទ្បដ្ឋាន Wembley ដែលជាផ្នែកមួយនៃការត្រៀមលក្ខណៈរបស់ក្រុមជម្រើសជាតិ សម្រាប់ព្រឹត្តិការណ៍ World Cup។

យ៉ាងណា ការខកខាន របស់កីទ្បាករវ័យ ២៧ ឆ្នាំរូបនេះជាមួយនឹងក្រុមតោកំណាច ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស រាយការណ៍ថាខ្សែបម្រើស្លាប Harvey Barnes របស់ក្លិប Newcastle United ប្រហែលជាជំនួស Eze ក្នុងបញ្ចីឈ្មោះកីទ្បាករ ៣៥ នាក់របស់ក្រុមជម្រើសជាតិវិញ៕

ប្រភព៖ CNA