Salah ក្លាយជាកីឡាករអាហ្វ្រិកដំបូងគេស៊ុតបាន ៥០ គ្រាប់នៅ UCL
19-March-2026

Mohamed Salah បានដើរតួនាទីយ៉ាងសំខាន់ជួយឱ្យហង្សក្រហម Liverpool ឡើងដល់វគ្គ ៨ ក្រុមចុងពានរង្វាន់ UEFA Champions League ដោយស៊ុតបញ្ចូលទីគ្រាប់ទី ៤ របស់ក្លិបនៅនាទីទី ៦២ ទល់នឹង Galatasaray។ គ្រាប់បាល់នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ខ្សែប្រយុទ្ធអេហ្ស៊ីបដែលធ្វើឱ្យគេក្លាយជាកីឡាករអាហ្វ្រិកដំបូងគេដែលរកបាន ៥០ គ្រាប់នៅក្នុង UEFA Champions League។ ក្នុងការប្រកួត Salah បានខកខានបាល់ពិន័យប៉េណាល់ទី ដោយអ្នកចាំទីរបស់ Galatasaray បានសង្គ្រោះបាល់របស់គេ ប៉ុន្តែគេបានធ្វើបានល្អឡើងវិញជាមួយនឹងការស៊ុតបញ្ចូលទីដ៏មុតស្រួច។

គ្រាប់​បាល់​ចំនួន ៥០ របស់​គេ​ឥឡូវ​នេះ​នាំមុខ Didier Drogba ​ឈរ​នៅ​លេខ​ពីរ​។ កីឡាករ​កូតឌីវ័រ​រូប​នេះ​រក​បាន ៤៤ គ្រាប់​ក្នុង​ការ​ប្រកួត UEFA Champions League ៩២ លើក។ លេខ​បី​គឺ​ខ្សែ​ប្រយុទ្ធ​កាមេរូន Samuel Eto’o ដែល​រក​បាន ៣០ គ្រាប់​ក្នុង​ការ​ប្រកួត ៧៨ លើក។ លេខ​បួន​បាន​ទៅ​អតីត​មិត្ត​រួម​ក្រុម​របស់ Salah គឺ Sadio Mané ដែល​ជា​ខ្សែ​បម្រើ​ស្លាប​សេណេហ្គាល់​រក​បាន ២៧ គ្រាប់​ក្នុង​ការ​ប្រកួត ៦៤ លើក។ ខ្សែ​ប្រយុទ្ធ​ហ្គាបុង Pierre-Emerick Aubameyang បាន​បញ្ចប់​ក្នុង​ចំណោម​កីឡាករ​កំពូល​ទាំង​ប្រាំដោយ​រក​បាន ២០ គ្រាប់​ក្នុង​ការ​ប្រកួត ៤៦ លើក។ រដូវកាលនេះ Salah បានបង្ហាញខ្លួនក្នុងការប្រកួតចំនួន៣៤លើកនៅទូទាំងការប្រកួតទាំងអស់សម្រាប់ Liverpool ដោយស៊ុតបញ្ចូលទីបាន ១០គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៨ ដង៕