Ronaldo ទិញភាគហ៊ុនក្លិបបាល់ទាត់អេស្ប៉ាញ
27-February-2026

ក្រុមហ៊ុនប្រឹក្សាយោបល់តំណាងឱ្យតារាបាល់ទាត់ព័រទុយហ្គាល់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា Cristiano Ronaldo បានទិញភាគហ៊ុនក្លិបបាល់ទាត់អេស្ប៉ាញ Almeria ដែលជាក្លិបនៅក្នុងលីគលំដាប់ទីពីរ។ ក្រុមហ៊ុន Brunswick Group បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Ronaldo បានទិញភាគហ៊ុនក្លិប Almeriaដែលមានម្ចាស់ជនជាតិអារ៉ាប៊ីសាអូឌីត ចំនួន ២៥ ភាគរយតែមិនមានបញ្ជាក់ចំនួនទឹកប្រាក់នោះទេ។ Ronaldo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាជាមហិច្ឆតាយូរអង្វែងរបស់ខ្ញុំក្នុងការចូលរួមចំណែកដល់បាល់ទាត់ ក្រៅពីទីលានប្រកួត។ Almería គឺជាក្លឹបអេស្ប៉ាញដែលមានគ្រឹះរឹងមាំ និងសក្តានុពលច្បាស់លាស់សម្រាប់ការរីកចម្រើន។

យោងតាម ​​Brunswick Group ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាលរូបនេះបានទិញភាគហ៊ុននៅក្នុង Almeria តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ CR7 Sports Investments របស់គេ។  Almeria បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្ចាស់ក្លឹបអារ៉ាប៊ីសាអូឌីតអស់រយៈពេលជាងប្រាំមួយឆ្នាំមកហើយ។ Mohamed Al-Khereiji បានក្លាយជាម្ចាស់ និងជាប្រធានក្លឹបថ្មីនៅរដូវក្តៅឆ្នាំ២០២៥ នៅពេលដែលគាត់បានទិញវាពី Turki Al Alsheikh៕

ប្រភព៖ AP