Pep Guardiola ចង់ឱ្យ Guehi មានសិទ្ធិចូលប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ League Cup
05-February-2026

លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City ចង់ឱ្យខ្សែការពារ Marc Guehi ដែលទើបតែទិញមកពីក្លិប Crystal Palace មានសិទ្ធិចូលលេងក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup ទល់នឹងក្រុម Arsenal។ លោក Pep Guardiola បាននិយាយថា៖ ក្លិបនឹងស្នើសុំឱ្យអ្នករៀបចំការប្រកួតពិចារណាឡើងវិញនូវច្បាប់ស្តីពីសិទ្ធិទទួលបានការប្រកួត។ City បានកក់កៅអីនៅពហុកីឡដ្ឋាន Wembley ជាមួយនឹងជ័យជម្នះ ៣-១ លើក្រុម Newcastle United ក្នុងជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃពុធ ដោយបញ្ចប់ជ័យជម្នះទាំងសរុបទាំងពីរជើង ៥-១។

តាមច្បាប់​ Guehi មិន​មាន​សិទ្ធិ​ចូល​រួម​វគ្គ​ផ្តាច់ព្រ័ត្រ​ទេ ព្រោះ​មុន​នេះ​គេបានចូលលេងជាមួយក្លិប Crystal ហើយ​បាន​ចូល​រួម​ជាមួយ City បន្ទាប់​ពី​ជើង​ទី​មួយ​នៃ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។ច្បាប់នេះនឹងរារាំងកីឡាករវ័យ ២៥ ឆ្នាំរូបនេះពីការបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រផងដែរ ពីព្រោះគេមិនត្រូវបានចុះឈ្មោះមុនជើងនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ជុំវិញនឹងបញ្ហានេះ Guardiola បាន​ប្រាប់​អ្នក​យក​ព័ត៌មានថា៖ ហេតុអ្វី​បាន​ជា​គេ (Guehi) មិន​អាចចូលកលេងឲ្យយើង​បាន ។ យើង​បើក​ប្រាក់​ខែ​ឲ្យ​គេ។ គេ​ជា​កីឡាករ​របស់​យើង។ លោកបន្តថា៖ អ្នកទិញកីឡាករម្នាក់ក្នុងតម្លៃថ្លៃ តែគេមិនអាចលេងបានទេ ព្រោះច្បាប់នេះ។ ខ្ញុំមិនយល់ទេ។ សង្ឃឹមថាពួកគេអាចផ្លាស់ប្តូរវាបាន។ «ខ្ញុំបានប្រាប់ក្លិបថា យើងត្រូវតែសួរចំពោះច្បាប់នេះ។ ខ្ញុំសង្ឃឹមថាយើងអាចបញ្ចុះបញ្ចូល EFL Cup ថា Marc អាចលេងវគ្គផ្តាច់ព្រ័ត្របាន។ វគ្គផ្តាច់ព្រ័ត្រ League Cup រវាង City និង Arsenal ត្រូវបានគ្រោងធ្វើនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ៕